ភ្នំពេញៈ ពលករចំណាកស្រុកជិត ២០០០ នាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ មកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនដើម្បីសាកសួរបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវរកឃើញពួកគេកាលពីថ្ងៃសុក្រ នៅតាមអគារចំនួន១២ ក្នុងស្រុករីរ៉ាចា ខេត្តឈុនប៊ូរី។
យោងតាមកាសែត បាងកក ប៉ុស្តិ៍ បានរាយការណ៍កាលពីម្សិលមិញថា ក្រុមមន្រ្តីចម្រុះពីក្រសួងការងារសាខាខាងកើតនៃនាយកដ្ឋានស៊ើបអង្កេតពិសេសនិងប៉ូលិសមូលដ្ឋានថៃ បានចុះបង្រ្កាបលំនៅឋាននៅស្រុករីរ៉ាចា នៅ Tambon Nong Khamand បានរកឃើញពលករចំណាកស្រុក ២០០០ នាក់មកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ កាសែត បាងកក ប៉ុស្តិ៍ បានឲ្យដឹងទៀតថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងថា ជនចំណាកស្រុកជាច្រើនកំពុងធ្វើការនៅរោងចក្រឈុនប៊ូរី និងតំបន់ជិតខាងដែលក្រុមមន្រ្តីចម្រុះពុំដឹងអំពីឋានៈផ្លូវច្បាប់របស់ពួកគេ។
លោក ពេជ្រ វណ្ណា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានថ្លែងកាលពីម្សិលមិញថាលោកពុំទាន់ទទួលបានព័ត៌មានអំពីការចុះបង្ក្រាបនេះនៅឡើយទេ។ លោកបានបន្ថែមថា៖ «ខ្ញុំមិនដឹងនៅឡើយទេ ព្រោះគ្មានមន្រ្តីណាម្នាក់ រាយការណ៍ករណីនេះប្រាប់ខ្ញុំនៅឡើយ»។
លោក Cherdsak Wisutthikul ប្រធានផ្នែកការពារការងាររបស់ក្រសួងការងារថៃបានប្រាប់ កាសែតបាងកក ប៉ុស្តិ៍ ថា ប្លុកនោះគឺមានអគារ៥ជាន់ចំនួន១២ និងមានជាង៧០០បន្ទប់។
បន្ទាប់ពីការចុះបង្ក្រាប អាជ្ញាធរបានរកឃើញពលករចំណាកស្រុកជាច្រើននាក់ ដែលពុំមានលិខិតអនុញ្ញាតការងារឬឯកសារការងារផ្លូវការ បង្ហាញសមត្ថកិច្ច។ ពួកគេកំពុងជាប់ឃុំរង់ចាំការធានាពីនិយោជករបស់ពួកគេ ថាតើពួកគេមានភ័ស្តុតាងបញ្ជាក់ពីការទទួលបានការងារស្របច្បាប់ ឬយ៉ាងណា?
លោកស្រី សយ កានី លេខាទី២នៃស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពី ម្សិលមិញ។
តាមប្រភពមួយចំនួនថៃគឺជាប្រទេសមួយដែលស្រូបយកពលករកម្ពុជាច្រើនជាងគេគឺមានរហូតដល់ជាង២០ម៉ឺននាក់៕ TK