ភ្នំពេញៈ ពលករ​មួយចំនួន ក្នុង​ចំណោម​ពលករ​ប្រមាណ​ជិត ៥ លាន​នាក់ ដែល​កំពុង​ធ្វើការ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស ​ថៃ ក្នុង​នោះ​ក៏មាន​កូនៗ​របស់​ពួកគេ​ប្រមាណ ២០ ម៉ឺន​នាក់ និង​ក៏មាន​ពលករ​ខ្មែរ​ប្រមាណ​ជិត ២ លាន​នាក់​ផង​ដែរ​នោះ​នៅ​ពុំទាន់​ត្រូវ​បាន​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នៅ​ឡើយ ហើយ​កូនៗ​របស់​ពួកគេ​វិញ ក៏​កំពុង​ប្រឈម​មិន​បាន​រៀនសូត្រ​ផង​ដែរ។

របាយការណ៍ដែល​ចេញ​កាលពី​ថ្ងៃទី ២៤ ខែមករា របស់​ទីស្នាក់ការ​សម្រប​សម្រួល​ជន​ស្នាក់​នៅ​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​ថៃ (Office of the United Nations Resident Coordinator) ស្ដីពី​ជន​អន្តោ​ប្រវេសន៍​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ ២០១៩ នេះ​បង្ហាញ​ថា បច្ចុប្បន្ន ប្រទេស ​ថៃ​មាន​ជន​អន្តោ​ប្រវេសន៍​ប្រហែល ៤ លាន ៩ សែន​នាក់ ហើយ​ក្នុង​នោះ​ចំនួន ៣ លាន ៩ សែន​នាក់ គឺជា​ពលករ​ស្រប​ច្បាប់ មក​ពី​ប្រទេស​ មីយ៉ាន់ម៉ា វៀតណាម ឡាវ និង​ប្រទេស ​កម្ពុជា។ ជន​អន្តោ​ប្រវេសន៍​ទាំង​នេះ​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ទៅ​ដល់​ប្រទេស​ ថៃ ដូចជា​ការ​បំពេញ​ភាព​ខ្វះខាត​កម្លាំង​ពលកម្ម និង​បាន​ចូលរួម​ចំណែក​ពី​ចន្លោះ​ជាង ៤% ទៅ​ជាង ៦% នៃ​ផលិតផល​ក្នុង​ស្រុក​ដែល​ជួយ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ឲ្យ​រីក​ចម្រើន។

ផ្ទុយទៅវិញ​នៅក្នុង​របាយការណ៍​បញ្ជា​ក់ថា នៅតែមាន​ជនអន្តោប្រវេសន៍​ជាច្រើន​បន្ត​ប្រឈម​នឹង​ទុក្ខ​លំបាក​និង​បន្ត​ក្លាយជា​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​រំលោភ​បំពាន​ថ្វី​ដ្បិត​ស្ថានភាព​សម្រាប់​ជន​អន្តោ​ប្រវេសន៍ ក្នុង​ប្រទេស ​ថៃ មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លះ ចាប់ពី​ឆ្នាំ ២០១៤ ក្ដី។ របាយ​ការណ៍​បាន​កត់​សម្គាល់​ថា ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់​មាន​តែ ៥១% ប៉ុណ្ណោះ ដែល​គេ​ចុះ​ឈ្មោះ​សម្រាប់​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ខណៈ​កូនៗ​របស់​ពួកគេ​ចំនួន ២ សែន​នាក់ បន្ត​គ្មាន​ឱកាស​ចូល​សិក្សា​រៀន​សូត្រ​នៅ​ឡើយ។

ទោះបីយ៉ាងណា របាយការណ៍​នេះ​មិនបាន​បញ្ជាក់ថា តើ​ក្នុងចំណោម​នោះ​មាន​ពលករ​កម្ពុជា​ចំនួន​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ បើ​តាម​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ពលករ​ខ្មែរ​ស្រប​ច្បាប់​មាន​ជាង ១ លាន​នាក់ ខណៈ​លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា តាម​ការ​ប៉ាន់​ប្រមាណ​ចុង​ក្រោយ អាច​មាន​ចំនួន​ពី ១ លាន ៧ សែន​នាក់ ទៅ​ដល់ ២ លាន​នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នេះ ប្រហែល ២០% គឺជា​ពលករ​ខុស​ច្បាប់។

លោក​តុលា​ថ្លែងថា ថ្វី​ដ្បិត​ពលករ​ស្របច្បាប់ មានការ​ធានារ៉ាប់រង​ពី​របប​សន្ដិសុខ​សង្គម សម្រាប់​ថែទាំ​សុខភាព​ក្ដី ប៉ុន្តែ​ពួកគេ​ខ្លះ នៅ​តែ​មាន​ឧបសគ្គ​ទទួល​សេវា​នេះ​ដដែល​ដោយសារ​មាន​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ភាសា​នៅ​ពេល​ត្រូវ​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា​របស់​ថៃ ដែល​បញ្ហា​នេះ​កើត​ឡើង ដោយសារ​រោងចក្រ​មួយ​ចំនួន មិន​បាន​រក​អ្នក​បកប្រែ​ភាសា​សម្រាប់​ពលករ​បរទេស។

បើតាម​លោក តុលា អ្នក​ដែល​ទទួលបាន​ការធានា​រ៉ាប់រង​សុខភាព​គឺ​ភាគ​ច្រើន ជា​ពលករ​បំពេញ​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​ធំៗ ដូចជា​រោងចក្រ​ផលិត​សម្លៀក​បំពាក់ និង​គ្រឿង​អេឡិច​ត្រូនិក​ជាដើម ប៉ុន្តែ​សម្រាប់​ពលករ​វិស័យ​សំណង់ កសិកម្ម និង​នៅ​តាម​ភោជនីយដ្ឋាន ឬ​ហាង​បាយ​តូចតាច​វិញ មិន​ទទួល​បាន​សេវា​នេះ​ទេ។

លោក​ថា៖ «បញ្ហា​មួយទៀត​រឿង​កូន ដោយសារ​ពួកគាត់​ចំណាក​ស្រុក​ជា​គ្រួសារ អ៊ីចឹង​ក្មេង​នៅ​តែ​អត់​ទាន់​បាន​ចូល​សាលា និង​អត់​ទទួល​បាន​សេវា​ផ្សេងៗ​ពី​រដ្ឋ​គេ​ទេ រឿង​ហ្នឹង​ដោះ​អត់​ទាន់​ចេញ​ទេ អាហ្នឹង​ទាមទារ​ឱ្យ​រដ្ឋ​ទាំង​ពីរ​កម្ពុជា-ថៃ ត្រូវ​ជជែក​គ្នា ហើយ​ស្នើ​ឱ្យ​ភាគី​ថៃ ដោះ​រឿង​ហ្នឹង»។

លោក​តុលា បន្ថែមថា ក្រៅពីនេះ ក៏មាន​ពលករ​ខ្លះ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់​ឃុំឃាំង ដោយសារ​តែ​ពួក​គាត់​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ខុស​ច្បាប់ តាម​ការ​ចាញ់​បោក​មេ​ខ្យល់ និង​ខ្លះ​ទៀត ដែល​មិន​ស្រប​ច្បាប់ ត្រូវ​បាន​ថៅកែ​ថៃ​បញ្ឆោត​ឱ្យធ្វើ​ការ​អស់​ជាច្រើន​ខែ និង​ក្រោយ​មក​មិន​បើក​ប្រាក់​ខែ​ឱ្យ ហើយ​ថែម​ទាំង​ហៅ​អាជ្ញាធរ​ថៃ មក​ចាប់​ខ្លួន​ពួកគាត់​ថែម​ទៀត។

លោក​តុលា​ថ្លែង​ទៀតថា លោក​ក៏​កំពុង​ព្រួយបារម្ភ ចំពោះ​ពលករ​ធ្វើការ​នៅ​តាម​ទូក​នេសាទ និង​វិស័យ​សំណង់​ខ្លះ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យប្រើ​ប្រាស់​គ្រឿង​ញៀន​ឱ្យមាន​កម្លាំង​ដើម្បី​បំពេញ​ការងារ ហើយ​មិន​ទទួល​បាន​ប្រាក់​ខែ។

ចំណែក​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ លើកឡើង​ដែរ​ថា ថ្វី​ត្បិត​រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ផ្ដល់​ភាព​ស្រប​ច្បាប់ ១០០ ភាគរយ​ដល់​ពលករ​កម្ពុជា​បាន​ជាង ១ លាន​នាក់​ក្ដី ប៉ុន្តែ​ក្រសួង​នៅ​តែ​ព្រួយ​បារម្ភ​ថា ពលករ​ទាំង​នោះ អាច​ក្លាយជា​ពលករ​ខុស​ច្បាប់​វិញ ប្រសិន​បើ​ពួកគេ រំលោភ​ច្បាប់​ការងារ​របស់​ថៃ។

«យោង​ទៅ​តាម​ច្បាប់​ការងារ​ថៃ ទោះបី​ជា​នៅ​ខែ ៦ ឆ្នាំ ២០១៨ ដែល​រាជ​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​ថៃ ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពួកគាត់​ក៏ដោយ ប៉ុន្តែ​ប្រសិន​ជា​គាត់​ធ្វើការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​មន្ទីរ​ការងារ​ថៃ​ជាមុន​ទេ​គឺ​គាត់​អាច​ក្លាយជា​អ្នក​ខុស​ច្បាប់​វិញ អា​នេះ​គឺជា​ក្ដី​ព្រួយ​បារម្ភ​របស់​យើង»។

លោក​បន្តថា រដ្ឋាភិបាល​ប្រទេស​ទាំង ២ ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្ដល់​ឱ្យ​ពលករ​ខ្មែរ​មាន​សិទ្ធិ​ពេញ​លេញ​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​ថៃ ដូចជា​ការ​ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់ ការងារ​ផ្នែក​សុខភាព និង​ការ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ពេញ​លេញ​ជាដើម។

នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក ណៃ សម្បត្តិ ដែលជា​ពលករ​ខ្មែរ​ម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​កន្សែង​ពោះ​គោ នៅ​ខេត្ត​ឈុនបូរី ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ និង​រូបភាព​ប្រើ​ហិង្សា​ផ្សេងៗ​លើ​ពលករ​ខ្មែរ​ហាក់​ដូចជា​ស្ងប់​ស្ងាត់​ច្រើន ដោយសារ​បច្ចុប្បន្ន ពលករ​ជាច្រើន បាន​ទទួល​ភាព​ស្រប​ច្បាប់​ដើម្បី​បំពេញ​ការងារ។

«ស្ថានភាព​ពលករ​ដែល​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ ថៃ​ ឥឡូវ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់​ខ្ញុំ​ចង់​និយាយ​ថា វា​មាន​លំនឹង​ព្រោះ​ពួកគាត់​ភាគ​ច្រើន​ស្រប​ច្បាប់ ប៉ុន្តែ​គ្រាន់​តែ​ថា តាម​រោងចក្រ​មួយ​ចំនួន អា​រឿង​ប្រាក់​ចំណូល​ពួក​គាត់ វា​អត់​ដូចគ្នា ដោយសារ​សេដ្ឋកិច្ច​ថៃ​វា​អត់​សូវ​ល្អ​ដែរ»៕