ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថាពលករខ្មែរធ្វើការក្រៅប្រទេសជិត ៧០ ភាគរយក្នុងចំណោម ១ លាននាក់កំពុងប្រថុយប្រថានធ្វើការងារដោយគ្មានច្បាប់អនុញ្ញាត និងជាមុខសញ្ញាប្រឈមនៃការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស ខណៈដែលរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៥ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាបានសរុប ៤៩ ករណីប្រហាក់ប្រហែលនឹងឆ្នាំ ២០១៤ ។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការរៀបចំយុទ្ធសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្សតាម តាមរយៈការផ្លាស់ប្តូរឥរិយាបថ និងការប្រព្រឹត្តនាល្ងាចថ្ងៃទី ០១ ខែកក្កដាបានឲ្យដឹងថា រហូតមកទល់ពេលនេះកម្ពុជានៅមិនទាន់ទទួលបានផលចំណេញណាមួយពីពលករទេសន្តរប្រវេសន៍ទាំងនោះទេ ហើយរដ្ឋាភិបាលកម្ពុជាបានកំពុងបង្កើតឱកាសការងារជាច្រើនដល់ពលរដ្ឋខ្មែរដើម្បីទប់ស្កាត់ការងារចំណាកស្រុករបស់ប្រជាពលរដ្ឋ ប៉ុន្តែការងារក្នុងស្រុកនៅមិនទាន់សមនឹងសេចក្តីប្រាថ្នាធំរបស់ប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានេះ លោក ស ខេង ក៏បានស្នើឲ្យអាជ្ញាធរថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធនានានៅថ្នាក់មូលដ្ឋានត្រូវរួមគ្នាចូលរួមអប់រំណែនាំប្រជាពលរដ្ឋ និងទប់ស្កាត់អំពើជួញដូរមនុស្ស។
អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថាពលករជិត ៧០ ភាគរយក្នុងចំណោម ១ លាននាក់នេះមិនបានទៅធ្វើការនៅក្រៅប្រទេសតាមរយៈប្រព័ន្ធបញ្ជូនស្របច្បាប់នោះទេដែលនាំឲ្យពួកគេងាយប្រឈមនឹងការកេងប្រវ័ញ្ច និងការជួញដូរព្រោះតែពួកគាត់មិនស្ថិតក្នុងប្រព័ន្ធដែលច្បាប់ការពារបាន។
លោកស្រីថា៖ «យើងដឹងដោយសារ (ខាងថៃ) គេរកឃើញ និងឲ្យតួលេខមកពលករធ្វើការនៅប្រទេសថៃ ៧០ ម៉ឺននាក់តែមានអ្នកខ្លះអត់បានចុះឈ្មោះទេហើយក៏មាននៅប្រទេសច្រើនទៀតគ្មានការសិក្សាជាក់លាក់ពីតួលេខជាក់លាក់នោះទេអ្វីដែលយើងដឹងគឺតាមស្ថានភាពដែលជួបប្រទះអ៊ីចឹងយើងអត់បានប៉ាន់ប្រមាណធាតុពិតនោះទេឧទាហរណ៍ករណីជួញដូរផ្លូវភេទគឺមានកន្លងមកតែមិនមានន័យយើងអាចកំណត់បានប៉ុន្មាននោះទេ»។
អ្នកវិភាគសង្គម លោក អ៊ូ វីរៈ គិតថាហេតុផលតែមួយគត់ដែលនាំឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុករកការងារក្រៅប្រទេស គឺដោយសារប្រាក់ខែខ្ពស់ ហើយដំណោះស្រាយសម្រាប់បច្ចុប្បន្នភាព គឺរដ្ឋាភិបាលកម្ពុជាត្រូវសហការជាមួយប្រទេសទទួលពលករដើម្បីប្រឆាំងការជួញដូរមនុស្សតាមរយៈការធ្វើឲ្យពលករទាំងនោះបំពេញការងារដោយស្របច្បាប់វិញ។
លោកថា៖ «ក្នុងរយៈពេលវែងខាងមុខរដ្ឋាភិបាលត្រូវកសាងកំណើនសេដ្ឋកិច្ចក្នុងស្រុកដែលអាចនាំឲ្យពលរដ្ឋខ្មែរគិតថាពួកគេអាចរកចំណូលបានច្រើនសម្រាប់ការងារក្នុងស្រុក»។
តាមរបាយការណ៍ក្រសួងមហាផ្ទៃពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនមកវិញកាលពីឆ្នាំ ២០១៤ មានសរុប ៥៥៤២ លើក មនុស្ស ៣៣០៩៤៨ នាក់ក្នុងនោះមានស្រី ១១៦៤១៣ នាក់ និងកុមារ ២៥៧២៩ នាក់។
តាមរយៈរបាយការណ៍បឋមប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ លោក ប៉ុល ភិធេយ្យបានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ នេះសមត្ថកិច្ចបានបង្រ្កាបបទល្មើសជួញដូរមនុស្សបានចំនួន ៤៩ ករណីប្រហាក់ប្រហែលនឹងឆ្នាំ ២០១៤ ក្នុងរយៈពេលដូចគ្នា។
លោកថា ក្នុងនោះបទល្មើស ៤៩ ករណីនេះអាជីវកម្មផ្លូវភេទមាន ២២ ករណី និងបទល្មើសជួញដូរមនុស្ស ២៧ ករណី និងបានចាប់ជនល្មើសបញ្ជូនទៅតុលាការមានចំនួន ៦៥ នាក់។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានរំដោះជនរងគ្រោះបានចំនួន ១២៣ នាក់ក្នុងនោះជនរងគ្រោះអនីតិជនអាយុក្រោម ១៥ ឆ្នាំ ៤៨ នាក់អនីតិជនអាយុពី ១៥ ទៅ ១៦ ឆ្នាំមានចំនួន ១៦ នាក់។
លោកបន្តថា៖ «នៅដើមឆ្នាំនេះជនល្មើសដែលជាមេបនបានបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនដើម្បីងាយស្រួលគ្រប់គ្រង និងកេងប្រវ័ញ្ចការងារថែមទាំងធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយដល់អនីតិជនឲ្យគ្រប់អាយុ ១៨ ឆ្នាំ។ អនីតិជនមួយចំនួនត្រូវបានជនល្មើសជាអន្តរការីយកមកបម្រើការនៅខារ៉ាអូខេ និងទីសេវាកម្មកម្សាន្តនានាហើយក្រោយមកអូសទាញលក់ដូរព្រហ្មចារី»។
របាយការណ៍ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ ២០១៥ នេះបានឲ្យដឹងថាក្នុងឆ្នាំ ២០១៤ សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបាន ៩៤ ករណីក្នុងនោះឃាត់ខ្លួនជនល្មើសបាន ១១៩ នាក់ និងរំដោះជនរងគ្រោះបាន ៣៥២ នាក់។ តួលេខនេះបានកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៣ ដែលសមត្ថកិច្ចបង្ក្រាបបាន ៩៣ ករណីឃាត់ខ្លួនបាន ១១៦ នាក់ និងរំដោះជនរងគ្រោះបាន ២៥៦ នាក់៕