
ពលករខ្មែរ ៤ នាក់ ក្នុងចំណោម ៧ នាក់ ដែលរងរបួសដោយសារការបាក់ស្រុតស្ពានអាកាសមួយ ដែលកំពុងសាងសង់នៅថៃកាលពីរសៀលថ្ងៃទី ២៣ ខែមករា។ រូបថត Central
ភ្នំពេញៈ ពលករខ្មែរ ៤ នាក់ក្នុងចំណោម ៧ នាក់ ដែលរងរបួសដោយសារការបាក់ស្រុតស្ពានអាកាសមួយដែលកំពុងសាងសង់នៅថៃកាលពីរសៀលថ្ងៃទី ២៣ ខែមករា នៅកំពុងបន្តសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យនៅឡើយ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងកាលពីម្សិលមិញថា បច្ចុប្បន្នពលករខ្មែរចំនួន ៣ នាក់ បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ ៤ នាក់ទៀតកំពុងសម្រាកព្យាបាលនៅឡើយ ក្នុងនោះមានម្នាក់ជាស្ត្រីរងរបួសបាក់ជើងស្តាំម្នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខ និងពលករ ២ នាក់ទៀតចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃទី ២៥ មករា។
ស្ថានទូតកម្ពុជាបញ្ជាក់ថា៖ «ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលកំពុងសម្រាកព្យាបាល និងមិនអាចទាន់ចូលធ្វើការវិញបាននឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងពីម្សិលមិញថា ស្ពានអាកាសដែលបាក់ស្រុតនោះស្ថិតនៅបរិវេណផ្លូវស៊ុរៈណារី ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជ ដោយមានពលករខ្មែររងរបួសធ្ងន់ស្រាលចំនួន ៧ នាក់ក្នុងនោះមានស្រីចំនួន ៣ នាក់។
លោកថ្លែងថា៖ «តាមការប្រាប់របស់អាជ្ញាធរ ពលករខ្មែរទាំងអស់មានធានារ៉ាប់រងសង្គម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមហារ៉ាតនគររាជសីមា ក្នុងនោះមានពលករចំនួន ២ នាក់រងរបួសធ្ងន់នៅត្រង់ជើង។ ជាបឋមពុំមានអ្នកស្លាប់នោះទេ ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធកំពុងស្វែងរុករកក្រែងមានអ្នកជាប់នៅក្នុងគំនរសំណង់បាក់»។
បើតាមលោក កុយ គួង មន្ត្រីស្ថានទូតកម្ពុជាបានទៅចុះសួរសុខទុក្ខ និងបាននាំយកអំណោយមួយចំនួនដូចជាអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ម៉ាស់ អាល់កុល និងថវិកាខ្លះទៅជូនពលករខ្មែររងគ្រោះទាំងនោះផងដែរ។ ស្ថានទូតក៏កំពុងសហការជាមួយអាជ្ញាធរថៃក្នុងការរកដំណោះស្រាយជូនពួកគាត់ ដូចជាសំណងផ្សេងៗទៀត។
យោងតាមកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែមករា ឱ្យដឹងថា សមត្ថកិច្ចបានរកឃើញមូលហេតុនាំឱ្យស្ពានអាកាសនេះស្រុតដោយសារកំហុសបច្ចេកទេសដែលបានចាក់ស៊ីម៉ងត៍ច្រើនហួសកម្រិតធ្វើឱ្យជើងទម្រស្ពានមិនអាចទ្រទម្ងន់បាន។ សមត្ថកិច្ចបានបញ្ជាឱ្យអ្នកសាងសង់រុះរើរន្ទា និងកម្ទេចកម្ទីចេញ ហើយត្រូវទទួលខុសត្រូវព្យាបាលដល់អ្នករងរបួស។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ថ្លែងថាវិស័យសំណង់នៅប្រទេសថៃភាគច្រើន គឺប្រើប្រាស់កម្លាំងពលកម្មបរទេស រួមទាំងពលករខ្មែរដែលធ្វើការងារដោយមិនមានការគ្របដណ្តប់ដោយធានារ៉ាប់រងសង្គម ឬធានារ៉ាប់រងអាយុជីវិតឡើយ។ លោកថ្លែងថា៖ «ភាគច្រើនមិនមានឯកសារស្របច្បាប់ និងប្រឈមនឹងគ្រោះថ្នាក់ការងារ មានហានិភ័យខ្ពស់ និងមិនផ្តល់សម្ភារបុគ្គលគ្រប់គ្រាន់អំទ្បុងពេលបំពេញការងារ»។
បើតាមលោក ឃុន ថារ៉ូ តាមទិន្នន័យដែលអង្គការសង់ត្រាល់អាចសន្មតបានទាំងពលករខ្មែរស្របច្បាប់តាមការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងអ្នកមិនមានឯកសារស្របច្បាប់សរុបមានចំនួនប្រមាណ ២ លាននាក់ដោយក្នុងនោះប្រមាណជា ៣០ ទៅ ៣៥ ភាគរយកំពុងធ្វើការនៅក្នុងវិស័យសំណង់ ផលិតសម្ភារសំណង់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថៃ៕