សៀមរាប៖​ ចាប់​ពី​ព្រឹក​ថ្ងៃទី ២០ ដល់​ថ្ងៃ​ទី ២៥ ខែ​ឧសភា ពល​ទា​ហាន​ថ្មី​នៃសា​លា​ពលទា​ហាន​ទី ៤ នឹង​ចាប់​ផ្ដើម​ហ្វឹក​ហ្វឺន​​លំហាត់​បាញ់​គ្រាប់​ពិត នៅ​លើ​ទីលាន​អូរ​កូន​តឹង ដែល​ស្ថិត​នៅ​ព្រំ​ប្រទល់​រវាង​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរ​មាន​ជ័យ​។

យោង​តាម​​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​«លំហាត់​បាញ់​គ្រាប់​ពិត ហ្វឹក​ហ្វឺន​កង​ទ័ព​ថ្មី បំពេញ​ក្រប​ខ័ណ្ឌកង​ទ័ព​ជើង​គោក​នៃកង​យោធ​​​ពល​ខេមរ​ភូមិន្ទ​» របស់​រដ្ឋបាល​ខេត្ត​សៀម​រាប ចុះ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០២០ ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​ទី ​១៩ ​ខែ​សីហា​ លោក ទៀ សីហា អភិបាល​ខេត្ត​សៀម​រាប បាន​គូស​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​ហ្វឹក​ហ្វឺន​នេះ នឹង​មាន​​ការ​ចល័ត​ពលទា​ហាន ពីសាលា​ពល​ទាហាន​ទី៤ (តាកុះ) ដោយ​ចេញ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​៧ ឆ្លង​កាត់​ស្រុក​បន្ទាយ​ស្រី និង​ស្រុក​វ៉ារិន ឆ្ពោះ​ទៅ​គោល​ដៅ​ទីលាន​បាញ់​គ្រាប់​ពិត​អូរ​កូន​តឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ត្រពាំ​ងក្រសាំង ឃុំ​ស្រែ​ណូយ​។

ទន្ទឹម​នឹង​នេះ​លោក បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទីលំ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ និង​​ក្បែរ​ទីលាន​បាញ់​គ្រាប់​ពិត «កុំមាន​ការ​ភ្ញាក់​ផ្អើល និង​ចៀស​វាង​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់ ឬ​ចូល​ក្នុង​ភូមិ​សាស្ត្រ​នៃ​ទីលាន​ហ្វឹក​ហ្វឺន​​ដែល​បាន​បញ្ជាក់​ជូន​ខាង​លើ​នេះ»។

ជុំវិញ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ លោក ពៅ ហេង មេបញ្ជាការ​រង​កង​យោធ​ភូមិ​ភាគ ៤ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​​ទី​១៩​ខែ​ឧសភា​ថា នៅ​ក្នុង​លំហាត់​បាញ់​គ្រាប់​ពិត​នេះ តម្រូវ​ឲ្យ​ពល​ទាហាន​ថ្មី យក​ចំណេះ​ដឹង​ផ្នែក​ទ្រឹស្ដី ដែល​ពួក​គេ​បាន​រៀន​សូត្រ កាល​​ពី​កន្លង​ទៅ​នេះ មក​អនុវត្តន៍​នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ពួក​គេ ក្នុង​ការ​ប្រយុទ្ធ ដើម្បី​ការពារ​ដែន​អធិប​តេយ្យ​ភាព នៃ​ប្រទេស​ កម្ពុជា ក៏ដូច​ជា​ការពារ​ពលរដ្ឋ​និង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ផង​ដែរ​។

លោក​ហេង​បញ្ជាក់​ថា៖​«លំហាត់​បាញ់​គ្រាប់​ពិត របស់​ពល​ទាហាន​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​ពីថ្ងៃ​ទី​ ២០ ដល់​​ថ្ងៃ​ទី ២៥​ ខែ ​ឧសភា ឆ្នាំ​ ២០២០​ នេះ មិន​មាន​ការ​ប្រើ​ប្រាស់​កាំភ្លើង​ធំ រថ​ក្រោះ ឬ​រថពាស​ដែក ដូច​ជា​លំហាត់​សម​យុទ្ធ​យោធា​នា​គមាស ឬ ហនុមាន​នោះ​ទេ។ ពួ​ក​គេ​ត្រូវ​ចាប់​ផ្ដើម​រៀន​បាញ់​ទៅ​លើផ្ទាំង​ស៊ីប​ជា​មុន ដោយ​ប្រើកាំភ្លើង​ដៃ ដូច​ជាប្រភេទ​កាំ​ភ្លើង AK»។

ទោះជា​បែប​ណា លោក ហេង មិន​បាន​ប្រាប់​ឲ្យ​ដឹង​ អំពី​ចំនួន​ពល​ទាហាន​ថ្មី ដែល​នឹង​ត្រូវ​មក​បំពេញ​ការ​ហ្វឹក​ហ្វឺន​លំហាត់​​​បាញ់​គ្រាប់​ពិត​នៅ​លើ​ទីលាន​អូរកូន​តឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ព្រំ​ប្រទល់​រវាង​ភូមិ​ត្រពាំង​ក្រសាំង ឃុំស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប និង​ភូមិ​អូរ​ផ្អាវ ឃុំ-ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​ដឹង​អំពី​ចំនួន​ជាក់​លាក់​ទេ ប៉ុន្តែ​ពលទា​ហាន​ថ្មី​ទាំង​អស់​ ក្នុង​សាលា​ពល​ទាហាន​ទី ៤​ នឹង​ត្រូវ​មក​បំពេញ​លំហាត់​បាញ់​គ្រាប់​ពិត នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត ដែល​បាន​កំណត់​នេះ ក្នុង​ករណី​អវត្ត​មាន​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ នឹង​ត្រូវ​ទម្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ដោយ​ស្វ័យ​ប្រវត្តិ​»។

លោក ហេង បាន​អំពាវ​នាវ​ដល់​ពល​ទាហាន​ថ្មី​ទាំង​អស់ ដែល​នឹង​ត្រូវ​មក​បំពេញ​កាតព្វកិច្ច​ ហ្វឹកហ្វឺន​បាញ់​​គ្រាប់​ពិត ​ ត្រូវ​បង្ហាញ​​វត្តមាន​នៅ​លើទីលាន​តាម​កាល​កំណត់ និង ខិតខំ​បញ្ចេញ​សមត្ថ​ភាព​និង ទេព​កោស​ល្យដែល​ខ្លួន​មាន​៕