បន្ទាយមានជ័យៈ អាជ្ញាធរ​ប្រទេស​ថៃ ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ ២៣៤ ​នាក់ ​ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៥ និង​ទី​ ៦ ខែធ្នូ តាម​ច្រក​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ខណៈ​រយៈពេល​ ៩ ​ខែ​ឆ្នាំ​នេះ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ ៥៥ ៦១១ ​នាក់ ​ឱ្យ​ត្រឡប់​មក​វិញ បន្ទាប់ពី​ពួកគេ​លួច​ឆ្លងដែន និង​ចាញ់​បោក​មេខ្យល់​ទៅ​រក​ការងារ​ដោយ​ខុសច្បាប់​។ នេះ​បើតាម​របាយការណ៍​ពី​ម្សិលមិញ​។

តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​អូរជ្រៅ​បាន​ឱ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន​ ២៣៤ ​នាក់​នោះ​ គឺ​មាន​ស្រី​ចំនួន​ ១២០ ​នាក់​។ ពួកគេ​មួយ​ចំនួន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់ និង​មួយចំនួន​ទៀត​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅរក​ការងារ​នៅក្នុង​ប្រទេស​ថៃ​។

របាយការណ៍​បន្ត​ថា រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​នេះ ដោយ​គិត​ចាប់ពី​ដើម​ខែ​មេសា​រហូត​ដល់​ថ្ងៃទី​ ៤ ខែ ធ្នូ ឆ្នាំ​ ២០២០ អាជ្ញាធរ​ប្រទេស​ថៃ​ បាន​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៥៥ ៦១១ ​នាក់​ (​ស្រី​ ២៥ ១៥១ ​នាក់​) ​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា ​វិញ​តាម​ច្រក​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

លោក​ លី សុវណ្ណរិទ្ធ អភិបាលស្រុក​អូរជ្រៅ​ឱ្យដឹងពី​ម្សិលមិញ​ថា ពលករ​ខ្មែរ​ចំណាកស្រុក​ដែល​ភាគី​ថៃ​ចាប់បញ្ជូន​មកវិញ​តាម​ច្រក​អូរបីជាន់​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រង់ចាំ​ទទួល​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ដោយ​មាន​ក្រុម​គ្រូពេទ្យ​សហការ​ជាមួយ​កម្លាំង​នគរបាល យោធា កងរាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ធ្វើការ​ពិនិត្យ​ដោយ​វាស់​កម្តៅ និង​សាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

បើតាម​លោក​អភិបាលស្រុក ប្រសិន​បើ​មាន​កម្តៅ​ខ្ពស់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​បន្ទាន់​។ ចំណែក​អ្នក​ដែល​មិនមាន​បញ្ហា​សុខភាព​ត្រូវ​ធ្វើ​ការអប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ព្រោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ដោយ​មិនត្រូវ​ស្ដាប់​តាម​ការញុះញង់​របស់​មេខ្យល់​ទៀត​ទេ​។

លោក​ សុវណ្ណរិទ្ធ បញ្ជាក់ថា​៖ «​យើង​បាន​ណែនាំ​ពួកគាត់​ឱ្យ​ដោះ​សម្លៀកបំពាក់​បោកគក់​ឱ្យ​បាន​ស្អាត និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ ដោយ​មិនឱ្យ​ក្រុម​គ្រួសារ​មក​ជិត​ស្និទ្ធស្នាល ឬ​អ្នកដទៃ​ទេ មុន​ពេល​អនុញ្ញាត​ឱ្យ​ពួកគាត់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​»​។

លោក​បាន​បន្ថែមថា​៖ «​ជាមួយ​នេះ យើង​ឱ្យ​គាត់​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ដោយ​អាល់កុល សាប៊ូ​ឱ្យ​បាន​ស្អាត​គ្រប់ពេល ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល​កាតព្វកិច្ច​នេះ​ជា​ការបង្ការ និង​ទប់ស្កាត់​កូវីដ ​១៩»​។

ដោយឡែក​ខេត្ត​ឧត្តរមានជ័យ​មាន​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ៣ ​ជាមួយ​ប្រទេស​ថៃ​រួមមាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជប់គគីរ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​។ បើតាម​លោក​ ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែងតែ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ប៉ុន្ដែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ឆ្លងដែន​ដោយ​ខុសច្បាប់​។

លោក​អភិបាលខេត្ត​ថ្លែងថា​៖ «​ពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន​ដែល​ព្យាយាម​ឆ្លងដែន​ទៅ​ថៃ​ទាំង​ខុសច្បាប់ គឺ​អាជ្ញាធរ​ថៃ​គេ​ចាប់បញ្ជូន​មកវិញ​តាម​ច្រកអន្តរជាតិ​ទាំង​ ៣ ​នេះ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​មាន​របាយការណ៍​ប្រចាំ​ខែ​លម្អិត​ទេ​។ បើ​គិត​ជា​មធ្យម​គឺ​ក្នុង​ ១ ​ថ្ងៃៗ​ទាំង​ថៃ​បញ្ជូន​មកវិញ និង​គិត​ទាំង​ពួកគាត់​ត្រឡប់​មកវិញ​ខ្លួនឯង គឺ​ប្រមាណ ២០០ ​នាក់ ហើយ​អាជ្ញាធរ​នៅចាំ​ទទួល​តាម​ច្រក​ហ្នឹង ដោយ​បាន​អប់រំ ណែនាំ​ពួកគាត់​កុំឱ្យ​ឆ្លងដែន​ខុសច្បាប់ ជាពិសេស​ត្រូវតែ​ការពារ ទប់ស្កាត់​ជំងឺ​កូវីដ ​១៩»​។

លោក​ អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​ (LICADHO) ​ថ្លែង​ពី​ម្សិលមិញ​ថា តាម​លោក​កត់សម្គាល់​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ប៉ុន្ដែ​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ ​១៩ ពួកគាត់​ខ្លះ​បាន​ត្រឡប់​មក​ស្រុកកំណើត​វិញ ដោយសារ​ការភ័យខ្លាច​ឆ្លង​ជំងឺ និង​ស្របពេល​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ពួកគាត់​ត្រូវការ​ប្រាក់ ត្រូវការ​ការងារ​ធ្វើ ដើម្បី​រក​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ដូច្នេះ​មួយចំនួន​បាន​សម្រេច​ចិត្ត​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​វិញ ដោយ​មិន​គិត​ពី​ការឆ្លង​ដែន​ខុសច្បាប់ ឬ​មិន​ខ្លាច​ពី​ការឆ្លង​ជំងឺ​កូវីដ ​១៩​ នោះទេ ដោយសារ​កត្តា​ជីវភាព​គ្រួសារ​។

លោក​ សំអាត បញ្ជាក់ថា​៖ «​យើង​ឃើញថា កន្លងមក​រដ្ឋាភិបាល​បាន​ចែកជូន​ថវិកា​មួយចំនួន​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ ឬ​ក្រីក្រ ប៉ុន្ដែ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​អ្វី​ដែល​ជា​ការលំបាក​របស់​ពួកគាត់​ទេ​។ អ៊ីចឹង​គួរតែ​ពិចារណា​ផ្ដល់​ថវិកា​បន្ថែមទៀត​ឬ​យ៉ាងណា​?​។ ខ្ញុំ​គិតថា ក្រៅពី​ផ្ដល់​ជា​សាច់ប្រាក់​ជូន​គាត់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គួរតែ​ជួយ​ស្វែងរក​ការងារ​ក្នុង​ស្រុក​ជូន​ពួកគាត់​បន្ថែមទៀត​តាម​ដែល​អាច​ធ្វើ​បាន​»៕

វីដេអូ៖