
មន្ត្រីចុះសួរសុខទុក្ខពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ហើយបានកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ៧ នាក់ ក្រោយពីបានធ្វើតេស្តលើកទី២ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
អ្នកទាំង ៧ នាក់ ដែលមានវិជ្ជមានកូវីដ ១៩ នោះ មាន ៥ នាក់ បានមកដល់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៧ ខែមករា ឯ ២ នាក់ទៀតមកដល់កាលពីថ្ងៃទី ៦ ខែមករា។ ពួកគេត្រូវបានដាក់ឱសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញ។
នៅក្នុងថ្ងៃតែមួយនេះដែរ ពលករចំនួន ៦ នាក់ បានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់គេហដ្ឋានផងដែរ បន្ទាប់ពីពួកគាត់បានធ្វើតេស្តមានលទ្ធផលអវិជ្ជមានកូវីដ ១៩ ចំនួន ២ លើក។
គិតត្រឹមថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៤៤៨ នាក់ ក្នុងនោះព្យាបាល ជាសះស្បើយចំនួន ៣៩២ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៥៦ នាក់ ដោយក្នុងនោះមានពលករខ្មែរមកពីប្រទេសថៃចំនួន ៤៩ នាក់។ ក្រោយពីបានជំនួយវ៉ាក់សាំងពីប្រទេសចិន ពេលនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានស្នើសុំអ្នកបច្ចេកទេសពីក្រុមហ៊ុន Sinopharm Beijing នេះដើម្បីធ្វើការបណ្តុះបណ្តាលពីការទុកដាក់ក៏ដូចជាចាក់វ៉ាក់សាំងកូវីដ ១៩ នេះផងដែរ។ ការលើកឡើងបែបនេះ បន្ទាប់ពីប្រទេសកម្ពុជាបានសម្រេចទទួលយកវ៉ាក់សាំងចំនួន ១ លានដូសពីប្រទេសចិន។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា៖ «ក្រុមការងារនៃក្រសួងសុខាភិបាលបានសំណូមពរទៅដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ នេះគឺធ្វើនៅក្នុងមន្ទីរពេទ្យដើម្បីងាយស្រួលក្នុងការរក្សាសុវត្ថិភាព ឬក៏ទៅតាមទីតាំងណាដែលមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោផងដែរ»។
លោកស្រីបានបន្តថា សម្រាប់ទីតាំងស្តុកវ៉ាក់សាំងកូវីដ ១៩ នេះ ដែលត្រូវប្រើប្រាស់កម្រិតត្រជាក់ពី ២ ទៅ ៨ អង្សាសេ គឺជាប្រព័ន្ធមួយដែលកម្មវិធីជាតិចាក់ថ្នាំបង្ការក្រសួងសុខាភិបាលគឺមានការប្រើប្រាស់ប្រព័ន្ធត្រជាក់នេះស្រាប់ហើយ។ ដូច្នេះបច្ចុប្បន្ននេះ ទីតាំងស្តុកវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលគឺមានគ្រប់គ្រាន់សម្រាប់ទទួលវ៉ាក់សាំងក្នុងរង្វង់ ១ លានដូស។
លោកស្រីបញ្ជាក់ថា ដើម្បីងាយស្រួលក្នុងការរក្សាសុវត្ថិភាព ការចាក់វ៉ាក់សាំងកូវីដ១៩នេះត្រូវធ្វើឡើងដោយមន្ត្រីសុខាភិបាលដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋ ឬតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
ដោយឡែកកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានជួបពិភាក្សាការងារជាមួយនឹងប្រធានអង្គការ JICA ប្រចាំកម្ពុជាលោកស្រី ហារូកូ កាម៉ី នៅទីស្ដីការក្រសួងសុខាភិបាលដោយក្នុងនោះខាងមន្ត្រីអង្គការ JICA រូបនេះបានធ្វើការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានអនុវត្ដបានយ៉ាងល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសធ្វើឱ្យអ្នកដំណើរពីក្រៅប្រទេសចូលប្រទេសខ្លួនយ៉ាងមានភាពកក់ក្ដៅ។
លោកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានក្រោយជួបពិភាក្សាការងារនេះថា លោកស្រី ហារូកូ កាម៉ី បានលើកឡើងថា ប្រទេសកម្ពុជាបានដាក់ចេញនូវវិធានការការពារប្រទេសបានយ៉ាងល្អដោយសារលោកស្រីក៏បានធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ ពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
លោកស្រីបានថ្លែងថា៖ «ខាងប្រធានអង្គការ JICA ប្រចាំកម្ពុជានេះក៏បានគាំទ្រទៅដល់ដំណើរការក៏ដូចជាប្រតិបត្តិការទប់ស្កាត់នូវការចម្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសយើងផងដែរ»។
លោកស្រីថា ជាងនេះទៅទៀតភាគី JICA ក៏បានបង្ហាញពីសមានចិត្តក្នុងការជួយវិស័យសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ នេះ គឺចង់លើកឡើងពីការផ្តល់នូវហិរញ្ញប្បទានតាមបែបជាប្រាក់កម្ចីដែលតាមការពិភាក្សាគ្នា ប្រាក់កម្ចីនេះអាចមានចំនួនចន្លោះពី ២៥០ ទៅ ៣០០ លានដុល្លារអាមេរិក ប៉ុន្តែការសម្រេចខ្ចី ឬមិនខ្ចីនេះ អាស្រ័យលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯក្រសួងសុខាភិបាលមិនអាចសម្រេចលើបញ្ហានេះបានទេ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រាក់កម្ចីនេះនឹងសិក្សាទៅលើផ្នែកពង្រឹងហើយ និងធ្វើបច្ចុប្បន្នភាពនៃផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ដមន្ទីរពេទ្យខេត្តដែលអាចនឹងជ្រើសរើសមន្ទីរពេទ្យក្នុងខេត្តមួយចំនួនទៅតាមការពិភាក្សាគ្នាដើម្បីឱ្យមន្ទីរពេទ្យទាំងនោះបង្កើននូវសមត្ថភាពរបស់ខ្លួនក៏ដូចជាបំពាក់នូវសម្ភារបរិក្ខារឱ្យមានទំនើបកម្ម និងការពង្រឹងក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យទាំងនោះឱ្យមានសមត្ថភាពដូចទៅនឹងមន្ទីរពេទ្យកម្រិតថ្នាក់ជាតិ។
មួយវិញទៀត រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានស្នើសុំជាជំនួយឥតសំណងទៅដល់អង្គការ JICA ក្នុងការពិចារណាជួយទៅដល់មន្ទីរពិសោធន៍ក្នុងបរិបទកូវីដ ១៩ នេះ ដល់មន្ទីរពេទ្យខេត្ដស្វាយរៀង និងមន្ទីរពេទ្យខេត្ដកំពង់ចាម និងបន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សជាពិសេសក្រុមគ្រូពេទ្យនូវចំណេះជំនាញផ្ដល់សេវាប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជា។ លោកស្រី កាម៉ី នឹងយកសំណើរបស់រដ្ឋមន្រី្តក្រសួងសុខាភិបាលកម្ពុជាទៅពិចារណាដើម្បីធ្វើការសម្រេចនាពេលក្រោយ៕