ភ្នំ​ពេញៈ ​ពល​ករ​ខ្មែរ​ចំនួន​ ៦​ នាក់​ ដែល​បាន​វិល​ត្រលប់​មកពី​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី​ ១០​ និង​ទី​ ១១ ​ខែមករា ​បាន​ធ្វើ​តេស្ត​មាន​វិជ្ជមាន​វីរុស​កូ​វីដ​ ១៩​ ដែល​ធ្វើ​ឱ្យ​ពលករ​ដែល​មាន​ជំងឺ​នេះ​សរុប​ទាំង​អស់​ចំនួន ​៣៣​ នាក់​។​

លោក​ស្រី ​យក់​ ​សម្បត្តិ​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិ​បាល​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃទី​ ១២​ ខែមករា​ ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ​សែន​ បាន​បន្ថែម​ការ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥០០​ លាន​រៀល​ និង​ជំនួយ​មួយ​ចំនួន​បន្ថែម​ទៀត​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​រៀប​ចំ​ការ​ ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃ​ទី​ ១៣ ​ខែមករា ​បាន​ឱ្យដឹង​ថា​ ​ស្ត្រី​ខ្មែរ​ចំនួន​ ៦ ​នាក់​ ដែល​ ៤​ នាក់​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ ​និង​ ២​ នាក់​នៅ​ខេត្ត​ព្រៃវែង​ ត្រូវបាន​ធ្វើតេស្ត​មាន​វីរុស​កូ​វីដ​ ១៩ ​បន្ទាប់​ពី​ពួក​គាត់​បាន​ត្រលប់​មកពី​ប្រទេស​ថៃ​វិញ​កាល​ពី​ថ្ងៃទី​ ១០ ​និង​ទី​ ១១​ ខែមករា​។​​

គិត​ត្រឹម​ថ្ងៃទី ​១៣ ​ខែ​មករា ​កម្ពុ​ជា​មាន​អ្នក​មាន​វីរុស​កូ​វីដ​ ១៩ ​ចំនួន​ ៣៩៨​ នាក់ ​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន​ ៣៧៦​ នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២២​ នាក់ ​ដែល​ក្នុង​ចំណោម​នេះ​មាន​អ្នក​ជំងឺ​ចំនួន​ ២១​ នាក់​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។​ ​

ទន្ទឹម​នឹង​នេះ ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ទី​ក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ាឡេ​ស៊ី ​បាន​ជូន​ដំណឹង​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ សិស្ស​និស្សិត​ ​ពលករ​-​ពល​ការិនី​ ​ដែល​កំពុង​ស្នាក់​នៅ ​សិក្សា ​និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃទី​ ១២​ ​ខែ​មករា​ ពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​របស់​រដ្ឋាភិ​បាល​ម៉ាឡេ​ស៊ី​រហូត​ដល់​ថ្ងៃទី​ ​១ ​ខែ​ សីហា ​ឆ្នាំ​ ២០២១​។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​បាន​ឱ្យ​ដឹង​ថា​ ស្រប​ពេល​ជា​មួយ​គ្នានេះ​ដែរ​ រដ្ឋាភិ​បាល​ម៉ាឡេស៊ី​បាន​ប្រកាស​ដាក់​រដ្ឋ​និង​ទីក្រុង​ចំនួន​ ៨ ​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធាន​ការ​នៃ​ការ​រឹ​ត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​ ២​ សប្តាហ៍​ផងដែរ​ គិត​ចាប់ពី​ថ្ងៃទី​ ១៣ ​ខែមករា​ដល់​ថ្ងៃទី​ ២៦​ ខែ​មករា​ ដើម្បី​ទប់ស្កាត់​ស្ថានភាព​នៃ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩​ ដែល​អត្រា​ឆ្លង​កំពុង​ស្ថិត​ក្នុង​កម្រិត​​ខ្ពស់​គួរ​ឱ្យ​ព្រួយ​បារម្ភ​។​​

ការ​រឹត​បន្តឹង​នោះ​មាន​ដូច​ជា​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​អនុញ្ញាត​តែ​សមាជិក​គ្រួសារ​ ២​ នាក់​ប៉ុណ្ណោះ​ អាច​ចេញ​ទៅ​ទិញ​ម្ហូប​ និង​សម្ភារៈ​ អនុញ្ញាត​ឱ្យ​គណៈ​កម្មការ​វិហារ​ឥស្លាម​ចូល​ធ្វើ​ពិធី​បាន​ក្រោម​ ៥​ នាក់​ និង​អនុញ្ញាត​ឱ្យ​ចេញ​ពី​ផ្ទះ​បន្ធូរ​អារម្មណ៍​តែ​ ២ ​នាក់​ក្នុង​គ្រួសារ​ ​និង​ត្រូវ​រក្សា​គម្លាត​..​ជា​ដើម​។​

ស្ថាន​ទូត​បាន​បញ្ជាក់​បន្ថែម​ថា​ ​៖​ ​«​ជន​ណា​ដែល​ល្មើ​ស​នឹង​បទ​បញ្ជា​នេះ​ត្រូវ​ផាក​ពិន័យ​ ២៥០ ​ដុល្លារ​អាមេរិក​»​។​

នៅ​ថ្ងៃ​ទី ១៣​ ខែ​មករា​ ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​ពី​សមិទ្ធិ​ផល​ការងារ​ស្តីពី​កិច្ច​ការពារ​ផល​ប្រ​យោជន៍​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ឆ្នាំ​ ២០២០​ របស់​ស្ថាន​ទូត​មួយ​នេះ​។​

ស្ថាន​ទូត​កម្ពុជា​បាន​ជួយ​សម្រប​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ ​សិស្ស​​ និស្សិត​ ​និង​ពលករ​-​ពល​ការិនី​បាន​ត្រលប់​មក​ប្រទេស​កម្ពុជា​ចំនួន​ ១ ០៧៤​ នាក់​ ​ពិសេស្ស​បាន​សម្រប​សម្រួល​រៀប​ចំ​ជើង​យន្ត​ហោះ​ចំនួន​ ៨​ លើក​ និង​សហការ​បញ្ជូន​អ្នក​ទោស​ និង​អ្នក​ជាប់​ឃុំឃាំង​ដោយ​ការ​ស្នាក់​នៅ​ខុសច្បាប់​ចំនួន​ ១៣២​ នាក់ ​តាម​ជើង​ហោះ​ហើរ​ពិសេស​របស់​រាជរដ្ឋាភិ​បាល​ម៉ាឡេ​ស៊ី​។​​

សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​៖ «​ជា​មួយគ្នា​នេះដែរ​ ​ស្ថាន​ទូត​បាន​ចែក​ជំនួយ​សង្គ្រោះ​ជា​ស្បៀង​អាហារ​របស់​រដ្ឋាភិ​បាល​កម្ពុជា​ដល់​ពល​ករព​ល​ការិនី​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជួប​ប្រទះ​ការ​ខ្វះខាត​ខ្លាំង​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ​១៩ ​នេះ ​សរុប​ចំនួន​ ៣ ៨៩៤ ​គ្រួសារ​ នៅ​ក្នុង​រដ្ឋ​ចំនួន​ ១០ ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​»​។​

នៅ​ថ្ងៃ​ដដែល​​នេះដែរ​ ​ដោយ​មាន​កិច្ច​អន្តរា​គមន៍​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ​ពល​ក​រ ពល​ការិនី​ខ្មែរ​ចំនួន​ ០៣ ​រូប​ បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដោយ​ដោយ​សុវត្ថិភាព​។​

​ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ​១៤ ​នាក់​ ក៏បាន​វិល​ត្រលប់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​មក​ប្រទេស​កម្ពុជា ​ផងដែរ​នៅ​ថ្ងៃ​ទី​ ១៣ ខែមករា​៕​