ភ្នំពេញៈ កម្ពុជា​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី ​រួចហើយ ដើម្បី​នាំយក​ពលករ ពលការិនី​ខ្មែរ​ចំនួន​ ៦ ​នាក់ និង​កុមារ​ ២ ​នាក់​ឱ្យ​បាន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​បាន​បន្ត រស់នៅក្នុង​ប្រទេស​នេះ​ដោយ​ខុសច្បាប់​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​ កុយ គួង​។

លោក​ កុយ គួង ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ដោយមាន​កិច្ចអន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ពលករ-ពលការិនី​ខ្មែរ​ ៦ ​នាក់​ និង​កុមារ​ ២ ​នាក់​ធ្វើ​ដំណើរ​ត្រឡប់មក​មាតុប្រទេស​វិញ​តាម​ជើងយន្តហោះ​លេខ​ SQ158 នៅ​ថ្ងៃទី​ ២៦ ខែឧសភា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ០៥:៣៥ ​នាទី​ល្ងាច​។

លោក​បញ្ជាក់ថា​៖ «​ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន ចំពោះ​អ្នក​ដែល​គ្មាន​លិខិត​ឆ្លងដែន និង ជូនទៅ​ធ្វើតេស្ត​កូវីដ​ ១៩ ព្រមទាំង​ជូន​ដំណើរ​ពួកគាត់​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​។ ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថា ពួកគាត់​ជា​ពលករ​ខុសច្បាប់ ហើយ​ចង់​ត្រឡប់មក​កម្ពុជា​វិញ ទើប​សុំឱ្យ​ស្ថានទូត​ជួយ​អន្តរាគមន៍​»​។

កាលពី​ថ្ងៃទី​ ២១ ខែឧសភា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​អន្តរាគមន៍ ដើម្បី​សម្របសម្រួល​ឱ្យ​ពលករ​ខ្មែរ ចំនួន ៧ ​នាក់​ដែល​បានមក​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ត្រឡប់មក​កម្ពុជា​វិញ ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​។

ជាមួយ​គ្នា​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ គួរ​បញ្ឈប់​ជាបន្ទាន់​ក្នុង​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ដោយ​បង្ហាញ​ក្តីបារម្ភ​ថា អាច​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការចាញ់បោក​ពី​សំណាក់​ជនខិលខូច​។

ស្ថានទូត​បានបញ្ជាក់​ថា​៖ «​សូម​បងប្អូន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​សុខាភិបាល ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គមជាតិ​យើង​»​។

លោក​ ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​កម្ពុជា​ (​សង់ត្រាល់​) ​លើកឡើងថា ចាប់ពី​ឆ្នាំ​ ២០១២ ​មក ប្រទេស​ម៉ាឡេស៊ី​ក៏​ចាប់ផ្តើម​មាន​ពលករ​ខុសច្បាប់​កម្ពុជា​ច្រើន ព្រោះ​ប្រទេស​នេះ​បាន​បញ្ចប់​អនុស្សរណៈ​យោគយល់​ (MoU) ជាមួយ​កម្ពុជា​ក្នុង​ការនាំ​ពលករ​ខ្មែរ​ទៅ​ប្រទេស​នេះ​។ ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​ ២០១៦ ប្រទេស​ទាំង​ ២ ក៏បាន​ចាប់ផ្តើម MoU ជាមួយគ្នា​វិញ​។ ប៉ុន្តែ​លោក​ថា ពលករ​ខ្មែរ​មួយចំនួន​ក៏​នៅ​បន្ត​រស់នៅ​ដោយ​ខុសច្បាប់ តាមរយៈ​ការឆ្លង​ដែន​ដោយ​ខុសច្បាប់ បើទោះជា​ពលករ​មួយ​ចំនួន​ទៀត​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​វិញ​ក៏ដោយ​។

ក្រៅពីនេះ​លោក​សង្កេតឃើញ​ថា ក្នុង​រយៈពេល​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ក៏មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់នៅក្នុង​ប្រទេស​នេះ ទទួល​បាន​សិទ្ធិ​ស្របច្បាប់ ស្របពេល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​ផ្តល់​ភាពអនុគ្រោះ​។ ប៉ុន្តែ​ក៏មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បន្ត​រស់នៅ​ខុសច្បាប់ ដោយសារ​តែ​ពួកគេ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។

លោក​ ឌី ថេហូយ៉ា រំពឹងថា រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​កិច្ចគាំពារ​បន្ថែមទៀត ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់ និង​ស្របច្បាប់​ក្នុងប្រទេស​ម៉ាឡេស៊ី ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​ទទួល​បាន​សិទ្ធិ​ការពារ ដោយ​រួច​ពី​ការដាក់​ទោសទណ្ឌ​នៃ​ច្បាប់​ប្រទេស​ម៉ាឡេស៊ី​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​អត់​មាន​ការងារ​ធ្វើ​ក្នុងអំឡុងពេល​កូវីដ​នេះ ចំពោះ​ស្បៀងអាហារ រដ្ឋាភិបាល​ក៏​គួរតែ​រៀបចំ​ផ្តល់ជូន​ដល់​ពួកគាត់​ផងដែរ​។ អ្នក​ដែលមាន​បំណង​ត្រឡប់មក​ខ្មែរ​វិញ រដ្ឋាភិបាល​គួរតែ​ធានា និង​រៀបចំ​នីតិវិធី​បែបណា ដើម្បី​ឱ្យ​ពួកគាត់​អាច​ត្រឡប់មក​មាតុប្រទេស​វិញ ដោយ​មិន​ទទួល​បាន​ការដាក់ទោស​ទណ្ឌ​របស់​ប្រទេស​ម៉ាឡេស៊ី​»​។

បើតាម​លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​គឺ ខែ​មករា កុម្ភៈ និង ខែមីនា ឆ្នាំ​ ២០២១ ​នេះ ស្ថានទូត​តំណាង​កម្ពុជា​នៅ​បរទេស​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ក្នុងប្រទេស​ចំនួន ៧ ឱ្យ​ត្រឡប់មក​មាតុប្រទេស​វិញ​បាន​ចំនួន​ ១ ២៥៧ ​នាក់​៕