កោះកុងៈ ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅលើ​ទូក​នេសាទ​មួយ​ក្នុង​ប្រទេស​ ថៃ​ បាន​រត់គេច​ខ្លួន​ត្រឡប់មក​កម្ពុជា​វិញ​ទាំង​ដៃ​ជាប់​ខ្នោះ ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​ប្រទះ​ឃើញ​ និង​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​សួរនាំ​។ នេះ​បើ​តាម​ការប្រាប់​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ពី​ម្សិលមិញ​។

លោក​ ជា សារិន អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពលករ​ខ្មែរ​ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​ថៃ​ទាំង​ដៃ​ជាប់​ខ្នោះ​ខាងលើ​នេះ ឈ្មោះ​ រស់ រឿន អាយុ​ ៣៤ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ព្រៃស្វា ឃុំ​ជ្រៃឃ្មុំ ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង មាន​មុខរបរ​ជា​កម្មករ​បម្រើ​ការងារ​តាម​ទូក​នេសាទ​នៅក្នុង​ប្រទេស​ថៃ​។

លោក​ សារិន បញ្ជាក់ថា​៖ «​គាត់​ [​រស់ រឿន​] ត្រូវ​បាន​កម្លាំង​នគរបាល​យើង​ប្រទះឃើញ​នៅ​ចំណុច​ព្រៃរបោះ​មួយ​ក្បែរ​ច្រក​ចាំ​យាម ខណៈ​គាត់​កំពុង​ដើរ​ឆ្លងកាត់​ព្រំដែន​ពី​ខេត្ត​ត្រាត​ប្រទេស ​ថៃ​ ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​ដៃ​ខាងស្ដាំ​របស់​គាត់​មាន​ជាប់​ខ្នោះ និង​មាន​របួស​ហើម​លឹប​ក្លាយ​ជា​ដំបៅ​ទៀតផង​»​។

បើ​តាម​លោក​ សារិន ក្រោយ​ការឃាត់​ខ្លួន​ពលករ​ខាងលើ​នេះ​ក្រុម​សមត្ថកិច្ច​នគរបាល​កម្ពុជា​បាន​ទាក់ទង​សួរនាំ​ទៅកាន់​ភាគី​ថៃ​។ ប៉ុន្តែ​ភាគី​ថៃ​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មិន​មាន​បទល្មើស​អ្វី​កើតឡើង​នោះទេ​។

លោក​បន្ថែម​ថា​៖ «​ដោយ​ពិនិត្យឃើញ​ខ្នោះដៃ​នោះ​រឹតដៃ​គាត់​រហូត​ដល់​ក្លាយ​ជា​ដំបៅ សមត្ថកិច្ច​យើង​បាន​សម្រេច​ជួយ​ដោះ​ខ្នោះដៃ​នោះ​ចេញ​ដោយ​យក​រណារ​អារ​ដែក​មក​អារ​ និង​បាន​ជួយ​ព្យាបាល​របួស​នោះ​ឲ្យ​គាត់​។ បន្ទាប់មក​យើង​បញ្ជូន​គាត់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ដើម្បី​សួរនាំ​គាត់​បន្ថែម និង​ចាត់​វិធានការ​បន្ត​»​។

ក្រោយពី​ការសួរនាំ​ដោយ​មន្ត្រី​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​លោក​ រស់ រឿន រៀបរាប់​ថា​កាលពី​ចុងខែ​មីនា ឆ្នាំ​ ២០២០ នៅពេល​ទូក​នេសាទ​ដែល​គាត់​បាន​បម្រើការ​ជាមួយ​នោះ​ចូល​ចត ដើម្បី​នាំ​យក​ត្រី បង្គា មឹក និង​ក្ដាម​ទៅ​ឲ្យ​អតិថិជន នៅឯ​កំពង់ផែ​មួយ​ក្នុង​ខេត្ត​ត្រាត​ប្រទេស​ថៃ​ពេល​នោះ​គាត់​ស្នើសុំ​បើក​លុយ​ពី​ថៅកែ​ទូក ដើម្បី​វិលត្រឡប់​ទៅ​លេង​ផ្ទះ​នៅឯ​ខេត្ត​ព្រៃវែង​វិញ​។

ប៉ុន្តែ​ថៅកែ​ទូក​នោះ​មិន​អនុញ្ញាត​ក៏​មាន​ការឈ្លោះ​ប្រកែក​គ្នា ហើយ​ថៅកែ​នោះ​បាន​ប្រើ​អំពើហិង្សា​ឲ្យ​កម្មករ​ផ្សេង​ទៀត​មក​ចាប់វាយ​ដាក់ខ្នោះដៃ​គាត់​ថែមទៀត​។ តែ​គាត់​បាន​រើបម្រះ​រួច ហើយ​រត់គេច​ខ្លួន​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​អ្វី​ទាំងអស់​។ នេះ​បើ​តាម​សម្ដី​របស់​លោក​ ឃឹម សាណេ ស្នងការរង​ខេត្ត​កោះកុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ពី​ម្សិលមិញ​។

លោក​ សាណេ និយាយ​ថា​៖ «​យោងតាម​សេចក្ដី​រាយការណ៍​ពី​ភាគី​ថៃ​ប្រចាំ​ខេត្ត​ត្រាត លោក​ រស់ រឿន មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ក្នុង​ប្រទេស​ថៃ​នោះទេ​។ ចំពោះ​ករណី​ដែល​គាត់​បាន​រៀបរាប់​នេះ សមត្ថកិច្ច​ថៃ​សន្យា​ថា​នឹង​ជួយ​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌​ជូន​គាត់​វិញ​ប្រសិន​បើ​គាត់​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​ដើម្បី​ដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវ​ច្បាប់​នោះ​»​។

លោក​ សាណេ បាន​បន្ថែម​ថា​ដោយសារ​តែ​គាត់​ទើប​ឆ្លងដែន​ពី​ប្រទេស​ថៃ និង​មាន​របួស​ជាប់​ខ្លួន ដូច្នេះ​គាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំយក​ទៅ​កាន់​មជ្ឈមណ្ឌល​សំចត​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ដើម្បី​ឲ្យ​គាត់​ស្នាក់នៅ​ដាច់​ដោយ​ឡែក​រយៈពេល​ ១៤ ​ថ្ងៃ​ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុង​រយៈពេល​ ២ ​សប្ដាហ៍​នេះ គាត់​គ្មាន​រោគសញ្ញា​ណាមួយ​ពាក់ព័ន្ធ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ គាត់​នឹង​ត្រូវ​បានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​នៅឯ​ខេត្តព្រៃវែង​៕