ភ្នំពេញៈ ពលករ​ខ្មែរ​ដែល​​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ភាគច្រើន​ទំនងជា​នឹង​បានសម្រេច​ចិត្ត​មិន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​របស់​ពួកគេ ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​ជួបជុំ​គ្រួសារ​ដូច​ឆ្នាំមុនៗ ដោយហេតុ​បញ្ហា​រីករាលដាល​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​រហូតមក​ដល់​ពេល​នេះ​សកមុ្មភាព​អ្នក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

លោក សឿម ប៊ុនរិទ្ធី អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ថៃ​ចូលក្នុង​ប្រទេស​មិន​ដូច​ឆ្នាំមុន​ទេ គឺ​ពលករ​ចន្លោះ​ប្រមាណ​ពី​ ២០ ​នាក់​ទៅ​ ៩០ ​នាក់​ប៉ុណ្ណោះ ​ក្នុង​ ១ ​ថ្ងៃ​ ឬ​អាច​មាន​ថ្ងៃ​ខ្លះ​តិចជាង​នេះ​។

លោក ប៊ុនរិទ្ធី ថ្លែងថា​៖ «​ក្នុង​អំឡុងពេល​ដូចគ្នា​នេះ​កាលពី​ឆ្នាំមុន គឺ​មួយថ្ងៃ​មាន​ពលករ​ខ្មែរ​យើង​ជាង ១ ០០០ ​នាក់​ បាន​សម្រុក​មកលេង​ស្រុកកំណើត ប៉ុន្តែ​ឆ្នាំនេះ​គឺមាន​ចំនួន​តិច​មែនទែន​ដែល​វិល​មកលេង​ស្រុក​។ ខុស​ឆ្ងាយ​ពី​ឆ្នាំមុនៗ​ដែល​មាន​ពលករ​ច្រើន​មកលេង​ស្រុក​»​។

លោក សឿម ប៊ុនរិទ្ធី បាន​ឱ្យ​ដឹងថា ឬ​អាចមកពី​កាល​ដើមឆ្នាំ​ក្នុង​ពេល​ដែលមាន​ការផ្ទុះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ប្រទេស​ថៃ ពលករ​ខ្មែរ​បាន​សម្រុក​វិល​មក​ស្រុក​វិញ​អស់​ច្រើន ឯ​កត្តា​ផ្សេងទៀត​អាច​ដោយសារ​ពួកគាត់​មាន​ការយល់ដឹង​ពី​ការការពារ​នៃ​ជំងឺ​នេះ​។

ពួកគាត់​មិន​វិលមក​ស្រុក​ដោយសារ​អាជ្ញាធរ​នឹងដាក់​ពួកគាត់​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ ដូចនេះ​ពួកគាត់​មិន​បាន​ចូលរួម​ប្រារព្ធ​បុណ្យចូលឆ្នាំ​ជាមួយ​គ្រួសារ​ដដែល​។ ​ខណៈ​ពលករ​ដែល​បាន​កំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត​បាត់ដំបង​មាន​ចំនួន ១ ៥៩៦ ​នាក់​។

លោកស្រី រស់ សុផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ដែរ​ថា ពលករ​ខ្មែរ​នៅមាន​វិលត្រឡប់​មកពី​ប្រទេស​ក្នុងអំឡុង​មុន​ពិធីបុណ្យ​ចូលឆ្នាំ​នា​ឆ្នាំនេះ​ក៏មាន​ចំនួន​ថយចុះ​ដែរ​។

លោកស្រី​ថា​៖ «​យើង​ឃើញថា មាន​ការស្រក​ចុះ​តិចជាង​ពីមុន គឺ​ចន្លោះ​ពី​ ៥០ ​ទៅ​ ១០០ ​នាក់​ទេ ដែល​កាល​មុន​ ១ ​ថ្ងៃ​ពលករ​ខ្មែរ​យើង​ចូលមក​លើស​ ១០០ ​នាក់​»​។

លោកស្រី​ រស់ សុផានី បាន​អះអាង​ថា ការ​ថមថយ​នេះ​គឺ​ដោយសារ​ពលករ​ភាគច្រើន​បាន​ត្រឡប់​មកវិញ​កាលពី​ដើម​ឆ្នាំ ហើយ​មួយទៀត​នៅពេល​ដែល​ពួកគាត់​មក​ គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​សិន​មុន​នឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ជួប​គ្រួសារ​។

លោកស្រី​ រស់ សុផានី ថ្លែង​ថា​ចំនួន​តួលេខ​សរុប​ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ខេត្ត​បន្ទាយមានជ័យ​ចាប់ពី​អំឡុង​ខែកុម្ភៈ​មកដល់​ពេល​នេះ​មាន​ជាង​ ៣ ​ម៉ឺន​នាក់ ហើយ​មិនទាន់​មាន​អ្នកណាម្នាក់​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅវិញ​ទេ​។

លោក​ ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បានឱ្យដឹង​ផងដែរ​ថា ចំនួន​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​គឺ​មាន​ការថយចុះ​ច្រើន​ចាប់ពី​ដើម​ខែ​មេសា​នេះ ដែល​ខុសពី​កាលពី​ក្នុង​ខែមីនា គឺមាន​ពលករ​ខ្មែរ​សម្រុក​ចូលមក​ច្រើន​ចន្លោះ​ពី​ ៣០០ ​ទៅ​ ៥០០ ​នាក់​ ក្នុង​ ១ ​ថ្ងៃ​។

លោក រ៉ាដូ ថ្លែងថា​៖ «​ចាប់ពី​ខែ​មេសា មក បងប្អូន​យើង​ចន្លោះ​ពី​ ៥០ ​ទៅ​ជិត​ ១០០ ​នាក់​ផង​ក្នុង​ ១ ​ថ្ងៃ​ បាន​ចូលមក​ស្រុកកំណើត​តាម​ខេត្ត​ឧត្តរមានជ័យ​នេះ ដែល​មាន​ការខុស​គ្នាច្រើន​ពី​ឆ្នាំមុនៗ​»​។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ក៏​បាន​ឱ្យដឹង​ដែរ​ថា ដោយសារ​តែ​ខេត្ត​ក្នុង​ប្រទេស​ដែល​នៅជាប់​នឹង​ព្រំប្រទល់​ប្រទេស​កម្ពុជា​តម្រូវការ​ពលករ​ធ្វើការ​ច្រើន ដូចនេះ​ពលករ​ខ្មែរ​នៅ​ទីនោះ​មិន​វិល​ត្រឡប់មក​ស្រុកកំណើត​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ទេ​ឆ្នាំនេះ​។

លោកស្រី បាន ស្រីមុំ ថ្លែងថា​៖ «​សម្រាប់​ខេត្ត​ប៉ៃលិន​មិនមាន​ពលករ​ច្រើន​ទេ​វិល​មក​ស្រុកកំណើត​មុនពេល​ចូលឆ្នាំ​ក្នុង​ឆ្នាំ​នេះ ដោយសារ​ពួកគាត់​ខ្លះ​មាន​ការងារ​ធ្វើ​ និង​ខ្លះ​ការពារ​ពី​ជំងឺ​កូវីដ​ ១៩ ទើប​ពួកគាត់​មិន​ចល័ត​ចុះឡើង​»​។

លោកស្រី បាន ស្រីមុំ បញ្ជាក់​ថា ពលករ​ចន្លោះ​ពី​ ១០ ​ទៅ​ ២០ ​នាក់​ប៉ុណ្ណោះ​ដែល​ត្រឡប់​មក​ស្រុកកំណើត ហើយ​មាន​ថ្ងៃ​ខ្លះ​គឺ​មិនមាន​តែម្តង ប៉ុន្តែ​អាជ្ញាធរខេត្ត​ប៉ៃលិន​នៅតែ​បន្ត​ចាំមើល​ក្នុង​ករណី​ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ថា​តើ​ពលករ​នឹង​មក​ច្រើន​ដូច​កាល​ឆ្នាំមុនៗ​ទេ​។

ចំពោះ​ខេត្តព្រះវិហារ​វិញ​ក៏​មិន​ខុសពី​បណ្តា​ខេត្ត​ផ្សេងៗ​នោះដែរ គឺ​ចំនួន​ពលករ​ខ្មែរ​វិល​មកពី​ប្រទេស​ថៃ​ មុន​ចូលឆ្នាំ​ខ្មែរ​នេះ​មាន​ចំនួន​តិចតួច​បំផុត ខុសពី​បណ្តា​ឆ្នាំមុនៗ​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​ គង់ ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។ លោក​ថា ពលករ​បន្ត​មក​ក្នុងស្រុក ប៉ុន្តែ​មិនមាន​ច្រើន​ទេ មួយ​ថ្ងៃ​មានតែ​ ៤ ​ទៅ​ ៥ ​នាក់​ទេ ឬ​គ្មាន​តែម្តង​។

លោក​ គង់ ឡូថា មូលហេតុ​ដែល​ពលករ​ខ្មែរ​មិន​សម្រុក​មក​ច្រើន​ក្នុង​ពេល​បុណ្យចូលឆ្នាំ​នេះ​គឺ​ដោយសារ​តែ​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល​ស្នើ​កុំឱ្យ​ពួកគាត់​វិល​មក​ស្រុកកំណើត​ដើម្បី​ចៀសវាង​ការឆ្លង​ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​ថ្លែងថា បើ​គ្រាន់តែ​ចង់​មកលេង​សប្បាយ​ជួបជុំ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ទេ គួរ​កុំ​ទាន់​មកលេង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ នេះ​។

នៅ​ថ្ងៃ​ម្សិលមិញ ក្រសួងសុខាភិបាល​នៅ​តែ​ប្រកាស​បន្ត​រកឃើញ​​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ចំនួន​ ១១៣ ​នាក់​។ គិត​ត្រឹម​ម៉ោង​ ៧ ​ព្រឹក​ថ្ងៃទី​ ៨ ខែមេសា កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​ ១៩ សរុប​ចំនួន ៣ ០២៨ ​នាក់ ​អ្នកជា​សះស្បើយ​ ១ ៩១៤ ​នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ១ ០៨៥ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២៤ ​នាក់​៕