
ប្រជាពលរដ្ឋនេសាទត្រី ដោយការបង់សំណាញ់នៅស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។ ហេង ជីវ័ន
ភ្នំពេញៈ ពលរដ្ឋកម្ពុជា ៣៥ ភាគរយត្រូវបានរកឃើញថាកំពុងរស់នៅក្នុងភាពក្រីក្រដែលភាគច្រើនរស់នៅតាមទីជនបទ។
នេះបើតាមសន្ទស្សន៍សកលពីភាពក្រីក្រពហុសមាសភាគ (Multidimensional P-overty Index (MPI) ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង OxfordPoverty andHuman Development Initiative (OPHI) កាលពីថ្ងៃទី ២០ ខែកញ្ញាដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានពីម្សិលមិញ។
លោក Nick Beresford នាយកប្រចាំកម្ពុជារបស់អង្គការ UNDP បានលើកឡើងនៅក្នុងសេចក្ដីប្រកាសនេះថា នៅកម្ពុជាបើទោះបីជាកម្រិតនៃភាពក្រីក្រពហុសមាសភាគទាបជាងកម្រិតសកលក្ដី ប៉ុន្តែវាបន្ដធ្លាក់ចុះតាមទីតាំងភូមិសាស្ដ្រដែលធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពប្រឈម។
លោកបានថ្លែងថា៖ «ដូចដែលសន្ទស្សន៍សកលពីភាពក្រីក្រនេះបង្ហាញថា ចំនួន ៤០ ភាគរយនៃពលរដ្ឋរស់នៅតាមទីជនបទកំពុងប្រឈមនឹងភាពក្រីក្រ ខណៈដែលនៅទីក្រុងមានត្រឹម ៧ ភាគរយប៉ុណ្ណោះ»។
បើយោងតាមទិន្នន័យសន្ទស្សន៍ពីភាពក្រីក្រពហុសមាសភាគឆ្នាំ ២០១៤ និង ២០១៥ បានបញ្ជាក់ពីកម្រិតខុសគ្នានៃភាពក្រីក្រដែលនៅរាជធានីភ្នំពេញមានត្រឹមតែ ៧ ភាគរយ ខណៈនៅខេត្ដព្រះវិហារ និងខេត្ដស្ទឹងត្រែងមានរហូតដល់ ៦៤ ភាគរយ។
យ៉ាងណាក្ដីសេចក្ដីប្រកាសនេះបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនបានជួបប្រទះបញ្ហានៃភាពក្រីក្រតែឯងទេ ប៉ុន្តែតាមទិន្នន័យចុងក្រោយក៏បានបង្ហាញដែរថា មានពលរដ្ឋក្រីក្រប្រមាណជា ១,១ ពាន់លាននាក់នៅបណ្ដាប្រទេសនានាដែលរស់នៅតាមទីជនបទក៏មានអត្រានៃភាពក្រីក្រស្មើនឹង ៣០ ភាគរយដែរដែលអត្រានេះមាន ៤ ដងខ្ពស់ជាងអ្នករស់នៅតាមទីក្រុង។
តាមទិន្នន័យសកល កុមារ និងយុវជន (អាយុក្រោម ១៩ ឆ្នាំ) នៅកម្ពុជាស្ថិតក្នុងជីវភាពក្រីក្រ ឬស្មើនឹងជិតពាក់កណ្ដាលនៃពលរដ្ឋក្រីក្រសរុប ៤៥ ភាគរយ។
ទិន្នន័យសន្ទស្សន៍ពីភាពក្រីក្រឆ្នាំ ២០១៨ នេះបានផ្ដោតលើតែពលរដ្ឋក្រីក្រក្នុងកម្រិតធម្មតា ខណៈដែលចំនួនអ្នកក្រីក្រភាគច្រើនស្ថិតក្នុងកម្រិតខ្លាំង។ ក្រុមពលរដ្ឋទាំងនោះមិនអាចមានលទ្ធភាពចាកចេញពីភាពក្រីក្រឡើយ ហើយកំពុងរស់នៅ និងជួបប្រទះការលំបាកកាន់តែខ្លាំងនៅក្រោមបន្ទាត់នាំនៃភាពក្រីក្រ។

អង្គការ UNDP ប្រចាំនៅកម្ពុជាបានធ្វើការរំឭកថាចំនួន ២១ ភាគរយនៃពលរដ្ឋសរុបគឺជាក្រុមដែលជួបប្រទះភាពក្រីក្រ ខណៈ ១២ ភាគរយក្រីក្រខ្លាំង។ ការព្រួយបារម្ភនេះក៏កើតមានផងដែរទៅលើក្រុមពលរដ្ឋដែលប្រឈមនឹងការក្លាយខ្លួនជាអ្នកក្រីក្រខ្លាំងភ្លាមៗ ប្រសិនបើពួកគេជួបប្រទះនូវហានិភ័យមួយចំនួនដូចជា ជំងឺ គ្រោះរាំងស្ងួត ភាពអត់ការងារធ្វើ។ល។
លោក Beresford បានលើកឡើងទៀតថាការលុបបំបាត់ភាពក្រីក្រគ្រប់រូបភាពគឺជាបញ្ហាប្រឈមចម្បងមួយដែលមនុស្សជាតិកំពុងជួបប្រទះ។ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាយុទ្ធសាស្ដ្រដ៏ល្អប្រសើរ ប៉ុន្ដែដើម្បីសម្រេចបាននូវគោលដៅរួមគ្នាដែលធានាថាមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោល យើងត្រូវជំរុញគ្រប់ការប្ដេជ្ញាចិត្ដទាំងអស់នោះឱ្យទៅជាសកម្មភាព។
លោកបានបន្ថែមថា៖ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការប្ដេជ្ញាជាសកលក្នុងការលុបបំបាត់ភាពក្រីក្រឲ្យបានចីរកាល និងគ្រប់ទីកន្លែង។ ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានគេបោះបង់ចោលហើយនាំយើងទាំងអស់គ្នាក្នុងការធ្វើឲ្យភពផែនដីប្រកបដោយនិរន្ដរភាព សុវត្ថិភាព និងការរីកចម្រើនសម្រាប់គ្រប់គ្នា»។
គួរបញ្ជាក់ថាសន្ទស្សន៍សកលពីភាពក្រីក្រពហុសមាសភាគឆ្នាំ ២០១៨ នេះបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅបំផុតជុំវិញប្រជាជន ១៣ ពាន់លាននាក់ដែលកំពុងរស់នៅក្នុងភាពក្រីក្រ។
តាមលទ្ធផលថ្មីនេះបានបង្ហាញថា ប្រទេសដែលមានប្រាក់ចំណូលទាប និងចំណូលមធ្យមចំនួន ១០៤ មានកុមារក្រីក្រចំនួន ៦៦២ លាននាក់ដែលរស់នៅក្នុងភាពក្រីក្រ។ នៅក្នុងប្រទេសចំនួន ៣៥ មានកុមារពាក់កណ្ដាលកំពុងរស់នៅជាមួយនឹងភាពក្រីក្រ។
ទិន្នន័យពីភាពក្រីក្រនេះបានពិនិត្យមើលលើសពីប្រាក់ចំណូលតែមួយមុខដើម្បីសិក្សាឱ្យកាន់តែស៊ីជម្រៅពីការប្រឈមរបស់ប្រជាជនទៅនឹងភាពក្រីក្រតាមរយៈយន្តការផ្សេងៗក្នុងពេលតែមួយ។
ទិន្នន័យដដែលក៏បានបញ្ជាក់ពីរបៀបដែលពលរដ្ឋមួយចំនួនត្រូវបានគេបោះបង់ចោលក្នុងវិស័យសំខាន់ចំនួន ៣ គឺ វិស័យសុខាភិបាល អប់រំ និងស្ដង់ដារនៃការរស់នៅ (សំដៅលើកង្វះទឹកស្អាត អនាម័យ កង្វះអាហារូបត្ថម្ភ និងការអប់រំ កម្រិតមូលដ្ឋាន)។
ការវាស់វែងភាពក្រីក្រតាមវិធីសាស្ដ្រចាស់៖ វិធីនេះជាទូទៅត្រូវបានគណនាលើពលរដ្ឋដែលរកប្រាក់ចំណូលបានតិចជាង ១,៩ ដុល្លារអាមេរិកក្នុង ១ ថ្ងៃដែលការសិក្សារបៀបនេះផ្ដោតលើកម្រិតចំណូលរបស់ពលរដ្ឋតែម្យ៉ាងដោយមិនបានសិក្សាពីការប្រឈមផ្សេងៗទៀតក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេឡើយ៕