ភ្នំពេញៈ នៅពេល​ដែល​លោក និត (​ឈ្មោះ​ប្រឌិត​ដើម្បី​ការពារ​ប្រភព​) បាន​ទៅ​ដល់​រដ្ឋ Wisconsin គឺ​គាត់​មាន​អាយុ​ ៥ ឆ្នាំ​ដោយ​គាត់​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ហើយ​បាន​រស់នៅ​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ ២ ​ផ្សេង​គ្នា​។

ក្នុង​រយៈពេល​ ៤០ ​ឆ្នាំ​លោក និត បាន​កសាង​ជីវិត​ថ្មី​មួយ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ហើយ​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​កិច្ចការ​សង្គម​ និង​បាន​បើក​អាជីវកម្ម​ជួសជុល​ម៉ាស៊ីន​ព្រីន​ (printer) ​ជាមួយ​ប្រពន្ធ​របស់​គាត់ និង​ចិញ្ចឹម​កូនប្រុស​អាយុ​ ១៧ ​ឆ្នាំ​ម្នាក់ និង​កូនស្រី​អាយុ​ ១៥ ​ឆ្នាំ​ម្នាក់​ទៀត​។

លោក និត បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​បាន​ហៅ​អាមេរិក​ថា​ជា​ផ្ទះ​របស់​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គឺជា​ផ្នែក​មួយ​របស់​អាមេរិក​។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​មាន​បញ្ហា​នោះ​ទេ​»​។

បន្ទាប់មក​នៅក្នុង​ឆ្នាំ​ ២០១៤ គាត់​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស​ពី​បទ​កាន់កាប់​កញ្ឆា​ហើយ​កាលពី​ឆ្នាំ​មុន​មន្ត្រី​អន្តោប្រវេសន៍​អាមេរិក​បាន​ទៅ​គោះ​ទ្វារ​ផ្ទះ​របស់​គាត់​។

លោក​ និត ដែល​និយាយ​មិន​បញ្ចេញ​ឈ្មោះ​ពិត​ពីព្រោះ​ព្រួយបារម្ភ​អំពី​ស្ថានភាព​របស់​គាត់​ក្នុង​នាម​ជា​ជន​ដែល​ត្រូវ​និរទេស​ខ្លួន​ដែល​វា​អាច​ប៉ះពាល់​ដល់​ទស្សនវិស័យ​ការងារ​របស់​គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ ៤៣ ​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជា​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក​វិញ​ក្នុង​មួយ​ជើង​ដ៏ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។

លោក Bill Herod អ្នក​នាំពាក្យ​អង្គការ​គាំទ្រ​ការ​ធ្វើ​សមាហរណកម្ម​និរទេសជន បាន​ថ្លែង​ថា​អារម្មណ៍​គឺ​ «​វិជ្ជមាន​» ​បើ​ទោះបី​ជា​មិន​ទាន់​ច្បាស់លាស់​អំពី​អនាគត​ដែល​ពួកគេ​នឹង​ប្រឈម​ក្តី​។

លោក Herod បាន​ថ្លែង​ថា​៖ «​ពួកគេ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចេញ​ពី​ច្រវាក់ ហើយ​ចេញ​ពី​យន្តហោះ​»​។

រថយន្ត​ដឹក​ខ្មែរ​និរទេស​ពី​អាមេរិក​ចេញ​ពី​ព្រលាន​។ហេង ជីវ័ន

កាលពី​លើក​មុន​ក្រុម​អ្នក​ដែល​ត្រូវ​បាន​គេ​និរទេស​មក​វិញ​ច្រើន​បំផុត​គឺ​មាន​ចំនួន​ ១៥ ​នាក់​។ កម្មវិធី​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​វិញ​ដ៏​ចម្រូងចម្រាស​នេះ​បាន​បង្ក​ឱ្យ​មាន​ការបែកបាក់​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ដល់​អ្នក​ដែល​ត្រូវ​និរទេស​ទាំង​នោះ​។ ជា​លទ្ធផល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួង​ការបរទេស​​កំពូលៗ​របស់​កម្ពុជា​។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ទណ្ឌកម្ម​អាច​នឹង​ត្រូវ​ដកចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ ជុំ សុន្ទរី បាន​បង្ហាញ​ក្តីសង្ឃឹម​របស់​លោក​ថា​វា​នឹង​មក​ដល់​។

លោក សុន្ទរី ថ្លែង​ក្នុង​សារ​មួយ​ថា​៖ «​ឥឡូវ​នេះ​ជាថ្មី​ម្តងទៀត​យើង​គាំទ្រ​ការអះអាង​របស់​យើង​ដោយ​សកម្មភាព​ជាក់ស្តែង​។ ហើយ​យើង​ទន្ទឹង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សហរដ្ឋអាមេរិក​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​»​។

ការ​និរទេស​នេះ​ត្រូវ​បាន​រិះគន់​ពី​ក្រុម​អ្នកតស៊ូ​មតិ​សម្រាប់​ជនអន្តោប្រវេសន៍ និង​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កត់សម្គាល់​ថា​ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​និរទេស​ខ្លួន​នោះ​គឺ​ពួកគេ​បាន​ភៀស​ខ្លួន​ក្នុង​នាម​ជា​ជនភៀសខ្លួន​ពី​របប​ខ្មែរក្រហម​តាំងពី​ពួកគេ​នៅ​វ័យក្មេង​ម្ល៉េះ​។

កាលពី​ថ្ងៃ​អង្គារ​លោក Anoop Prasad មេធាវី​មកពី​ក្រុមហ៊ុន​មេធាវី Asian Law Caucus ដែល​តំណាង​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​និរទេស​ជាច្រើន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហោះ​សារ​ថា គាត់​ពិត​ជា «​ខកចិត្ត​» ​ខ្លាំង​ណាស់​។

លោក Prasad បាន​សរសេរ​ថា​៖ «​កាលពី​ប៉ុន្មាន​នាទី​មុន​ជើង​ហោះហើរ​នាំ​ពលរដ្ឋ​ដែល​ត្រូវ​និរទេស​ខ្លួន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ចាកចេញ​ទៅ​ប្រទេស​កម្ពុជា​ហើយ​។ ពួកគេ​ទាំងអស់​នោះ​សុទ្ធតែ​ជា​ជនភៀសខ្លួន​ក្នុង​សម័យ​ខ្មែរក្រហម​។ ការតស៊ូ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ខែ​មក​នេះ​ត្រូវ​បាន​គេ​ឮ​... សូម​ចំណាយ​ពេលវេលា​បន្តិច​ដើម្បី​សម្តែង​ការសោកស្តាយ​មុន​នឹង​បន្ត​ប្រយុទ្ធ​ទៅ​មុខ​ទៀត​។ យើង​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​»​។

លោក Herod ថ្លែង​ថា ភាគច្រើន​នៃ​ពលរដ្ឋ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​នេះ​នឹង​យក​ទៅ​ដាក់​បណ្តោះអាសន្ន​នៅ​អង្គការ​គាំទ្រ​ការធ្វើ​សមាហរណកម្ម​និរទេសជន​រហូត​ទាល់​តែ​ពួកគេ​អាច​រក​លំនៅឋាន​ផ្ទាល់​ខ្លួន​បាន​។ អង្គការ​នេះ​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល Returnee Integration Support Center ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ USAID គណៈកម្មាធិការ Mennonite Central Committee និង​ពី​ម្ចាស់ជំនួយ​ឯកជន​មួយ​ចំនួន​ទៀត​។

ចំពោះ​លោក និត ​គាត់​បាន​ទាក់ទង​ជាមួយ​បងប្អូន និង​ពូ​របស់​គាត់​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​គាត់​សង្ឃឹម​ថា​គាត់​នឹង​អាច​ចាប់ផ្តើម​អាជីវកម្ម​ជួសជុល​ម៉ាស៊ីន​ព្រីន​របស់​គាត់​ ឬ​ក៏​បង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រពន្ធ​របស់​គាត់​នៅ​ក្បែរ​។

លោក និត ​បាន​បញ្ជាក់​ថា កូនប្រុស​របស់​គាត់​ដែល​ត្រូវ​ចូលរៀន​នៅ​សាកលវិទ្យាល័យ Wisconsin ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ គឺ​កំពុង​ទទួល​យក​វា​យ៉ាង​លំបាក​បំផុត​។

លោក និត ថ្លែង​ថា​៖ «​វា​ពិតជា​គួរ​ឱ្យ​ខ្លោចចិត្ត​ណាស់​។ ប៉ុន្តែ​ខ្ញុំ​កំពុង​ព្យាយាម​រក្សា​ភាព​​វិជ្ជមាន​»៕ NS