ភ្នំពេញៈ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​នៃ​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម (CAF) ប្រមាណ​ ២០០ ​នាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ថ្កោលទោស​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ដែល​ពួកគេ​អះអាង​ថា​កើតឡើង​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​។

លោក ហុង លីម រដ្ឋលេខាធិការ​ក្រសួង​ពហុវប្បធម៌​ និង​ទំនាក់ទំនង​អាស៊ី បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា នេះ​ជាការ​ជួបគ្នា​លើក​ដំបូង​នៅ​ថ្ងៃ​ធ្វើការ​ដោយ​អ្នកចូលរួម​ស្ម័គ្រចិត្ត​ឈប់​សម្រាក​ពី​ការងារ​មក​ចូលរួម​សម្តែង​មតិ​នេះ​។

លោក​ថ្លែង​ថា​៖​ «​គោលបំណង​នៃ​ការជួបជុំ​នេះ​គឺ​ដើម្បី​សុំ​ឲ្យ​អូស្ត្រាលី​ច្រានចោល​ការបោះឆ្នោត​អាម៉ាស់ និង​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន​។ ស្នើ​ឲ្យ​ធ្វើតាម​សហរដ្ឋអាមេរិក​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​លោក ហ៊ុន សែន និង​ដោះលែង លោក កឹម សុខា​»​។

លោក ហុង លីម ថ្លែង​ដោយ​យោង​តាម​ក្រសួង​ការបរទេស​អូស្ត្រាលី ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មិន​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវ​អន្តរជាតិ​ក្នុង​ការបើក​សម័យប្រជុំ​ដំបូង​របស់​រដ្ឋសភា​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទេ​។

ការជួប​ជុំ​គ្នា​របស់ CAF ដែល​មាន​លោក ហុង លីម ជា​ប្រធាន​បាន​ដាក់​ញត្តិ​ទៅ​លោកស្រី Jenny Bloomfield ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​ការបរទេស​ប្រចាំ​រដ្ឋ​វីកតូរៀ​។

ដោយយោង​លើ​របាយការណ៍​របស់​សារព័ត៌មាន​លោក ហុង លីម ថ្លែង​ថា​សាច់ញាតិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​ផ្សេង​ទៀត​មាន​ទ្រព្យ​សម្បត្តិ​នៅ​អូស្ត្រាលី​ជាង​ ២០ ​លាន​ដុល្លារ ហើយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​តែង​រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​ដាក់​សម្ពាធ​ដល់​សមាជិក​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ឲ្យ​មាន​ការ​គាំទ្រ​របប​ផ្ដាច់ការ​។ ​

ក្រុម​នេះ​បាន​ស្នើ​សាជាថ្មី​ដោយ​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​លោក James Ricketson អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ និង​មន្ត្រី​ ១១៨ ​រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៅ​លើ​លោក ហុង លីម ទេ ព្រោះ លោក ហុង លីម បាន​ចូលនិវត្តន៍​ហើយ​។

លោក​ថ្លែង​ថា​៖ «​វា​អត់​មាន​អី​ចាប់អារម្មណ៍​ទេ​។ អត់​ប្រយោជន៍​ទេ ឲ្យ​គាត់​និយាយ​អី​និយាយ​ទៅ គ្មាន​អ្នកណា​យកចិត្ត​ទុកដាក់​ជាមួយ​គាត់​ទេ​»​។

និយាយ​ពី​ទ្រព្យសម្បត្តិ​ជាង ២០ ​លាន​ដុល្លារ​ដែល​ថា​សាច់ញាតិ​របស់​លោក​នាយករដ្ឋមន្ត្រី ឬ​មន្ត្រី​ជាន់ខ្ពស់ CPP មាន​នៅ​អូស្ត្រាលី​លោក សុខ ឥសាន ថ្លែង​ថា បើ​សិន​វា​ជា​រឿង​ខុសច្បាប់​មែន​នោះ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់​វិធានការ​បាត់​ទៅ​ហើយ​។

លោក​បាន​ថ្លែង​ថា​៖ «​គេ​មាន​ធ្វើ​ខុស​ច្បាប់​អី បើ​ធ្វើ​ខុស​ច្បាប់​អូស្ត្រាលី គេ​ចាត់​វិធានការ​ហើយ បើ​មិន​ខុស​ច្បាប់​ទេ​ធ្វើ​អី​គេ​កើត​។ តែ​ប៉ុណ្ណឹង​តើ បើ​ខុស​ច្បាប់ មិន​បាច់​ ហុង លីម ថា​ទេ រដ្ឋាភិបាល​គេ​ចាត់​វិធានការ​ផ្លូវច្បាប់​ហើយ អ្នកណា​រំលោភ អ្នក​ណា​ដែល​រត់ពន្ធ​គ្រឿងញៀន ឬ​អ្នក​ណា​ធ្វើ​អ្វី​ខុសច្បាប់ អាហ្នឹង​គេ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​»៕