ឧត្តរមានជ័យៈ ប្រជាពលរដ្ឋ​កម្ពុជា ២​នាក់ តំណាង​ឲ្យ​ប្រជាពល​រដ្ឋ​រងគ្រោះ​ចំនួន​ ៦០០ គ្រួសារ​ បាន​ដាក់​ពាក្យ​បណ្តឹង​រួម​គ្នា​​ទៅ​តុលាការ​ថៃ​ ​នៅ​ទីក្រុង ​បាងកក​ ប្រឆាំង​នឹង​ក្រុមហ៊ុន​ស្ករ​ស​ដ៏​ធំ​មួយ​របស់​ថៃ​​ឈ្មោះ​មីត្រផល (Mitr Phol) ពាក់​ព័ន្ធ​នឹង​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​រាប់​រយ​​គ្រួសារ​​ចេញ​ពី​ដីធ្លី​ នៅ​ក្នុង​ខេត្ត​ ឧត្តរមានជ័យ។

ក្រុមហ៊ុន​ស្ករស ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​៣ ដូចជា​អង្គរ​ស៊ូហ្គឺ ទន្លេ ស៊ូហ្គឺខេន និង ខេន និង​ស៊ូហ្គឺវ៉ាឡេ​ ​ត្រូវ​បានផ្តល់​ឲ្យ​នូវ​ដី​សម្បទាន​ចំនួន​ ៣ កន្លែង​នៅ​ក្នុង​ស្រុក​សំរោង ​ស្រុក ចុងកាល់ ខេត្ត​ ឧត្តរមានជ័យ ក្នុង​ឆ្នាំ​ ២០០៨ ក្នុង​ទំហំ​ប្រមាណ ២ ម៉ឺន​ហិកតា ហើយ​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បណ្តេញ​ប្រជាពល​រដ្ឋ​ចេញ​ពី​ដី​ធ្លី​ទាំង​បង្ខំ​​ និង​បាន​ដុត​​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ចាប់​ផ្តើម​ពី​ឆ្នាំ ២០០៩។

ក្រុមហ៊ុន​នេះ​នៅ​ទី​បំផុត​បាន​សម្រេច​ចិត្ត​បោះបង់​ដី​សម្បទាន​ក្នុង​ឆ្នាំ​ ២០១៥ បន្ទាប់​ពី​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​ទៅ​​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ ​ហើយ​ប្រទេស​ ថៃ​ ហាម​ប្រាម​ក្រុមហ៊ុន​មីត្រផល ​មិន​ឲ្យ​នាំចូល​ស្ករស​ពី​ប្រទេស​កម្ពុជា ​ក្នុង ឆ្នាំ​ ២០១១។

ដើមបណ្តឹង​ គឺ​ពលរដ្ឋ​កម្ពុជា​ ចំនួន​ ២ នាក់ តំណាង​ឲ្យ​ប្រជាពល​រដ្ឋ​រងគ្រោះ​​ពី​ស្រុក​សំរោង បាន​ដាក់​បណ្តឹង​​ទៅ​តុលាការ​ស៊ីវិល​ក្រុង​ បាងកក កាល​ពី​ថ្ងៃ​ទី​ ២៨ មីនា ​​ដែល​បាន​បញ្ចូល​ប្រជា​ពលរដ្ឋ​រងគ្រោះ​ប្រមាណ ៦០០ គ្រួសារ​ពី​ខេត្ត​នេះ។ ដើម​បណ្តឹង​ទាំង​ ២ ​​ដែល​មេធាវី​និយាយ​ថា ​រក្សា​ភាព​សម្ងាត់​ មិន​បញ្ចេញ​ឈ្មោះ​​ ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​ការ​ពារ​ពួក​គេ​ ​កំពុង​ទាម​ទារ​សំណង​ប្រមាណ​ជាង​ ៤ លាន​បាត (ប្រមាណ​ ១៣១ ០០០​ដុល្លារ)។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នេះ ​សរសេរ​ថា៖ «អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ​ច្បាស់​ណាស់​ឈាន​ដល់​កម្រិត​នៃ​ការ​​ធ្វេស​ប្រហែស​ដែល​កំណត់​ដោយ​ក្រម​​កម្ពុជា និង​ការ​បំពាន​​បទប្បញ្ញត្តិ​​លក្ខន្តិកៈ​ដែល​មាន​បំណង​ដើម្បី​ការ​ពារ​អ្នក​ដទៃ ដោយ​បណ្តាល​ឲ្យ​មាន​ការ​ខូ​ច​ខាត​ ​ដូច​​មាន​ចែង​នៅ​ក្នុង​ច្បាប់​ថៃ​ផង​ដែរ»។

ពាក្យ​បណ្តឹង​នេះ​ចោទ​ប្រកាន់​បន្ថែម​ថា ​ក្រុមហ៊ុន​មីត្រផល ​​បាន​ឃុបឃិត​ជា​មួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​បំពាន​ច្បាប់​កម្ពុជា​មួយ​ចំនួន​​រួម​មាន ​ច្បាប់​ភូមិបាល ​​ច្បាប់​ព្រៃឈើ ​ព្រម​ទាំង​​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​គ្រប់​គ្រង​ប្រទេស​ទាំង ២។

លោកស្រី Sor Rattanamanee Polkla ដែល​ជា​អ្នក​សម្រប​សម្រួល​និង​ជា​មេធាវី​នៅ​មូលនិធិ​មជ្ឈមណ្ឌល​ធនធាន​សហគមន៍​ ​បាន​ថ្លែង​ថា ​ពាក្យ​បណ្តឹង​នេះ​ ត្រូវ​បាន​ដាក់​ដោយ​សារ​ក្រុមហ៊ុន​មីត្រផល​មិន​បាន​បើក​ចំហ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ក្រៅ​តុលាការ​ចំពោះ​ជម្លោះ​ដីធ្លី ដែល​នេះ​ជា​​លក្ខណៈ​ចាំ​បាច់​ដែល​ត្រូវ​ដាក់​ពា​ក្យ​​បណ្តឹង។

លោកស្រី​បន្ថែម​ថា ខណៈ​ដើម​បណ្តឹង​ ២ នាក់​កំពុង​ទាម​ទារ​សំណង​តុលាការ​នឹង​ពិចារណា​​លើ​រូបមន្ត​សំណង​ដែល​នឹង​​ត្រូវ​ផ្តល់​ទៅ​គ្រួសារ​រងគ្រោះ​ដែល​នៅ​សល់​ផ្សេងៗ​ទៀត​ប្រសិន​បើ​​ឈ្នះ​ក្តី។

លោក​ស្រី​​ថ្លែង​ថា៖ «គ្រួសារ​ដទៃៗ​ទៀត​​ត្រូវ​បង្ហាញ​ថា ពួកគេ​ជា​សមាជិក​ក្រុម​នៃ​បណ្តឹង​រួម​នេះ​។ ​បន្ទាប់​មក​​រូប​មន្ត​នឹង​អនុវត្ត​ចំពោះ​អ្នក​ដទៃៗ​ទៀត​ផង​ដែរ»។

លោកស្រី Polkla បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ មីត្រផល ត្រូវ​បាន​ជម្រាប​អំពី​បណ្តឹង​នេះ ដោយ​អង្គការ​របស់​លោក​ស្រី​ពី​មុន​ពេល​ដាក់​ពាក្យ​បណ្តឹង​ ប៉ុន្តែ​​ក្រុម​ហ៊ុន​ស្ករ​ស​នេះ​មិន​អើ​ពើ​។ លោក​ស្រី​​បន្ថែម​ថា ក្រុម​ហ៊ុន​មីត្រ​ផល​​មាន​រយៈ​ពេល​រហូត​ដល់​ថ្ងៃ​ទី​ ១១​ខែ​មិថុនា ដើម្បី​ដាក់​ការ​ឆ្លើយតប​ទៅ​តុលាការ។

ក្រុម​ហ៊ុន​មីត្រផល មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​តាម​អ៊ីម៉ែល ហើយ​តំណាង​​ក្រុម​ហ៊ុន​នេះ​​មិន​អាច​ទាក់ទង​​សុំ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​បាន​ទេ។

ទោះ​យ៉ាង​ណា​ក្តី ក្រុម​ហ៊ុន​នេះ​ពិត​ជា​បាន​ផ្ញើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៅ​សារព័តមាន Reuters ដោយ​ថា​ ខ្លួន​មាន​ «ភាព​ជា​ដៃ​គូ​ស្មោះ​ត្រង់​របស់​ខ្លួន» ជាមួយ​រដ្ឋាភិបាល និង​​ថា «​តំបន់​សម្បទាន​បណ្តោះ​អាសន្ន​ទាំង​អស់​​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ស្រប​ច្បាប់​និង​តម្លាភាព»។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា ខ្លួន​បាន​​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ប្រគល់​ដី​ទៅ​ប្រជាពលរដ្ឋ​វិញ​ ដោយ​លើក​ហេតុ​ផល​ហានិភ័យ​អាជីវកម្ម លក្ខខណ្ឌ​កសិកម្ម​អវិជ្ជមាន និង​ការ​យល់​ដឹង​អវិជ្ជមាន​ពី​សាធារណជន ជា​ហេតុ​ផល​សម្រាប់​ការ​ដក​ចេញ​វិញ។

អង្គការ​អភិវឌ្ឍ​អន្តរជាតិ​ដោយ​មាន​​ការ​រួមបញ្ចូល (IDI) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ហៅ​​ករណី​នេះ​ថា ជា​ករណី​ប្រវត្តិសាស្រ្ត ហើយ​វាជា​បណ្តឹង​រួម​គ្នា​លើក​ទី ១ ដែល​ដាក់​​ទៅ​តុលាការ​ថៃ ដោយ​ដើម​បណ្តឹង​​ពី​ប្រទេស​ដទៃ ចំពោះ​ករណី​រំលោភ​បំពាន​ដែល​ប្រព្រឹត្ត​ដោយ​​ក្រុមហ៊ុន​ ១​​របស់​ថៃ ​នៅ​ក្រៅ​ប្រទេស​ថៃ​។

លោក David Pred នាយក​ប្រតិបត្តិ​នៃ​អង្គការ​ IDI ​ដែល​​បាន​គាំទ្រ​​សហគមន៍​មូលដ្ឋាន​​ក្នុង​ការ​ដាក់​បណ្តឹង​រួម​គ្នា​នេះ​ បាន​ថ្លែង​ថា៖ «វា​ដល់​ពេល​ហើយ​ដែល​​អ្នក​បញ្ជា​ទិញ​ស្ករ​ស​ធំៗ​ ត្រូវ​ដាក់​វោហារស័ព្ទ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​​ឲ្យ​ទៅ​ជា​ការ​អនុវត្ត ហើយ​កាត់​ផ្តាច់​អ្នក​ផ្គត់ផ្គង់​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស»។

លោក អ៊ុន សុភ័ក្រ្ត​ អភិបាល​ស្រុក​សំរោង ​បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​​ដោះ​ស្រាយ​​ជម្លោះ​នេះ​រួច​ហើយ​ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​ភូមិ​បន្ត​តវ៉ា ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជូន​ក្រុម​មួយ​មក​ធ្វើ​ការ​ស៊ើប​អង្កេត។

លោក​បាន​ថ្លែង​ថា៖ «ប៉ុន្តែ​ពួកគេ​ថែម​ទាំង​មិន​អាច​ប្រើ​​ប្រាស់​ ថា​តើ​ដី​របស់​ពួក​គេ​នៅ​កន្លែង​ណា? មេ​ខ្យល់​បាន​ប្រមូល​អ្នក​ភូមិ​មួយ​ចំនួន​មក​ពី​ខេត្ត​សៀមរាប និង​ខេត្ត​ ព្រៃវែង ដើម្បី​អះ​អាង​ជា​ម្ចាស់​កម្មសិទ្ធិ​ដី។ ពួកគេ​ជា​អ្នក​កុហក»។

លោក​បាន​ថ្លែង​បន្ត​ថា ដី​នេះ​ឥឡូវ​​ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​​ជា​ដី​សាធារណៈ​របស់​រដ្ឋ។

ទោះ​យ៉ាង​ណា​ក្តី​ តំណាង​អ្នក​ភូមិ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ភ័យ​ខ្លាច​ការ​សង​សឹក​ពី​អាជ្ញាធរ​ បាន​ថ្លែង​ថា បណ្តឹង​រួម​នេះ​​ត្រូវ​បាន​ដាក់​ បន្ទាប់​ពី​ការ​ខក​ខាន​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​បាន​ច្រាន​ចោល​ការ​អះ​អាង​របស់​លោក សុភ័ក្រ្ត។

តំណាង​រូប​នេះ​បានចោទ​សួរ​ថា៖ «ប្រសិន​បើ​យើង​មិន​មាន​​ដី​ ​តើ​​យើង​អាច​​អះ​អាង​យ៉ាង​ម៉េច​ទៅ? ​ខ្ញុំ​បាន​បាត់​​ដី​ ៥ ហិកតា​ហើយ​ផ្ទះ​របស់​ខ្ញុំ​ត្រូវ​បាន​ដុត​នៅ​ចំពោះ​មុខ​ខ្ញុំ»៕ PS