មណ្ឌលគិរី: ប្រជាសហគមន៍រស់នៅឃុំ ប៊ូស្រា ស្រុកពេជ្រាដា បានអះអាងថា ឈ្មួញដែលក៏ជាមន្ត្រីមានអំណាចម្នាក់ផងដែរនោះ កំពុងបើកអាជីវកម្មបូមខ្សាច់ពីអូមួយឈ្មោះអូរពោធិ៍ ស្ថិតក្នុងឃុំប៊ូស្រា ហើយបានដឹកចេញជាច្រើនឡានក្នុងមួយថ្ងៃៗ ដោយគ្មានអាជ្ញាប័ណ្ណ និងការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
លោក ក្រើស ខ្វិន តំណាងសហគមន៍ប៊ូស្រា រស់នៅឃុំប៊ូស្រាបានឲ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆិកាថា អាជីវកម្មបូមខ្សាច់មួយ កំពុងដំណើរការ នៅក្នុងអូរពោធិ៍ ស្ថិតនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយមិនទាន់មានអាជ្ញាប័ណ្ណ ឬទទួលបានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាននៅឡើយ ដោយពួកគេ បាននឹងកំពុងដឹកជញ្ជូនខ្សាច់ជាច្រើនឡានក្នុងមួយថ្ងៃៗ។
លោកបន្តថា អាជីវកម្មនេះ បានដំណើរការចាប់តាំងពីពាក់កណ្ដាលខែតុលា ឆ្នាំ ២០១៨ ដោយប្រើប្រាស់ម៉ាស៊ីនបូមខ្សាច់ធំមួយគ្រឿង ត្រាក់ទ័រមួយគ្រឿង និងរថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនយកទៅលក់ និងចែកចាយនៅទីរួមខេត្តមណ្ឌលគិរី និងតំបន់ជុំវិញនោះ។
លោក ក្រើស ខ្វិន បានបញ្ជាក់ថា៖«គេបូមខ្សាច់ហ្នឹងច្រើនសប្ដាហ៍មកហើយ ប៉ុន្ដែដូចជាគ្មានអាជ្ញាធរណាបានដឹង ហើយចុះមកធ្វើអន្តរាគមន៍ទេ។ ពេលពួកខ្ញុំទៅហាមឃាត់ក៏គេមិនស្ដាប់ដែរ ពេលខ្ញុំសួរទៅ គេថា ក្រុមហ៊ុនគេកំពុងធ្វើលិខិតសុំច្បាប់ ហើយគេបូមឥឡូវនេះ គឺគេបូមសាកល្បងសិនទេ»។
លោក គ្រើង តុលា សកម្មជនការពារបរិស្ថាន និងព្រៃឈើនៅស្រុកពេជ្រាដាបានឲ្យដឹងថា អាជីវកម្មបូមខ្សាច់គ្មានអាជ្ញាប័ណ្ណនេះ ជាកម្មសិទ្ធរបស់លោក ណក់ វែន ជាមន្ត្រីបម្រើការនៅក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយបានចាប់ផ្ដើមបូមខ្សាច់ តាំងពីពាក់កណ្ដាលខែតុលា ឆ្នាំ២០១៨ ប៉ុន្ដែមិនទាន់មានចំណាត់ការពីអាជ្ញាធរទេ។
លោកបន្តថា ការបូមខ្សាច់នៅតំបន់នោះ បានបង្កឲ្យប៉ះពាល់ដល់ដែនជម្រកសត្វព្រៃណាមលៀរ និងប្រជាពលរដ្ឋដែលធ្លាប់បានអាស្រ័យផល ឬបង្កឲ្យខូចផ្លូវជាដើម។
លោកបញ្ជាក់ថា៖«ខ្ញុំក៏បានទៅហាមឃាត់ជាមួយប្រជាសហគមន៍ដែរ ប៉ុន្ដែគេមិនព្រមឈប់ទេ ហើយខ្ញុំក៏បានប្រាប់ទៅវិញដែរថា ប្រសិនបើមិនបញ្ឈប់សកម្មភាពទេ ពួកខ្ញុំនឹងនាំគ្នាទៅធ្វើបាតុកម្មនៅសាលាឃុំ និងសាលាខេត្តបន្តទៀត»។
បើតាមអ្នកភូមិ លោក ណក់ វែន ត្រូវបានគេស្គាល់ថា ជាម្ចាស់អាជីវកម្មបូមខ្សាច់ និងជាមន្ត្រីបម្រើការនៅក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប៉ុន្ដែលោកប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកគ្រាន់តែជាតំណាងអាជីវកម្មនេះប៉ុណ្ណោះ។
លោកម៉ក់ វ៉ែន បានឲ្យដឹងថា អាជីវកម្មបូមខ្សាច់នៅតំបន់នោះ ពិតជាមិនទាន់មានអាជ្ញាប័ណ្ណមែន ប៉ុន្ដែលោកកំពុងរៀបចំលិខិតសុំអាជ្ញាប័ណ្ណ និងសុំច្បាប់អាជ្ញាធរ ព្រោះនាពេលកន្លងមកនេះ លោកគ្រាន់តែបូមសាកល្បងក្នុងរយៈពេលមួយខែសិនថា តើខ្សាច់នៅតំបន់នេះ អាចផ្គត់ផ្គង់ខ្សាច់ឲ្យអតិថិជនបានគ្រប់គ្រាន់ដែរ ឬអត់? ហើយបើមិនអាចផ្គត់ផ្គង់បានទេ លោកនឹងបញ្ឈប់ការបូមនៅតំបន់នោះ។
លោកបញ្ជាក់ថា៖«ខ្ញុំបានជួបជាមួយប្រជាសហគមន៍រួចហើយ យើងនឹងជួបជជែកគ្នានាពេលឆាប់ៗនេះ ហើយបើសិនជា ក្រុនហ៊ុនរកឃើញថា វាមិនអាចផ្គត់ផ្គង់ខ្សាច់គ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ យើងនឹងមិនបន្តបូមនៅតំបន់នេះទៀតទេ។ ក្រុមហ៊ុនទើបតែសាកល្បង ហើយក៏មិនទាន់ដាក់ឈ្មោះក្រុមហ៊ុនដែរ»។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ឌលគិរី បានឲ្យដឹងថា លោកបានទទួលព័ត៌មាននេះរួចហើយ ដោយគ្រោងនឹងចាត់មន្រ្តីជំនាញចុះទៅពិនិត្យជាក់ស្ដែង។ លោកបន្ថថា៖«ខ្ញុំទទួលព័ត៌មានហើយ ប៉ុន្ដែមិនទាន់ច្បាស់ថា មានឈ្មួញលួចបូម ឬគ្រាន់តែប្រជាពលរដ្ឋជីកដឹកតាមរទេះគោទេ។ បើមានឈ្មួញបូមមែន ខ្ញុំនឹងចាត់មន្រ្តីចុះទៅពិនិត្យ»។
លោក យើត សារីន មេឃុំប៊ូស្រា និងលោក មើល សឿន អភិបាលស្រុកពេជ្រាដា មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកទាំងពីរមិនមានអ្នកទទួល៕