ភ្នំពេញៈ លោក អៀង មូលី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ថ្លែង​នៅក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កោះពេជ្រ​កាលពី​ថ្ងៃទី​ ១ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​ខ្លាំង ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ប៉ុន្តែ​នៅ​តែ​បារម្ភ​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​មិន​ទៅ​រក​សេវា​ព្យាបាល ដែល​មជ្ឈមណ្ឌល​សង្ស័យ​ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ៧ ​ម៉ឺន​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​។

លោក​បន្ដ​៖ «​យើង​សង្ស័យ​ថា​ប្រជាជន​យើង​មាន​ផ្ទុកមេរោគ​អេដស៍​ប្រហែល ៧ ​ម៉ឺន​នាក់ ប៉ុន្ដែ​ទិន្នន័យ​ដែល​ដឹង​ច្បាស់​នោះ​គឺ ៥៩ ០០០ ​នាក់​ដែល​កំពុង​ផ្ទុក​មេរោគ​អេដស៍​។ ក្នុង​ចំណោម​នោះ​មាន​អ្នក​ផ្ទុក​ចំនួន ៥៦ ០០០ នាក់​បាន​ទទួល​សេវា​ព្យាបាល​»​។

លោក មូលី បាន​អះអាង​ថា​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​មាន​ផ្ទុកមេរោគ​ដែល​មិន​មក​ទទួល​សេវា​ថែរក្សា​សុខភាព​។

លោក មូលី ថ្លែង​ថា​៖ «​យើង​អត់​ដឹងថា អ្នក​ផ្ទុក​ទាំងនោះ​នៅ​ឯណា​ទេ​។ នេះ​ក៏​ជា​ហានិភ័យ​មួយ​ដែរ ព្រោះ​ពួកគាត់​អាច​ចម្លង​ទៅ​អ្នក​ឯទៀត តែ​បើ​សិន​ជា​ពួកគាត់​មក​ទទួល​សេវា​ថែទាំ​សុខភាព​នោះ​យើង​លែង​មាន​ការបារម្ភ​ហើយ​»​។

លោក មូលី បន្ត​ថា​ប្រទេស​កម្ពុជា​បាន​កំណត់​ពេលវេលា​នៃ​ការលុបបំបាត់​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នេះ​មុន​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក ដោយ​កំណត់​ត្រឹម​ឆ្នាំ ២០២៥ ចំណែក​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​បាន​កំណត់​រហូត​ដល់​ឆ្នាំ ២០៣០​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក អៀង មូលី បាន​អះអាង​ថា​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​ការ​អនុវត្ដ​ផែនការ​មាន​ការ​លំបាក​បន្ដិច ព្រោះ​ជំនួយ​ចំពោះ​ការ​គាំពារ​អ្នក​ជំងឺ​អេដស៍​នេះ​បាន​ធ្លាក់​ចុះ ខណៈ​ដែល​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដើម្បី​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​នេះ​។

លោក​បន្ថែម​៖ «​ឥឡូវ​អង្គការ​ផ្ដល់​ជំនួយ​គេ​ឲ្យ ៤០ ​លាន​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ ប៉ុន្ដែ​ប្រទេស​យើង​ក្នុង​ ១ ​ឆ្នាំ យើង​ត្រូវការ ២០ ​លាន អ៊ីចឹង​យើង​នៅ​ខ្វះ​ថវិកា​»​។

តាមរយៈ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍​ប្រចាំ​កម្ពុជា (AHF Cambodia) ​បាន​បង្ហាញ​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នឹង​ក្រើនរំឭក​ដល់​ថ្នាក់ដឹកនាំ​ពិភពលោក​ថា​នៅ​មាន​មនុស្ស​ប្រមាណ​ជាង ៩ ​សែន ៤ ​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង ១ លាន ៨ ​សែន​នាក់ បាន​និង​កំពុង​ឆ្លង​មេរោគអេដស៍​ក្នុង​ឆ្នាំ​មុន​នេះ​។

លោក ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ជាង ៦៧០០០ នាក់​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​។ ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​ជាពិសេស​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​ថា ក្នុង​ចំណោម​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាង​ពាក់​កណ្តាល​ទទួល​ការថែទាំ​គាំទ្រ​ដោយ​អង្គការ AHF កម្ពុជា​»​។

យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ មាន​មនុស្ស​ជាង ៣៦ លាន​នាក់​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ជុំវិញ​ពិភពលោក​។

ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ ១ លាន ៨ សែន​នាក់​បាន​កំពុង​ឆ្លង​មេរោគ​អេដស៍ និង ៩ សែន ៤ ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ខណៈ​អ្នក​ជំងឺ​រាប់លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ទទួល​ការសង្គ្រោះ​ជីវិត​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ហើយ​ក៏​នៅ​មាន​មនុស្ស​រាប់លាន​នាក់​ទៀត​កំពុង​ត្រូវការ​ការ​ថែទាំ​សុខភាព​របស់​ពួកគេ​បែប​នេះ​ដូច​គ្នា​ដែរ​។

កាលពី​ឆ្នាំ​ ២០១៧ កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគអេដស៍​ប្រមាណ ៧២០០០ នាក់​ក្នុង​នោះ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ជាង ៨០ ភាគរយ​ដែល​ទៅ​ទទួល​ការថែទាំ​សុខភាព និង​ការព្យាបាល​បាន​ត្រឹមត្រូវ​៕