ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា ពលករ​ទូក​នេសាទ​ជិត​ ១៥០ ​នាក់ ដែល​ជាប់គាំង​នៅ​ម៉ាឡេស៊ី​លែង​ចង់​ត្រឡប់មក​កម្ពុជា​វិញ​ហើយ ខណៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នេះ​កំពុង​រៀបចំ​នីតិវិធី​ឲ្យ​ពួកគេ​អាច​បន្ត​រស់នៅ​ស្របច្បាប់​។ រីឯ​អ្នក​ជាប់ទោស​ជាង​ ៧០ ​នាក់​ទៀត​កំពុង​រៀបចំ​ឯកសារ​ត្រឡប់​មក​វិញ​។

កាលពី​ចុងខែ​មេសា រដ្ឋាភិបាល​អះអាង​ពី​ការចរចា​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​នាំយក​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ជាប់ទោស​ចំនួន​ ៧៣ ​នាក់ និង​កម្មករ​នេសាទ​ចំនួន​ ១៤៩ ​នាក់​ឲ្យ​បាន​មក​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ជាប់គាំង​ក្នុង​ប្រទេស​នេះ​អំឡុងពេល​មាន​ការហាម​ជើងហោះហើរ​ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ​១៩​។

លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា​៖ «​ពលករ​នេសាទ (១៤៩ ​នាក់​) ​នេះ​ឈប់​ចង់​មក​ (​កម្ពុជា​) វិញ​ហើយ ព្រោះ​ខ្លាច​ទៅវិញ អត់​មាន​ការធ្វើ ហើយ​សុខចិត្ត​នៅ​ទីនោះ ដើម្បី​រកស៊ី​ទទួលទាន ហើយ​សម្រាប់​អ្នកមាន​ទោស​គេ​កំពុង​ធ្វើការងារ​នេះ​»​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ដែរថា ក្រសួង​ការបរទេស​កម្ពុជា​ដែលមាន​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ម៉ាឡេស៊ី​កំពុង​ធ្វើការ​លើ​ករណី​នេះ ហើយ​ថា បើ​មាន​ការវិលត្រឡប់​របស់​ពលរដ្ឋ​ខ្មែរ​នៅពេល​ណា​នឹង​មាន​​ការជូន​ដំណឹង​ជា​សាធារណៈ​។

កាលពី​ម្សិលមិញ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ថា ដើម្បី​សម្រួល​ដល់​ជនបរទេស​ដែល​កំពុង​ជាប់គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​បន្ត​ស្នាក់នៅ​ប្រទេស​គេ​​ដោយ​គ្មាន​ការផាកពិន័យ និង​​មិនត្រូវ​ជាប់​ក្នុង​បញ្ជីខ្មៅ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់​ថា សម្រាប់​ជនបរទេស​ទាំងអស់ រួមទាំង​ពលរដ្ឋ​កម្ពុជា​ផង​ដែល​ទិដ្ឋាការ​ស្នាក់នៅ​អស់​សុពលភាព​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២០ មក​អាច​បន្ត​ស្នាក់នៅ​រហូត​ដល់​បទបញ្ជា​ត្រួតពិនិត្យ​នៃ​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​នេះ​ត្រូវ​បាន​បញ្ចប់ ហើយ​អាច​ចេញពី​ម៉ាឡេស៊ី​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បន្ថែម​ថា សម្រាប់​ជនបរទេស​ដែល​បណ្ណ​ពន្យារ​ការស្នាក់នៅ​អស់​សុពលភាព​ចាប់ពី​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ គឺ​អាចមក​ពន្យារ​ឡើង​វិញ​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ដែល​នៅ​ជិត​បំផុត​យ៉ាងយូរ​រយៈពេល​ ៣០ ​ថ្ងៃ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បន្ត​ថា​៖ «​សម្រាប់​ការទទួលបាន​សេវា​ផ្សេងៗ​ត្រូវ​ធ្វើការ​ណាត់ជួប​តាម​ប្រព័ន្ធ​ WWW.sto.imi.gov.my ដែល​នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​ ៨ ខែ​ឧសភា ឆ្នាំ​ ២០២០ តទៅ​លើកលែង​តែ​ផ្នែក​ទិដ្ឋាការ​បណ្ណ​ពន្យារ​​ការស្នាក់នៅ បណ្ណ​អនុញ្ញាតការងារ និង​ការស្នើ​សិទ្ធិ​ស្នាក់នៅ​អចិន្រៃ្តយ៍​។ ការផ្តល់​សេវាកម្ម​អន្តោប្រវេសន៍​ទាំងអស់​នៅ​តាម​មជ្ឈមណ្ឌល​ផ្តល់​សេវាសាធារណៈ​តំបន់​ប្រជុំជន​នៅ​ទូទាំង​ប្រទេស​នឹង​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​បទបញ្ជា​ត្រួតពិនិត្យ​ការធ្វើដំណើរ​ត្រូវបាន​បញ្ចប់​»​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​តាម​ប្រព័ន្ធ​តេឡេក្រាម​បាន​ទេ​កាលពី​ម្សិលមិញ​។

កាលពី​ចុងខែ​មុន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​សូម​អរគុណ​កូនក្មួយ​ពលករ​ជាង ២០០ ​នាក់​ក្នុង​នោះ​ក៏មាន​កូន​​ក្មួយ​អ្នកទោស​ ៧៣ ​នាក់​ផងដែរ ដែល​ត្រូវ​បាន​ផ្អាក​ការវិល​ត្រឡប់​មក​កម្ពុជា​ពេល​កំពុង​ដាក់​បម្រាម​តឹងរ៉ឹង​ក្នុងការ​ធ្វើដំណើរ​។

លោក ហ៊ុន សែន បន្ត​ថា​ដោយសារ​បម្រាម ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​កូនក្មួយ​ពលករ​ខ្មែរ​ជាង​ ២០០ ​នាក់​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។ ប៉ុន្តែ​ត្រូវ​ទុកពេល​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើ​តេស្ត​សុខភាព ដើម្បី​បញ្ជាក់​ថា គ្មាន​សញ្ញា​វិជ្ជមាន​នៃ​ជំងឺ​កូវីដ​១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ទាំងអស់​គ្នា​ទាំង​អ្នក​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​គឺ​ត្រូវមាន​​ការប្រុងប្រយ័ត្ន​ជានិច្ច កុំ​នាំ​រោគ​ឆ្លង​ពី​ក្រៅ​ចូល​ក្នុង និង​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​ជំងឺ​កូវីដ​១៩ នេះ​គឺ​ងាយ​ឆ្លង​ខ្លាំងណាស់​»៕