ភ្នំពេញៈ សិក្ខាកាមនៅមជ្ឈមណ្ឌលមួយកន្លែងកំពុងហ្វឹកហាត់ធ្វើកិច្ចការផ្ទះ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងរបស់គ្រូបង្ហាត់ ដោយអ្នកខ្លះរៀបចំគ្រែនៅក្នុងបន្ទប់គេង ហើយអ្នកខ្លះទៀតហាត់រៀបចំតុអាហារ និងអ្នកផ្សេងទៀតហាត់មើលថែកូនតុក្កតាជ័រ។
មជ្ឈមណ្ឌល នេះដែលបង្កើតឡើងដោយក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុក Philimore Cambodia នៅជាយរាជធានីភ្នំពេញ កំពុងតែបណ្តុះបណ្តាលអ្នកបម្រើតាមផ្ទះ ដែលនឹងត្រូវបញ្ជូនទៅប្រទេស សិង្ហបុរី ក្នុងពេលឆាប់ៗនេះ។
ខណៈដែលការបង្វឹកនេះដូចជាមានលក្ខណៈជ្រុលពេក អ្នកបម្រើស្រីជនជាតិ ឥណ្ឌូនេស៊ី ៩ នាក់ បានធ្លាក់ពីលើអគារខ្ពស់នៅ សិង្ហបុរី ក្នុងឆមាស ទី១ ឆ្នាំមុន ហើយម្ចាស់ផ្ទះជាតិ សិង្ហបុរី ត្រូវគេស្គាល់ថាតឹងរ៉ឹងបំផុត។
ក្រោមគម្រោងសាកល្បងដែលចុះហត្ថលេខាកាលពី ១០ ខែមុនរវាងរដ្ឋាភិបាលកម្ពុជា និងក្រសួងពលកម្មរបស់ សិង្ហបុរី អ្នកបម្រើតាមផ្ទះ ៤០០ នាក់ នឹងចុះកិច្ចសន្យាសម្រាប់ ២ឆ្នាំ ដើម្បីទៅធ្វើការតាមផ្ទះនៅប្រទេស សិង្ហបុរី នៅខែ កុម្ភៈ។ ប្រសិនដំណើរការល្អ ស្រ្តីកម្ពុជារាប់ម៉ឺននាក់អាចនឹងបញ្ជូនទៅទៀត។
ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាចំនួន ៣ កំពុងចូលរួមក្នុងគម្រោងនេះ គឺក្រុមហ៊ុន Philimore ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប និងក្រុមហ៊ុន សុខលាភ មេត្រី។
ទាំងក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប របស់លោក អ៊ឹង សៀងរិទ្ធី ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងក្រុមហ៊ុន Philimore ធ្លាប់មានប្រវតិ្តជាប់ពាក់ព័ន្ធនឹងករណីជាច្រើនដែលកេងប្រវ័ញ្ច អ្នកបម្រើតាមផ្ទះដែលបញ្ជូនទៅប្រទេស ម៉ាឡេស៊ី រាប់ទាំងការរំលោភបំពាន ពលករមិនគ្រប់អាយុ និងអ្នកបម្រើតាមផ្ទះបាត់ខ្លួន។
លោក លី ហុកឡៅ នាយកគ្រប់គ្រងក្រុមហ៊ុន Philimore បានថ្លែងកាលពីម្សិលមិញថា លោកទទួលស្គាល់ថា មានពាក្យបណ្តឹងកន្លងមក ជាពិសេសទាក់ទងនឹងអ្នកបម្រើមិនគ្រប់អាយុ ប៉ុន្តែ ថ្នាក់គ្រប់គ្រងពេលនេះកំពុងតែគ្រប់គ្រង។
លោកបញ្ជាក់ថា៖ «ខ្ញុំប្រាប់បានថា ករណីខ្លះមិនយុតិ្តធម៌ចំពោះយើងទេ ហើយករណីខ្លះមិនពិតទេ។ មានករណីជាច្រើន ឪពុកម្តាយ និងអ្នកជ្រើសរើសខ្លះបានផ្លាស់ប្តូរអាយុលើឯកសារ។ យើងទទួលស្គាល់រឿងនេះថា បានកើតឡើងពិតមែន»។
លោកបន្ថែមថា៖ «កាលពីលើកមុន យើងក៏តឹងរ៉ឹងដែរ ប៉ុន្តែយើងបញ្ជូនអ្នកបម្រើតាមផ្ទះរាប់ម៉ឺននាក់ ដូច្នេះ រដ្ឋបាលយើងបានបាត់បង់ការគ្រប់គ្រង។ ប៉ុន្តែ ពេលនេះ យើងនឹងពុំមានបញ្ហាទៀតទេ បើខ្ញុំល្មើសច្បាប់ ខ្ញុំនឹងប្រឈមចំពោះមុខច្បាប់»។
លោក ហុកឡៅ បញ្ជាក់ថា បើទោះជា សិង្ហបុរី មានច្បាប់តឹងរ៉ឹង ទីភ្នាក់ងារក៏មិនអាចធានាថា និយោជកនឹងគោរពសិទិ្ធមនុស្សនោះទេ។ «ប៉ុន្តែ ប្រសិនបើយើងបានដឹងពីករណីទាំងនេះ យើងត្រូវឲ្យនិយោជកបញ្ជូនអ្នកបម្រើមកផ្ទះវិញ។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកបម្រើធ្វើការនៅទីនោះតទៅទៀតឡើយ»។
លោក អ៊ឹង សៀងរិទ្ធី ពុំអាចទាក់ទងសុំការពន្យល់បានទេ។
ភាពទាក់ទាញដោយសារតែប្រាក់ខែខ្ពស់ ព្រមទាំងការយល់ឃើញថា ប្រទេសអ្នកមាននិងមានប្រសិទ្ធភាពនេះ មានប្រព័ន្ធច្បាប់តឹងរ៉ឹងជាងប្រទេស ម៉ាឡេស៊ី ក្រុមពលករនៅក្រុមហ៊ុន Philimore បានថ្លែងថា ពួកគេពុំមានការភ័យខ្លាចទេ។
អ្នកស្រី គ្រឿន សុទ្ធី អាយុ ២៨ ឆ្នាំ បានថ្លែងថា៖ «ខ្ញុំពិតជាចង់ទៅធ្វើការនៅ សិង្ហបុរី ព្រោះវាជួយខ្ញុំឲ្យរកប្រាក់បានច្រើនដូច្នេះ ខ្ញុំអាចជួយទំនុកបម្រុងគ្រួសារខ្ញុំ។ ខ្ញុំពិតជាចង់សន្សំប្រាក់ដើម្បីខ្ញុំអាចហាត់រៀនដេរប៉ាក់បន្ថែម»។
អ្នកស្រីបន្តទៀតថា៖ «ខ្ញុំមិនព្រួយបារម្ភអំពីការរំលោភបំពានដោយម្ចាស់ផ្ទះជាតិ សិង្ហបុរី ទេ ព្រោះខ្ញុំដឹងថា រដ្ឋាភិបាល សិង្ហបុរី តឹងរ៉ឹងខ្លាំងណាស់លើនិយោជក ហើយគេនឹងការពារយើងដែលជាអ្នកបម្រើតាមផ្ទះ។ ប្រសិនបើគេធ្វើអ្វីអាក្រក់ ខ្ញុំអាចប្តឹងពួកគេបាន»។
លោក ហុកឡៅ បានថ្លែងថា ប្រសិនបើគម្រោងដំណើរការបានល្អ កម្ពុជាអាចក្លាយជាប្រភពចម្បងសម្រាប់តម្រូវការអ្នកបម្រើតាម ផ្ទះរបស់ សិង្ហបុរី។
«យើងព្រួយបារម្ភណាស់អំពីស្តង់ដារ។ នោះជាមូលហេតុដែលយើងកំពុងតែធ្វើគម្រោងសាកល្បង»។
លោកថា៖ «ក្នុងចំណោម ៤០០ ករណីនេះ យើងនឹងឃើញថា តើប៉ុន្មាននាក់អាចធ្វើល្អ ប៉ុន្មានឈឺ និងប៉ុន្មាននាក់នឹកផ្ទះ និងចង់ចាកចេញ។ ប្រសិនទាំង ៤០០ នាក់ មានគុណភាពមិនល្អ កម្ពុជាមិនអាចជាប្រភពផ្គត់ផ្គង់អ្នកបម្រើតាមផ្ទះឡើយ»។
ច្បាប់តឹងរ៉ឹង?
ប៉ុន្តែ លោកស្រី Bridget Tan នាយកប្រតិបតិ្តនៅអង្គការមនុស្សធម៌ដើម្បីសេដ្ឋកិច្ចអ្នកចំណាកស្រុកនៅ សិង្ហបុរី ដែលប្រឆាំងនឹងការជួញដូរមនុស្ស បានថ្លែងថា ប៉ុន្តែ ច្បាប់ សិង្ហបុរី ដែលការពារកម្មករពុំមានទេ។ លោកស្រីបានថ្លែងថា៖ «ខ្ញុំគិតថា កម្ពុជាគួរតែបារម្ភ។ ពលករ កម្ពុជា នឹងប្រើរបស់នៅលើទីផ្សារ»។
លោកស្រីបន្តថា៖ «គេនឹងបង់តាមកម្លាំងទីផ្សារ។ ស្រ្តីនឹងក្លាយដូចជាទំនិញ»។ គេអាចត្រូវបានបញ្ឈប់ដោយគ្មានមូលហេតុ។ នេះជារឿងត្រូវបារម្ភ វាដូចជាទាសករអ៊ីចឹង»។
ភាពប្រុងប្រយ័ត្នលោក ហូ វុទ្ធី អនុរដ្ឋលេខាធិការនៅក្រសួង ការងារ បានថ្លែងថា រដ្ឋាភិបាលកំពុងតែប្រុងប្រយ័ត្នដើម្បីចៀសវាងបញ្ហាដដែលៗដែលបានកើតឡើងនៅ ម៉ាឡេស៊ី។ លោកមានប្រសាសន៍ថា៖ «យើងដឹងថា សិង្ហបុរី មានការគ្រប់គ្រងល្អសម្រាប់អ្នកបម្រើតាមផ្ទះ ប៉ុន្តែ យើងនៅតែបារម្ភដោយសារបញ្ហាកន្លងមក។ វាស្មុគស្មាញដូច្នេះ យើងត្រូវប្រុងប្រយ័ត្ន»។
ក្រសួង ការងារ ពលកម្មរបស់ សិង្ហបុរី ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេម្សិលមិញ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានថ្លែងថា កិច្ចព្រមព្រៀងទ្វេភាគីដែលគូសបញ្ជាក់នូវការការពារច្បាប់ គួរចុះហត្ថលេខារវាងកម្ពុជា និងសិង្ហបុរី។
លោកបញ្ជាក់ថា៖ «ក្តីបារម្ភចំពោះយើងគឺ កម្ពុជានឹងមានកំហុសដូចលើកមុន គឺប្រញាប់បញ្ជូនអ្នកបម្រើទៅ សិង្ហបុរី ដោយពុំមានការពិភាក្សាឬកិច្ចព្រមព្រៀងសមស្របទាក់ទងនឹងការការពារពលករនៅឡើយ»៕ TK