
ពលករខ្មែរវិលមកពីថៃតាមខេត្តបាត់ដំបង។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបងៈ ពលករខ្មែរជាង ៦០០ នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ បន្ទាប់ពីបានបំពេញនូវវិធានសុខភាពបានយ៉ាងត្រឹមត្រូវនៅក្នុងខេត្តចំនួន ៦ នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង និងខេត្តព្រះវិហារ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានចាកចេញពីមណ្ឌលចត្តាឡីស័កមាន ១២០ នាក់ ខណៈអ្នកដែលនៅបន្តធ្វើចត្តាឡីស័កមានជិត ២ ០០០ នាក់ (ស្រីជិត ៩០០ នាក់)។
លោកថ្លែងថា៖ «សុខភាព និងស្ថានភាពនៃការស្នាក់នៅធ្វើចត្តាឡីស័កគឺមានភាពល្អប្រសើរ ហើយរាជរដ្ឋាភិបាលក៏បានផ្តល់បន្ថែមនូវថវិកា សម្ភារស្នាក់នៅ និងគ្រឿងឧបភោគបរិភោគមកដល់ពលករនៅមណ្ឌលចត្តាឡីស័កនេះ»។
បើតាមលោក ឌី រ៉ាដូ ពលករដែលកំពុងធ្វើចត្តាឡីស័កក៏នឹងដល់ពេលបញ្ចប់ជាបន្តបន្ទាប់ដែរ ហើយអ្នកខ្លះនៅចាំលទ្ធផលនៃការធ្វើតេស្តលើកទី២ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ខេត្តឧត្តរមានជ័យនៅឆ្ងាយពីភ្នំពេញដែលត្រូវចំណាយពេល ១ ឬ ២ ថ្ងៃក្នុងការយកសំណាកទៅធ្វើវិភាគ។ លោកបានផ្តាំផ្ញើទៅដល់ពលករដែលត្រឡប់មកពីប្រទេសថៃត្រូវសហការជាមួយនឹងអាជ្ញាធរដោយត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ពេញលេញដើម្បីបញ្ចៀសនូវការចម្លងវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍ ឬក្រុមគ្រួសារនៅផ្ទះ។
អភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ ថ្លែងពីម្សិលមិញដែរថា គិតត្រឹមថ្ងៃទី ១០ ខែមករា ពលករ ១៦ នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានបញ្ជូនពួកគាត់ត្រឡប់ទៅផ្ទះវិញហើយ។ សរុបពលករដែលបានត្រឡប់មកពីថៃចូលក្នុងខេត្តប៉ៃលិនមាន ៣១៩ នាក់ក្នុងមណ្ឌលចត្តាឡីស័កចំនួន ៥ កន្លែង។
លោកស្រីថ្លែងថា៖ «ពលករចំនួន ១៣ នាក់ ត្រូវបានពិនិត្យឃើញមានវិជ្ជមានកូវីដ ១៩ និងបានដាក់ឱ្យគាត់ព្យាបាលដោយក្នុងនោះមានពលករចំនួន ៦ នាក់ បានព្យាបាលជាសះស្បើយ ប៉ុន្តែទោះបីជាគាត់ជាក៏ដោយ ក៏យើងនៅបន្តឱ្យពួកគាត់ធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាពរបស់គាត់បន្ថែម ១៤ ថ្ងៃទៀតដែរ»។
លោកស្រី ស្រីមុំ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅប្រទេសថៃ និងមានបំណងវិលមកក្នុងប្រទេសត្រូវចូលមកតាមច្រកស្របច្បាប់ ដើម្បីឱ្យអាជ្ញាធរបានពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។
លោកស្រីថា៖ «ខ្ញុំបារម្ភខ្លាចពួកគាត់មានគ្រោះថ្នាក់ នៅពេលដែលពួកគាត់ចាញ់បោកការញុះញង់របស់មេខ្យល់ដែលនាំពួកគាត់ចូលតាមច្រកតូចៗខុសច្បាប់ ដែលអាចប្រឈមខ្ពស់នូវគ្រោះថ្នាក់ដោយសារមីននៅតាមបន្ទាត់ព្រំដែន ដោយសារខេត្តប៉ៃលិនជាតំបន់ធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងបារម្ភពីសុខភាពរបស់ពួកគាត់ផងដែរ»។
សម្រាប់ខេត្តបាត់ដំបងវិញ គិតត្រឹមថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២១ មានពលករសរុបចំនួន ២៥១ នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក និងត្រូវបានអនុញ្ញាតឱ្យចាកចេញទៅកាន់លំនៅឋានវិញផងដែរ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានលើកទឹកចិត្តដល់ពលករ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងពលករផ្សេងៗទៀតត្រូវអនុវត្តតាមវិធានអនាម័យ និងការណែនាំរបស់ក្រសួងសុខាភិបាល។ «ក្នុងករណីមានលេចចេញនូវរោគសញ្ញាណាមួយដូចជាក្តៅខ្លួនលើសពី ៣៧,៥ អង្សា ក្អក ឈឺបំពង់ក ហៀរសំបោរ ត្រូវឆាប់រាយការណ៍មកអង្គភាពសុខាភិបាល រួចប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតជាបន្ទាន់ ដើម្បីរួមគ្នាទប់សា្កត់កុំឱ្យមានការឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍»។
ចំណែកក្នុងខេត្តកោះកុងមកដល់ពេលនេះមានពលករ ២ នាក់ប៉ុណ្ណោះបានបញ្ចប់ការធ្វើចត្តាឡីស័ក ហើយពលករដែលកំពុងធ្វើចត្តាឡីស័កមានចំនួន ៩០ នាក់ទៀត។ នេះបើតាមលោក សុខ វុទ្ធី អភិបាលរងខេត្តកោះកុង។
ចំណែកខាងខេត្តព្រះវិហារមានចំនួន ២៩ នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានវិលទៅកាន់លំនៅឋានវិញ ដោយពួកគាត់មានសុខភាពល្អធម្មតា។
ចំណែកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា មានពលករប្រមាណជា ២០០ នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក និងត្រឡប់ទៅផ្ទះពួកគាត់វិញ។
នៅថ្ងៃទី ១០ ខែមករា ក្រសួងសុខាភិបាលបានរកឃើញពលករខ្មែរ ១ នាក់ស្នាក់នៅស្រុកសង្កែ ខេត្តបាត់ដំបងដែលបានមកពីប្រទេសថៃ វិជ្ជមានកូវីដ ១៩។
ស្របពេលនេះដែរ អ្នកជំងឺកូវីដ ១៩ ចំនួន ៣ នាក់ ក្នុងនោះមានពលករខ្មែរ ២ រូបដែលមកពីថៃកាលពីចុងខែធ្នូ ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន ២ ដង ចំណែកអ្នកជំងឺម្នាក់ទៀតអាយុ ៥៦ ឆ្នាំ ស្នាក់នៅភ្នំពេញជាភរិយាអគ្គនាយកពន្ធនាគារ ដែលឆ្លងកូវីដក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងបានធ្វើតេស្តអវិជ្ជមានកូវីដចំនួន ២ ដង ត្រូវបានឱ្យចេញពីមន្ទីរពេទ្យ។ គិតត្រឹមថ្ងៃទី ១១ ខែមករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៩២ នាក់ ក្នុងនោះត្រូវបានព្យាបាលជាសះស្បើយសរុប ៣៧៤ នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១៨ នាក់៕