ព្រះវិហារៈ ប្រជា​ពលរដ្ឋ​​ខ្មែរ​​ម្នាក់​ ​ក្នុង​ចំណោម​គ្នា​ ១០ នាក់​ បាន​ជាន់​ចំលើ​គ្រាប់​មីន​បណ្ដាល​ឲ្យ​ផ្ទុះ​រង​របួស​ដាច់​​​ជើង​ម្ខាង​ ខណៈ​ដែល​​ពួក​គេ​កំពុងតែ​​​ស្ពាយ​កំណាត់​ឈើ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​តាម​ច្រក​របៀង​មួយ​ ស្ថិត​​នៅ​តាម​បណ្ដោយ​ជួ​រភ្នំ​ដងរែក​នៃ​ភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត​ ​ខេត្ត​ព្រះវិហារ។​

​លោក​ ​ឱ ​សេង​ ​អធិការ​ស្រុក​ជាំ​ក្សាន្ត​ ​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​រសៀល​ថ្ងៃ​សៅ​រ៍​នៅ​ចំណុច​​វាល​ប្រឡង់​បេះ​ដូង​ ​(​តំបន់​ស​ជាប់​ព្រំ​ដែន​កម្ពុជា​-​ថៃ)​ ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ច្រក​អាន​សេះ។​ ​ជន​រង​គ្រោះ ឈ្មោះ​ ស្រី​ ​ភិន​ ​ភេទ​ប្រុស​ ​អាយុ ​៥២ ​ឆ្នាំ ​រស់​នៅ​ភូមិ​វាល​ពោធិ៍​ ​ឃុំជាំ​ក្សាន្ត​ ស្រុក​ជាំ​​ក្សាន្ត​ ​ខេត្ត​ព្រះ​វិហារ​ មាន​កូន​ក្នុង​បន្ទុក​ចំនួន ៥ នាក់។​

លោក ឱ​ ​សេង​ ​បាន​បន្ត​ថា​ ​តាម​ការ​បំភ្លឺ​របស់​សាច់​ញាតិ​ជន​រង​គ្រោះ ​មុន​ពេល​កើតហេតុ​ ៣ ​ថ្ងៃ​ ជន​រង​គ្រោះ ​និង​សាច់​ញាតិ​ ២ នាក់ ​​រួម​ទាំង​អ្នក​ភូមិ ៧ ​នា​ក់​​ផ្សេង​ទៀត ​​បាន​នាំ​​គ្នា​លួច​ឆ្លង​ដែន​ចូល​ទៅ​កា​ប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ​ ក្រោយ​ពី​កាប់​បាន​ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ស្ពាយ​ឈើ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ ​តាម​ច្រក​របៀង​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​ច្រក​អាន​សេះ។​

បន្ទាប់​មក​ជន​រង​គ្រោះ​ បាន​ដើរ​ជាន់​ចំ​គ្រាប់​មីន ១ ​គ្រាប់​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ខាង​ស្ដាំ​ត្រឹម​ក្បាល​ជង្គង់​ ​ហើយ​ត្រូវ​បាន​សាច់​ញាតិ​ និង​អ្នក​រួម​ដំណើរ​សែង​ចេញ​ពី​ក្នុង​ព្រៃ​ និង​​បញ្ជូន​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ជាំក្សាន្ត។​

​លោក​ថ្លែង​ថា​៖ ​«​ដោយ​សារ​ស្ថាន​ភាព​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​រពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត​ បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​វិ​ហារ​ ដើ​ម្បី​ធ្វើ​ការ​វះកាត់​មុខ​របួស»។​ ​

លោក ​សេង​ ថ្លែង​ថា​ ព្រំដែន​កម្ពុ​ជា​-​ថៃ​ ជួរ​ភ្នំ​ដងរែក​ជា​តំបន់​ដែល​មាន​គ្រាប់​មីន​ច្រើន​​ និង​គ្រោះ​​ថ្នាក់​បំផុត៕​ ​