ព្រះសីហនុៈ ពលរដ្ឋនិង​អ្នក​ប្រកប​របរ​ដឹក​ទឹក​លក់​កំ​ពុង​​ព្រួយ​បារម្ភ​ពី​បញ្ហា​​កង្វះ​ទឹក​សាបប្រើ​ប្រាស់​ក្នុង​ខត្ដ​ព្រះសីហនុ​ ខណៈ​បឹង​ទឹក​សាប​ «ព្រែក​ទប់» ដែល​ធ្លាប់​ជា​កន្លែង​ផ្ដល់​ទឹក​ប្រើ​ប្រាស់​ត្រូវ​បាន​អាជ្ញា​ធរ​​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍលុបដី​ ១ ផ្នែក រីឯ ​១ ផ្នែក​ដែលនៅសល់បែរជា​មាន​រស​ជាតិ​ប្រៃ​។

លោក ឃឹម សំណាង ជាពលរដ្ឋ​ម្នាក់ដែល​​ប្រកប​របរ​ដឹក​ទឹកសាបពី​បឹង​ព្រែកទប់មានទីតាំងក្នុងភូមិ ១​ សង្កាត់​លេខ​ ៣ ​ក្រុង​ព្រះសីហនុ​ យក​ទៅ​លក់​ឲ្យ​ពលរដ្ឋនៅ​ទីរួមខេត្ដបាន​ថ្លែងថា លោកមានការ​បារម្ភ​ ខណៈឃើញទឹក​បឹង​ ព្រែក​ទប់​ បែរ​ទៅ​ជា​មាន​រស​ជាតិ​ប្រៃមិន​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​ទៀត​​។

លោក​បាន​បញ្ជាក់​ថា​៖ «ឥឡូវ​គេ​លែង​ចង់​ទិញ​ទឹក​យក​ចេញ​ពីបឹង​ព្រែក​ទប់នេះទៀត​ហើយ ព្រោះ​ឥឡូវ​​វា​មាន​រសជាតិ​ប្រៃ​។សូម្បី​តាម​សណ្ឋាគារ ដែល​គេ​ធ្លាប់ ទិញ​យក​ទៅ​លាង​ចាន ក៏គេលែង​ទិញ​ដែរ គេ​ខ្លាចកើត​ច្រែះ​ខូច​ចាន​គេ​»។

បើ​តាម​លោក សំណាង​ មូលហេតុ​ដែល​ទឹក​ក្នុង​បឹង​ព្រែកទប់​ទៅជាប្រៃ​បែបនេះគឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ដឹក ខ្សាច់ពី​សមុទ្រ​ដែល​មាន​ជាតិ​ប្រៃ​ទៅ​ចាក់​លុប​បឹងនោះ។

លោក​ថា​៖ «​មួយ​រយៈពេល​មុន ទឹក​នៅមានសាប ដល់​ឥឡូវ​គេបូម​ខ្សាច់​លុប​អ៊ីចឹង​ទៅ ទឹក​វា​ទៅជាប្រៃ។ ឥឡូវ​ពេល​ដឹក​ទឹក​ទៅ​ចែក​ចាយ ដល់​ពល​រដ្ឋ​ពួកគាត់​អ្នកទិញក៏ស្រែក​ដែរ​ពីអា​រឿង​ទឹក​ប្រៃ​​ហ្នឹង​»។

លោក ស៊ឹម ដារ៉ាក់ ជា​ពលរដ្ឋ​ម្នាក់ទៀត​រស់​នៅ​សង្កាត់លេខ ​៣ ​ក្រុង​ព្រះសីហនុបាន​ឲ្យ​ដឹង​ថា កាល​ពីមុន​ ពួកគាត់​ខ្វះខាត​ទឹកសាប អាច​ទៅ​យកទឹក​ពីបឹង​ព្រែកទប់​មក​ប្រើ​បាន​ តែ​ឥឡូវ​ទឹក​បឹង​នេះមាន​រសជាតិ​ប្រៃ​ មិន​អាច​ប្រើ​បានដូចមុនទៀត​ទេ។​

លោក​បាន​បន្ដ​ថា​៖ «ចំណែក​ទឹក​​រដ្ឋ​ក៏ឧស្សា​ហ៍ដាច់​ដែរ ជួន​កាល​ប្រើ​ប្រាស់​បាន ​១ ថ្ងៃ ដាច់​ទឹក ២ ថ្ងៃ​ក៏​មាន​​​។ ឥឡូវ​អស់​ពីទឹក​សាប​ក្នុង​បឹង​ព្រែក​ទប់នេះ​ទៅ ខ្ញុំ​មិន​ដឹង​ទៅ​យក​ពី​កន្លែង​ណាទេ។ មាន​ទឹក​សាប​ ១ ​កន្លែង​ទៀត​ នៅ​តំបន់​ក្បាល​ឆាយ ប៉ុន្ដែ​​នៅឆ្ងាយ​ ហើយ​ជា​កន្លែង​របស់​ក្រុម​ហ៊ុនធ្វើអាជីវកម្ម»។

លោក ឱ សារឿន អ្នក​នាំ​ពាក្យ​ខេត្ដ​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា បឹង​ធម្មជាតិ «​បឹង​ព្រែក​ទប់»​ ដែល​ធ្លាប់​ជា​ប្រភព​ទឹក សម្រាប់​ផលិត​ទឹកស្អាត​ឲ្យ​​​ពលរដ្ឋ​ទូទាំង​ក្រុង​ព្រះសី​ហនុ​ប្រើ​ប្រាស់​នោះ នឹង​ត្រូវ​កែ​លម្អ​ទៅជា​តំបន់​ទេស​ចរណ៍​​វិញ ដោយ​បើក​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​អភិ​វឌ្ឍ​ ខណៈ​អ្នក​ប្រើប្រា​ស់ក៏​ដូ​ច​ជា​ សណ្ឋាគា​រកំ​ពុង​រក​វិធី​ដោះ​ស្រា​យ​ចំពោះ​មុខ​ខ្លួន​ឯង។

​លោក​បាន​បញ្ជាក់ថា​៖ ​«យើង​មិន​អាច​ពឹង​ផ្អែក​លើ​បឹង​ព្រែក​ទប់​នេះ​បាន​ទៀត​ទេ ចំពោះ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​ព្រោះ​តម្រូវ​ការ​មាន​ការ​កើន​ឡើង​ជា គំហុក​។ អ៊ីចឹង​ បាន​ជាពេល​ថ្មីៗ​នេះ ទាំង​ជំនាញ​ ទាំង​ថ្នាក់​ជាតិ​ និង​​ថ្នាក់​ខេត្ដ​ បាន​សម្រេច​ថា យើង​ឈប់​ប្រើ​ប្រាស់​ទឹក​បឹង​ព្រែក​ទប់នេះ​ ជាការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​​ក្នុង​ខេត្ដ​ទៀត​ហើយ»។

លោក សារឿន បាន​ឲ្យ​ដឹង​ថា នៅ តំបន់ក្បាលឆាយ ដែលមន្រ្ដី​ជំនាញ​និង​ក្រុម​ហ៊ុន​អាន​កូ​កំពុង​អភិវឌ្ឍ​បាន​ប្ដេជ្ញា​ថានឹងបញ្ចប់​ការ​តបណ្ដាញ​ទឹក និង​ដាក់ឲ្យ​ដំណើរ​ការ​ទឹក​ស្អាត​ជូនពលរដ្ឋ​ប្រើ​ប្រាស់​ឲ្យ​បាន​មុន​ពេលចូលឆ្នាំខ្មែរ​នាពេលខាង​មុខ​នេះ។

លោកបានបន្ត​ថា៖ «យើង​សង្កេត​ឃើញ​ថា សណ្ឋា​គារ​និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ពួក​គាត់​មាន​វិធី​ក្នុង​ការ​រក​ប្រភព​ទឹក​ដោយ​ខ្លួន​ឯង តាមរយៈ​ការ​បុក​អណ្ដូងនិង​ទិញ​ទឹក​មកពីខាង​ក្រៅ ពីព្រោះ​នៅក្នុង​ដំណាក់​កាល​នេះ អាជ្ញា​ធរ​មិន​ទាន់​អាច​ដោះ​ស្រាយ​ជូនពួកគាត់​បាន​ទាន់​ពេល​ទេ​»។

ទាក់ទង​នឹង​ដំណោះស្រាយបញ្ហាការ​ខ្វះ​ខាត​ទឹក​សាបនេះ​ លោក សារឿន ក៏បាន​រំឭក​ដល់​ពលរដ្ឋ​ក្នុង​ខេត្ដ​ព្រះសីហនុ ដែល​ខ្វះខាត​ទឹក​ សូមឲ្យ​ផ្ដល់​ព័ត៌​មាន​ទៅ​អាជ្ញា​ធរ ដើម្បី​អាច​ជួយ​ឲ្យបាន​ទាន់​ពេល​វេលា។ អ្នកស្រី ជាប សុធារី អ្នក​សម្រប​សម្រួល​សមាគម​អាដហុ​កប្រចាំ​ខេត្ដ​​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា បញ្ហា​កង្វះ​ទឹក​សាបប្រើ​ប្រាស់​ក្នុង​ខេត្ដ​ព្រះសីហនុ​គឺ​ពិត​ជាមាន​ច្រើន​មែន ព្រោះ​សម្ទុះ​នៃ​ការ​សាង​សង់​អគារធំៗ​និង​​កំណើន​មនុស្ស​រស់​នៅ​មាន​ការ​កើន​ឡើង។

អ្នក​ស្រី​ថ្លែងថា​៖ «ឥឡូវ​យើង​សង្កេត​ឃើញ​ថា មាន​ពលរ​ដ្ឋនិង​ក្រុម​ហ៊ុន​មួយ​ចំនួន ពួក​គាត់​ចាប់​ផ្ដើម​បុកអណ្ដូង​ដើម្បី​យកទឹក​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯងដើម្បី​ទប់​ស្កាត់​បញ្ហា​នៅ​ដំណាក់​កាល​ខ្វះ​ខាត​ទឹក​នេះ»។

បើ​តាម​អ្នកស្រី សុធារី កន្លង​មក មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ក្នុង​ខេត្ដ​ព្រះសីហនុ បាន​សម្រេច​ឲ្យ​អ្នក​ម៉ៅការ​វាយ​កម្ចេច​សំណង់ចោល​វិញ បន្ទាប់​ពី​ជាង​សំណង់ បាន​យក​ទឹកប្រៃ​លាយ​ស៊ីម៉ងត៍​ដើម្បី​សាង​សង់​អគារ។

អ្នក​ស្រី​ប​ញ្ជាក់ថា​៖ «ខ្វះខាត​ទឹក​នេះ គឺកើត​ឡើង​ជាយូរ​មក​ហើយ ប៉ុន្ដែ​យើង​ក៏បាន​ឃើញ​អាជ្ញាធរ​កំពុង​ធ្វើ​ការងារ​របស់គេ​ដែរ ឃើញ​កំពុង​តទុយោ​ទឹក​តអ៊ីចឹងមែន​ ប៉ុន្ដែ​មិន​ដឹង​អាជ្ញា​ដោះស្រាយរួច​រាល់​ពេល​ណាទេ​»៕