The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​វិញ​ស្លាប់​៦​របួស​១៣​នាក់

ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​វិញ​ស្លាប់​៦​របួស​១៣​នាក់

ពលករ​ខ្មែរ​ដែល​ត្រូវ​រដ្ឋា​ភិបាល​យោធា​ថៃ​ចាប់​បញ្ជូន​ទាំង​បង្ខំ​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេសកម្ពុជា​វិញ​នៅ​តាម​ច្រក​ប៉ោយ​ប៉ែត​​​។
ពលករ​ខ្មែរ​ដែល​ត្រូវ​រដ្ឋា​ភិបាល​យោធា​ថៃ​ចាប់​បញ្ជូន​ទាំង​បង្ខំ​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេសកម្ពុជា​វិញ​នៅ​តាម​ច្រក​ប៉ោយ​ប៉ែត​​​។ ម៉ៃ វីរៈ

ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​វិញ​ស្លាប់​៦​របួស​១៣​នាក់

បន្ទាយ​មាន​ជ័យៈ យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ដែល​យោធា​ថៃ​ចាប់​បញ្ជូន​មក​វិញ​ដោយ​បង្ខំ​ចំនួន ៦ នាក់​បាន​ស្លាប់ និង ១៣ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ​រថយន្ត​ដឹក​ពលករ​ខ្មែរ​ពី ប្រទេស​ថៃ មក កម្ពុជា បាន​បែក​កង់​ក្រឡាប់​នៅ​លើ​ទឹក​ដី​ថៃ ស្ថិត​ក្នុង ខេត្ត​ឆាក់ឆឺនសៅ កាល​ពី​យប់​ថ្ងៃ ទី១៤ មិថុនា ស្រប​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ទៅ​ដល់​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​នឹង ប្រទេស​ថៃ ត្រូវ​ស្នើ​សុំ​កិច្ច​សហការ និង​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ខេត្ត​នៃ ប្រទេស​ថៃ ដើម្បី​សុំ​ឲ្យ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

លោ ជិន ពិសិដ្ឋ អនុ​ប្រធាន​ទំនាក់​ទំនង​ព្រំដែន កម្ពុជា-ថៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា ព័ត៌មាន​ដែល​លោក​ទទួល​បាន​បឋម​គឺ​មាន​កម្មករ​ខ្មែរ​ចំនួន ៦ នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​និង ១៣ នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​កាល​ពី​វេលា​យប់​ថ្ងៃ ទី១៤ មិថុនា នៅ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ៣ ក្នុង ស្រុក​ខាវសារ៉ាខាម ខេត្ត​ឆាក់ឈើងសៅ ខាង​ត្បូង​រាជធានី​បាងកក។

លោក​ថា៖ «នេះ​គឺជា​គ្រោះថ្នាក់​ជាយថាហេតុ​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស គាត់​ដឹក​ធ្ងន់​ហើយ​បើក​លឿន​ដូច្នេះ​នៅ​ពេល​បែក​កង់​ក៏​ក្រឡាប់​តែ​ម្តង។ រថយន្ត​នោះ​ពុំ​មែន​ជា​របស់​កងទ័ព​ទេ​គឺជា​រថយន្ត​មេ​ខ្យល់​ដែល​ជួយ​ដឹក​ពលករ»។

លោក គោ ស៊ុំសារឿត អភិបាល ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ថា នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នោះ​គឺ​ស្លាប់​មនុស្ស ៧​នាក់ ម្នាក់​ជា​ជនជាតិ​ថៃ​ជា​អ្នក​បើក​រថយន្ត និង​ពលករ​ខ្មែរ ៦ នាក់​ដែល​ជា​ស្ត្រី​បាន​ស្លាប់ ចំណែក​ឯ​អ្នក​របួស ១៣ នាក់​កំពុង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខ្មែរ​សូវៀត មង្គលបុរី។ លោក​ថា៖ «នៅ​ក្នុង​រថយន្ត​នោះ​មាន​គ្នា ២០​នាក់ ដែល​ពួក​គាត់​ជួល​ជិះ​ផ្ទាល់​ខ្លួន​យើង​កំពុង​ស្វែង​រក​អត្ត​សញ្ញាណ​ស្ត្រី​ពលករ ៦ នាក់​ដែល​បាន​ស្លាប់​នោះ​ដើម្បី​បញ្ជូន​សព​ទៅ​ខេត្ត​របស់​គេ​ដើម្បី​ធ្វើ​បុណ្យ»។

លោក​បាន​ថ្លែង​ថា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី១៥ ខែ​មិថុនា នេះ​ចំនួន​ពលករ​ខ្មែរ​ដែល​របប​យោធា​ថៃ​ចាប់​បញ្ជូន​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​មក​កម្ពុជា​វិញ​មាន​ចំនួន​កើន​ឡើង​រហូត​ដល់ ១២ ម៉ឺន​នាក់​ហើយ។ លោក​ថា៖ «យើង​កំពុង​តែ​សស្រោក​សស្រាំ​ជួយ​ពួក​គាត់​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ស្រុក​របស់​ពួក​គាត់​វិញ»។

ទន្ទឹម​នឹង​នោះ​ដែរ គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ដែល​ទាហាន​ថៃ​ដឹក​បញ្ជូន​តាម​ច្រក​តំបន់ ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ជិត ៣០​នាក់ ត្រូវ​បាន​តម្រួត​ថៃ ចាប់​ឲ្យ​កាប់​ឆ្ការ​ព្រៃ​នៅ​ក្បែរ​កន្លែង​ប៉ុស្ថិ៍​ត្រួត​ពិនិត្យ​របស់​គេ​ដោយ​សារ​តែ​ពួក​គេ​គ្មាន​ប្រាក់​បង់​ឲ្យ​តម្រួត ថៃ ពីព្រោះ​តម្រួត​ថៃ​តម្រូវ​ឲ្យ​បង់​ប្រាក់​ក្នុង​ម្នាក់ៗ ៣០០ បាត​ពួក​គាត់​ត្រូវ​ឲ្យ​ចូល​ទឹក​ដី កម្ពុជា ក្រោយ​ពី​កាប់​ឆ្ការ​ព្រៃ​រួច​រាល់។

ចំណែក​ឯ​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត ចុះ​ថ្ងៃ ទី១៤ ខែ​មិថុនា ជម្រាប​ទៅ​កាន់​លោក​អភិបាល​រាជធានី​-ខេត្ត លើ​ករណី​ពលករ​ខ្មែរ ដែល​ភាគី​ថៃ​បាន​ចាប់ និង​ដឹក​ជញ្ជូន​តាម​រថយន្ត​ឲ្យ​វិល​ត្រឡប់​មក ប្រទេស​កម្ពុជា​វិញ។ ក្នុង​នោះ អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ ប្រទេស​ថៃ ត្រូវ​ស្នើ​សុំ​កិច្ច​សហការ និង​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ខេត្ត នៃ ប្រទេស​ថៃ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ថៃ ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ ឲ្យ​វិល​ត្រឡប់​មក ប្រទេស​កម្ពុជា វិញ ដោយ​គិត​គូរ​ពី​សុវត្ថិភាព លក្ខណៈ​មនុស្សធម៌ និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជា​ពលរដ្ឋ។

នៅ​ក្នុង​លិខិត​នោះ​បាន​លើក​ឡើង​ថា៖ «ត្រូវ​ទំនាក់​ទំនង និង​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ ប្រទេស​ថៃ ដើម្បី​ជួយ​ឧបត្ថម្ភ​ដោះស្រាយ​ដល់​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ ដែល​មាន​ទីលំនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ពី​ព្រំដែន​ទៅ​កាន់​លំនៅឋាន​របស់​ពួក​គេ។ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំងអស់ ក៏​ត្រូវ​ចាត់​ឲ្យ​មាន​មន្ត្រី​ប្រចាំ​ការ​សម្រាប់​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ ខេត្ត​នៃ ប្រទេស​ថៃ ដើម្បី​ក្តាប់​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ស្ថិតិ និង​ស្ថានភាព​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ ក្នុង​នោះ អាជ្ញាធរ​ខេត្ត​ទាំងអស់ ក៏​ត្រូវ​រាយការណ៍​ប្រចាំ​ថ្ងៃ ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ផង​ដែរ»។

រីឯ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ពី ថ្ងៃ​១៣ ខែ​មិថុនា បាន​ចេញ​លិខិត​ជូន​ដំណឹង​ថា បាន​រៀបចំ​ស្តង់​ព័ត៌មាន​ចល័ត​ចំនួន ៣៨ គ្រឹះស្ថាន​នៅ​តាម​បណ្តា​រាជធានី​ខេត្ត សម្រាប់​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជូន​ដល់​កម្មករ-កម្មការិនី​ខ្មែរ ដែល​ទើប​នឹង​ត្រឡប់​មក​ពី ប្រទេស​ថៃ ដើម​សប្តាហ៍​នេះ ឲ្យ​ទទួល​បាន​ជំនាញ​ពិត​ប្រាកដ។

សេចក្តី​ជូន​ដំណឹង​នោះ​ថា៖ «វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ មាន​រយៈ​ពេល​ចាប់​ពី ១ សប្តាហ៍ ដល់ ៤​ខែ លើ​ជំនាញ​ផ្នែក ឧស្សាហកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម ទេសចរណ៍ និង​កសិកម្ម​ជាដើម។ សម្រាប់​កម្មករ-កម្មការិនី​ដែល​មាន​បំណង​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​នេះ សូម​ទាក់ទង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំង ៣៨ គ្រឹះស្ថាន នៅ​ក្នុង ២៤ រាជធានី-ខេត្ត ដែល​ស្ថិត​នៅ​ក្បែរ​លំនៅឋាន​របស់​កម្មករ-កម្មការិនី​ទាំង​នោះ»។

រយៈ​ពេល ១ សប្តាហ៍​ហើយ ដែល​រដ្ឋាភិបាល​យោធា​ថៃ​ដឹក​នាំ​ដោយ​លោក ប្រាយុធ ចាប់​ផ្តើម​ដឹក​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​ទាំង​ថ្ងៃ​ទាំង​យប់។ ទោះ​មន្ត្រី​រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​មាន​ការ​អត់ឱន ឬ អនុវត្ត​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ក៏​ដោយ ក៏​មិន​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​យោធា​ថៃ ហើយ​ការ​ចាប់​បញ្ជូន​នៅ​តែ​បន្ត។

លោក ស៊ុំ ចាន់គា មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំនួន​ពលករ​ដែល​បញ្ជូន​មក​គឺ​នៅ​តែ​មាន​កំណើន​កើន​ឡើង ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​គិត​គូរ​ឡើង​វិញ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ចំណាក​ស្រុក​នៅ​ប្រទេស​គេ​ច្រើន​ម៉្លេះ។

លោក​ថា៖ «នេះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ឬ​មួយ​ក៏​រដ្ឋាភិបាល​ចង់​ឃើញ​ខ្មែរ​យើង​ត្រូវ​តែ​ធ្វើ​ជា​កម្មករ​បរទេស​អ៊ីចឹង​ឬ​មួយ​យ៉ាង​ណា?»៕

អត្ថបទគួរចាប់អារម្មណ៍