សៀមរាបៈ សំឡេងថ្ងូរពីការខ្វះខាតទឹកនៅខេត្តសៀមរាបនៅតែបន្តមានខណៈដែលលោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានឲ្យដឹងថាមានមនុស្សជាង ៣០០០ គ្រួសារក្នុងខេត្តទេសចរណ៍មួយនេះកំពុងប្រឈមមុខនឹងការខ្វះខាតទឹកដោយសារភាពរាំងស្ងួតខ្លាំងថ្វីបើអាជ្ញាធរបានចែកទឹកជាបន្តបន្ទាប់នៅតាមកន្លែងខ្លះមកហើយក្ដី។
លោក គឹម ឆៃហៀង បានថ្លែងថា៖ «យើងបានដឹកទឹកស្អាតទៅឲ្យអ្នកភូមិក្នុងស្រុកបន្ទាយស្រី ស្រុកពួក ស្រុកជីក្រែង ស្រុកស្វាយលើ និងសង្កាត់ទឹកវិល ក្រុងសៀមរាបដើម្បីទទួលទាន និងដាំស្ល។ យើងនឹងបន្តដឹកទឹករហូតដល់រដូវវស្សាចាប់ផ្តើម»។
ទោះបីយ៉ាងណាក៏ដោយអ្វីៗវាមិនបានសមតាមតម្រូវការជាក់ស្ដែងឡើយដោយពលរដ្ឋនៅតែត្អូញត្អែរពីការលំបាកក្នុងពេលដែលពួកគាត់មិនដែលជួបប្រទះបញ្ហាបែបនេះ។
លោក ភី ណឹប អាយុ ៧០ ឆ្នាំ រស់នៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិលដែលមានទីតាំងតែ ៥០០ ម៉ែត្រពីអាងទឹកបារាយណ៍បានថ្លែងថារហូតមកដល់វ័យប៉ុណ្ណេះគាត់មិនដែលឃើញអាងទឹករីងស្ងួតដូចឆ្នាំនេះទេ។ «វាចម្លែកណាស់ដែលអាងទឹកបារាយណ៍រីងដូចនេះ។ ខ្ញុំបានរស់នៅទីនេះស្ទើរពេញមួយជីវិតរបស់ខ្ញុំហើយនេះគឺជាការរីងស្ងួតដែលខ្ញុំមិនដែលឃើញ»។
លោកបានថ្លែងថាអាជ្ញាធរមិនទាន់ដឹកទឹកស្អាតមកភូមិលោកនៅឡើយទេហើយលោកសូមឲ្យមានការជួយពីអាជ្ញាធរ។ «ក្នុងអំឡុងខែនេះអណ្តូងមួយចំនួនក្នុងភូមិរបស់ខ្ញុំមិនមានទឹកទាល់តែសោះ»។
លោកបានបន្តថា៖ «វាពិបាកណាស់សម្រាប់គ្រួសាខ្ញុំ យើងបានចំណាយពេលស្ទើរពេញមួយថ្ងៃដើម្បីរកទឹកពីអណ្តូងយើងរកទឹកបានតែប្រហែលមួយកូនពាងដូច្នេះគ្មានអ្វីក្រៅពីត្រូវសន្សំទឹកសម្រាប់ផឹក និងដាំស្លទេ»។
លោក ណឹប បានបន្តថាពេលគ្មានទឹកគ្រួសារលោកក៏កំពុងបាត់បង់ចំណូលផងដែរដោយសារដើមចេកបន្លែដទៃៗទៀតដូចជា ត្រប់ ត្រសក់ ម្ទេស មិនមានទឹកស្រោចស្រព។
លោកបានថ្លែងម្តងហើយម្តងទៀតថា៖ «ដើមចេក និងបន្លែរបស់ខ្ញុំនឹងងាប់...»។ «យើងមិនអាចរកទឹកបានគ្រប់គ្រាន់មកប្រើតើយើងអាចចែករំលែកទឹកទៅដំណាំរបស់យើងយ៉ាងម៉េចទៅ? ខ្ញុំសង្ឃឹមថានឹងមានភ្លៀងនាពេលឆាប់ៗនេះ»។
លោក ភួង រេត អាយុ ៦៦ ឆ្នាំជាអ្នកភូមិម្នាក់ទៀតនៅភូមិជ្រៃបានថ្លែងថាវាពិបាករស់នៅណាស់នៅពេលសីតុណ្ហភាពខាងក្រៅក្តៅខ្លាំងហើយនៅពេលជាមួយគ្នានេះស្រាប់តែមិនមានទឹកគ្រប់គ្រាន់សម្រាប់ប្រើ។ «ខ្ញុំបានចំណាយពេលយ៉ាងហោចមួយម៉ោងដើម្បីរកទឹកបានមួយពាង»។
លោកបានស្នើទៅអាជ្ញាធរឲ្យស្វែងរកវិធីវិធានការល្អបំផុតដើម្បីការពារកុំឲ្យមានភាពរាំងស្ងួតទៀតនៅឆ្នាំក្រោយ។
អ្នកស្រី ម៉ា ឆីង អាយុ ៥៥ ឆ្នាំជាអ្នកលក់ម្ហូបអាហារនៅក្នុងភូមិប្រាយុទ្ធ ឃុំពួក បានថ្លែងថាដោយសារការខ្វះទឹកស្អាតក្នុងភូមិអ្នកស្រីបានសម្រេចចិត្តទិញទឹកពីផ្សារដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
«ខ្ញុំមិនមានអណ្តូងដូច្នេះខ្ញុំប្រើទឹកស្អាតប៉ុន្តែចាប់តាំងដើមខែមេសា ទឹកស្អាតពេលខ្លះមានពេលខ្លះអត់។ វាពិបាកណាស់សម្រាប់ខ្ញុំដោយសារខ្ញុំមានហាងលក់ម្ហូបអាហារ ខ្ញុំត្រូវការទឹកដើម្បីធ្វើអ្វីៗ និងធ្វើម្ហូបអហារ។ ដូច្នេះពេលទឹកស្អាតអស់គ្មានអ្វីក្រៅពីទិញទឹកចំនួន ៥ ទៅ ៦ ធុងពីផ្សារនោះទេ។
អ្នកស្រីក៏បានស្នើសុំឲ្យអាជ្ញាធរស្វែងរកវិធីដើម្បីការពារមិនឲ្យមានភាពរាំងស្ងួតម្តងទៀតនាពេលអនាគត។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានថ្លែងថាអាជ្ញាធរខេត្តបានសហការជាមួយរដ្ឋាករទឹកដើម្បីផ្តល់ទឹកស្អាតទៅអ្នកភូមិដែលទទួលរងគ្រោះដោយសារភាពរាំងស្ងួតបន្ទាប់ពីអាងទឹកបារាយណ៍បានរីងស្ងួតជាលើកទីមួយក្នុងរយៈពេល ៨ ឆ្នាំ។
លោកថា៖ «ភាពរឹងស្ងួតបណ្តាលមកពីការប្រែប្រួលអាកាសធាតុ»។
លោកបានថ្លែងថាអាជ្ញាធរបានផ្តល់ទឹកជាង ៧ ម៉ឺនលីត្រទៅអ្នកភូមិហើយអាជ្ញាធរនឹងបន្តជួយពួកគេរហូតទាល់តែរដូវភ្លៀងមកដល់។
លោកបន្តថា៖ «យើងបានចាប់ផ្តើមផ្តល់ទឹកស្អាតដល់អ្នកភូមិមួយថ្ងៃបន្ទាប់ពីចូលឆ្នាំខ្មែរពីព្រោះពួកគេរាយការណ៍មកយើងថាពួកគេខ្វះទឹកនៅក្នុងអណ្តូងនៅពេលទឹកនៅអាងបារាយណ៍រីងស្ងួត»។
លោក ប្លាតុង បានថ្លែងបន្តថារដ្ឋាករទឹកខេត្តកាលពីថ្ងៃអង្គារក៏បានរៀបចំទុយោទឹកស្អាតនៅកន្លែងមួយចំនួនក្នុងសង្កាត់ទឹកវិលដើម្បីធ្វើឲ្យប្រាកដថាភូមិទាំងអស់អាចទទួលបានទឹកនៅពេលពួកគេត្រូវការ។
លោកបន្ថែមថាអ្នកភូមិ និងអ្នកនេសាទនៅបឹងទន្លេសាបមិនទទួលរងការប៉ះពាល់ដោយសារភាពរាំងស្ងួតនេះទេ៕ PS