ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងនៅល្ងាចថ្ងៃទី ២ ខែមេសានេះថា មានស្រី្តជនជាតិខ្មែរម្នាក់ និងបុរសខ្មែរម្នាក់ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ និងស្ត្រីម្នាក់ទៀតបានទទួលមរណភាពដោយសារ ស្ទះសរសៃឈាមបេះដូងភ្លាមៗ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដកើន ដល់១៨នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដាច់ដោយឡែកពីគ្នា ស្តីពីករណីអ្នកស្លាប់ទាំង៣នាក់ ដែលចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ដែលរស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី យប់។

ក្រសួងឱ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ស្ត្រីខាងលើ ត្រូវបានយកសំណាកនៅមន្ទីរពេទ្យ ខេមាអន្តរជាតិ ក្នុងសង្កាត់បឹងកេងកង១ និងទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី៣១ ខែមីនា ហើយស្ត្រីខាងលើ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣១ ខែមីនាវេលា ម៉ោង ០៩:១០ព្រឹក។

ក្រសួងបញ្ជាក់ថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ខណៈក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស។ ប៉ុន្តែ ដោយអ្នកជំងឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង ទើបក្រុមគ្រូពេទ្យប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់ នៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ២២:៣០នាទី យប់។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀតថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដែលរស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានស្លាប់ដោយសារជំងឺកូវីដ១៩ ផងដែរនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:១០នាទី ល្ងាច ។

នៅថ្ងៃទី០១ ខែមេសា វេលាម៉ោង០៩:០០នាទីព្រឹក បុរសខាងលើបានចូលមកសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានសភាពហត់ខ្លាំង នៅពេលនោះ ក្រុមគ្រូពេទ្យបានយកអ្នកជំងឺដាក់សម្រាក ក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងបានយកសំណាកទៅវិភាគ។ ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់ នៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ១៦:១០នាទី ល្ងាច។ លទ្ធផលពិនិត្យសំណាករបស់គាត់ដែលទទួលបានពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថាមានវិជ្ជមានវីរុសកូវីដ១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ រូបនេះបានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩។

ដោយឡែកករណីស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ទៀត គឺដោយសារស្ទះសរសៃឈាមបេះដូងភ្លាមៗ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមក្រសួងសុខាភិបាល។

ក្រសួងឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដែលរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់ នៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅគេហដ្ឋានរបស់សព។

ក្រសួងបញ្ជាក់ថា៖«គាត់ជាអ្នកធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន តាំងពីថ្ងៃទី២២ ខែមីនា ហើយអ្នកជំងឺ មានជំងឺលើសសម្ពាធឈាមប្រចាំកាយ កំពុងប្រើប្រាស់ថ្នាំជាប្រចាំ»។ នៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ១១:៣០ថ្ងៃត្រង់ ពេលគាត់កំពុងពិសាបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ ពេលនោះក្រុមគ្រួសារ បានជួយសង្គ្រោះ ដោយធ្វើចលនាបេះដូងមួយសន្ទុះ ប៉ុន្តែមិនអាចជួយបាន បន្ទាប់មកគាត់បានស្លាប់នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់នៅគេហដ្ឋានរបស់គាត់។

ក្រសួងបន្តថា ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារភ្លាម ក្រុមឆ្លើយតបបន្ទាន់ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានយកសំណាករបស់សព នៅថ្ងៃដដែលនេះ ដោយលទ្ធផលបានបង្ហាញថា សពមានវិជ្ជមានវីរុសកូវីដ១៩។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារស្ទះសរសៃឈាមបេះដូងភ្លាមៗ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដសរុបចំនួន២៥៤៦នាក់ អ្នកជាសះស្បើយ១២៥៦នាក់ និងអ្នកស្លាប់ ១៨នាក់៕