ព្រៃវែងៈ អាជ្ញាធរ​ឃុំ​ឫស្សី ស្រុក​នៃ​ស្រុក​ពាមជរ ខេត្តព្រៃវែង​យក​ប្រឡាយទឹក​របស់​រដ្ឋ​ ៣ ​ខ្សែ​ ដែលមាន​ប្រវែង​ពី​ ៤-៦ ​គីឡូម៉ែត្រ​ទៅគ្រប់​គ្រង​ផ្ទាល់ ដើម្បី​លក់​ទឹក​ប្រឡាយ​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​ទាំងឡាយ​ណា ដែល​ចង់​បូមទឹក​ដាក់​ស្រែ ឬ​ចង់​ស្រោចស្រព​ដំណាំ​គឺ​ត្រូវតែ​ទិញ​ទឹក​ពី​អាជ្ញាធរ​ក្នុង​តម្លៃ​ ៤៥ ​ម៉ឺន​រៀល ​ក្នុង​ ១ ​ហិកតា​។ នេះ​បើ​តាម​ការអះអាង​របស់​តំណាង​ពលរដ្ឋ​ចំនួន​ ៣ ​ពាន់​គ្រួសារ​។

លោក​ ដាំ មៀន តំណាង​ពលរដ្ឋ​ចំនួន​ ៣ ​ពាន់​គ្រួសារ ​នៅ​ភូមិ​ឈើទាល​នៃ​ឃុំ ស្រុក​ខាងលើ​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ប្រឡាយទឹក​ទាំង​ ៣ ​ខ្សែ​ ដែល​អាជ្ញាធរ​យកមក​គ្រប់គ្រង​សម្រាប់​លក់​ទឹក​ឲ្យ​ពលរដ្ឋ​នេះ​ជា​ជំនួយ​របស់​លោក​ឧកញ៉ា​ ប៉ែន នួន ទីប្រឹក្សា​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​។ ប្រឡាយ​ទាំង​ ៣ ​ខ្សែ​ត្រូវបាន​ជីក និង​សាងសង់​តាំងពី​ឆ្នាំ​ ២០១៤ ប៉ុន្តែ​អាជ្ញាធរ​បានកំណត់​យក​ប្រឡាយ​នេះ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់លុយ​ ២០ ​ម៉ឺន​រៀល​ បើ​ចង់​បូមទឹក ដាក់​ស្រែ​ ឬ​ស្រោចស្រព​ដំណាំ​។

លោក​ថា​ កាលពី​ឆ្នាំ​ ២០១៧ អាជ្ញាធរ​បាន​ដំឡើង​តម្លៃ​ ៣០ ​ម៉ឺន​រៀល​ ហើយ​រហូតមកដល់​ឆ្នាំ​ ២០១៩ ​និង​ឆ្នាំ​ ២០២០ ​នេះ​ស្រាប់តែ​អាជ្ញាធរ​ដំឡើង​តម្លៃ ដល់​ទៅ​ ៤៥ ​ម៉ឺន​រៀល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្រាន់តែ​ឆ្ងល់​ថា ដី​ប្រឡាយ​របស់​រដ្ឋ ប៉ុន្ដែ​លោក​មេឃុំ​ និង​បក្ខ​ពួកគាត់​បែរ​ជា​យក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​គាត់​ទៅវិញ​គឺ​លក់​ទឹក​ប្រឡាយ​នោះ ប្រសិន​មាន​ពលរដ្ឋ​ណា​ចង់​បូមទឹក​ដាក់​ស្រែ ឬ​ស្រោច​ដំណាំ ត្រូវ​ចំណាយ​ ៤៥ ​ម៉ឺន​រៀល​។ បើ​គ្មាន​លុយ​ឲ្យ​ស្រូវ​ទៅ​អាជ្ញាធរ ១៨០ ​គីឡូក្រាម​។ ប្រសិន​គ្មាន​លុយ ឬ​គ្មាន​ស្រូវ​ឲ្យ​អាជ្ញាធរ​ទេ ពលរដ្ឋ​គ្មាន​សិទ្ធិ​បូមទឹក​នេះ​ទេ​»​។

អ្នកស្រី​ ឡេង សាមៀ ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​អ្នកផ្សេង​ទៀត​រស់នៅ​ភូមិ​ឈើទាល ឃុំ​ឫស្សី​ស្រុក​ថ្លែងថា អ្នកស្រី​បាន​បូមទឹក​ពី​ប្រឡាយ​ដែល​អាជ្ញាធរ​គ្រប់គ្រង​ដាក់​ស្រែ​ទំហំ​ ១ ​ហិកតា​ ហើយ​ចំណាយលុយ​អស់​ ៤៥ ​ម៉ឺន​រៀល​ឲ្យ​ទៅ​អាជ្ញាធរ​។ អ្នកភូមិ​ក្នុង​ឃុំ​ឫស្សីស្រុក​តែងតែ​ធ្វើស្រែ​ចំនួន​ ៣ ​ដង​ក្នុង​ ១ ​ឆ្នាំ ក្រោយពី​លោក​ឧកញ៉ា​ ប៉ែន នួន ជួយ​ជីក​ប្រឡាយ​នេះ​កាលពី​ឆ្នាំ​ ២០១៤​។

អ្នកស្រី​និយាយថា​៖ «​ចាប់ពី​ឆ្នាំ​ ២០១៤ ​មក​ពួកខ្ញុំ​ត្រូវ​ចំណាយលុយ​រហូត ប្រសិន​ចង់​បូមទឹក​ដាក់​ស្រែ ហើយ​តម្លៃ​តែង​កើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។ ​ដូច្នេះ​ឆ្នាំនេះ​ពួកខ្ញុំ​ជា​ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​តម្លៃ​ ឬ​ដាក់​ប្រឡាយ​នេះ​ប្រើប្រាស់​រួមគ្នា​ដោយ​គ្មាន​បង់លុយ​តែម្ដង​។ ព្រោះ​បើ​បង់លុយ​ដូចនេះ ពួក​ខ្ញុំ​ជួប​បញ្ហា​ជីវភាព​ច្រើន ដោយសារ​ដំណាំ​ស្រូវ​នៅ​ឆ្នាំ​ខ្លះ​មិនបាន​ទទួលផល​ល្អ​ទេ ហើយ​ឆ្នាំ​ខ្លះ​បាន​ត្រឹម​តែ​ចំណាយ​ឲ្យ​ថ្លៃ​ទឹក និង​ថ្លៃ​ជី​ប៉ុណ្ណោះ​»​។

លោក​ នួន ម៉េង មេឃុំ​ឫស្សី ស្រុក​ច្រានចោល​ការចោទប្រកាន់​នេះ​ដោយ​អះអាង​ថា ការលើកឡើង​របស់​ពលរដ្ឋ​ និង​ជនខិលខូច​មួយ​ចំនួន​នេះ​គឺជា​ការមួលបង្កាច់ អាជ្ញាធរ​មូលដ្ឋាន​ទាំងស្រុង​។ លោក​ថា​ទឹក​ក្នុង​ប្រឡាយ​នេះ ពិតជា​មាន​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​មែន ប៉ុន្ដែ​បង់លុយ​ត្រឹម​ ២០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ សម្រាប់​ស្រែ​ ១ ​ហិកតា ហើយ​តម្លៃ​គ្មាន​ការប្រែប្រួល​អ្វី​ទេ​ពោល​គឺ​ចាប់​តាំងពី​ឆ្នាំ​ ២០១៤ ​មកម្ល៉េះ​។

លោក​មេឃុំ​បញ្ជាក់ថា​៖ «​រឿង​ហ្នឹង​មាន​ឧកញ៉ា​ ប៉ែន នួន នៅ​ពី​ក្រោយខ្នង​ចាំ​ញុះញង់​ឲ្យ​ពលរដ្ឋ​តវ៉ា​ជាមួយ​អាជ្ញាធរ​ឃុំ ព្រោះ​ឧកញ៉ា​ហ្នឹង​ក៏​ចង់បាន​ដី​ប្រឡាយ​ទាំង​ ៣ ​ខ្សែ​ហ្នឹង​ដែរ​។ គាត់​ឲ្យ​ខ្ញុំ​ស៊ីញ៉េ​កាត់​ដី​ប្រឡាយ​ឲ្យ​គាត់ គាត់​យក​ទៅ​គ្រប់គ្រង​ដើម្បី​ងាយស្រួល គាត់​បង្កើត​ក្រុមហ៊ុន​នៅក្នុង​ឃុំ​ខ្ញុំ​ហ្នឹង ហើយ​ប្រើប្រាស់​ទឹក​ប្រឡាយ​ហ្នឹង​។ អ៊ីចឹង​បានជា​គាត់​តែងតែ​មក​ញុះញង់​ឲ្យ​ពលរដ្ឋ​ស្អប់​អាជ្ញាធរ​។ ពលរដ្ឋ​ភាគច្រើន​នៅក្នុង​ឃុំ​គ្មាន​អ្នក​តវ៉ា​ទេ គឺ​គាត់​ពេញចិត្ត​តម្លៃ​ ២០ ​ម៉ឺន​រៀល​ហ្នឹង​គឺ​មាន​តែ​បក្ខពួក​ឧកញ៉ា​ប៉ុន្មាន​នាក់​ទេ​ដែល​នាំគ្នា​តវ៉ា​ហ្នឹង​»​។

លោក​ សេង ធា អភិបាលស្រុក​ពាមជរ​បញ្ជាក់​ដែរ​ថា ទំនាស់​ផលប្រយោជន៍​ទឹក​ប្រឡាយ​នេះ​ភាគី​ទាំងសងខាង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ និង​រដ្ឋបាលខេត្ត​ព្រៃវែង​ជួយ​ដោះស្រាយ​។ ប៉ុន្ដែ​លោក​មិនទាន់​ទទួល​ដំណឹង​អ្វី​ពី​ដំណោះស្រាយ​ទេ​។

លោក​បាន​បន្ថែមថា លោក​ក៏​ធ្លាប់បាន​ចុះទៅ​សម្របសម្រួល​ជាច្រើនលើក​ហើយ​ដែរ ប៉ុន្ដែ​ភាគី​ទាំង​ ២ ​មិន​យល់ព្រម​តាម​ដំណោះស្រាយ​លោក​ទេ​។

លោក​ថ្លែងថា​៖ «​នៅពេល​ដល់​ដៃ​តុលាការ​ វា​ផុតដៃ​ខ្ញុំ​ហើយ​។ ខ្ញុំ​មិនអាច​ដោះស្រាយ​បានទេ លុះត្រា​តែ​មាន​បញ្ជា​អ្វី​ពី​តុលាការ​។ ប៉ុន្ដែ​បើ​គ្មាន​ការសម្រេច​ណាមួយ​ពី​តុលាការ​គឺ​ខ្ញុំ​បាន​ត្រឹម​ការពារ​សន្ដិសុខ កុំ​ឲ្យ​ភាគី​ទាំង​ ២ ​បង្កហិង្សា​ដាក់គ្នា ហើយ​ខ្ញុំ​ចង់​ឲ្យ​ភាគី​ទាំង​ ២ ​សម្របសម្រួល​គ្នា​»​។

អភិបាលខេត្ត​ព្រៃវែង​លោក​ ជា សុមេធី ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក​ឧកញ៉ា​ ប៉ែន នួន ដែលជា​អគ្គនាយក​ក្រុមហ៊ុន ស៊ី ខេ អេ​ (CKA) ​ផង​នោះ​ថ្លែង​ថា​កាលពី​ឆ្នាំ​ ២០១៤ លោក​បាន​បើក​ការដ្ឋាន​កាយ​ដី​ប្រឡាយ​ចំនួន​ ៣ ​ខ្សែ​តាម​ការស្នើសុំ​របស់លោក​មេភូមិ និង​មេឃុំ​។ ប្រឡាយ​នីមួយៗ​មាន​ប្រវែង​ចន្លោះ​ពី​ ៤ ទៅ ៦ ​គីឡូម៉ែត្រ ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​ឫស្សីស្រុក​។

លោក​ឧកញ៉ា​បាន​បន្តថា បន្ទាប់ពី​ប្រឡាយ​នេះ​ត្រូវ​បាន​សាងសង់​រួច អាជ្ញាធរ​មូលដ្ឋាន​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ ប្រសិន​បើ​មាន​អ្នក​ចង់​បូមទឹក​ពី​ក្នុង​ប្រឡាយ​ដាក់​ស្រែ ឬ​ដំណាំ​របស់ខ្លួន​ដែល​នៅក្បែរ​ប្រឡាយ​ទាំង​ ៣ ​ខ្សែ​នោះ​ដោយ​ក្នុង​ ១ ​ហិកតា​ត្រូវ​បង់លុយ​ ៤៥ ​ម៉ឺន​រៀល ឬ​ស្រូវ​ចំនួន​ ១៨០ ​គីឡូក្រាម​។ បន្ទាប់មក​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​លែង​បាន​ផល​ល្អ គ្មាន​លុយ​បង់​ឲ្យ​អាជ្ញាធរ ពួកគាត់​បាន​មក​ប្ដឹង​លោក​ឲ្យ​ជួយ​ដោះស្រាយ​។

លោក​ឧកញ៉ា ប៉ែន នួន បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្មាន​បំណង​អាក្រក់​ដូច​មេឃុំ​និយាយ​បង្ខូច​កិត្តិយស​ខ្ញុំ​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​អាជ្ញាធរ​ឈប់​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​បូមទឹក​ប្រឡាយ​នេះ​។ ព្រោះ​បើ​នៅតែ​បន្ត​យកលុយ​ពី​ពួកគាត់​ទៀត គាត់​គ្មាន​លុយ​បង់​ឲ្យ​ទេ​។ មួយរយៈ​ចុងក្រោយ​នេះ​ផលដំណាំ​ស្រូវ​ពួកគាត់​ក៏​មិនសូវ​បាន​ល្អ លក់​បាន​តម្លៃថោក និង​គាត់​ត្រូវការ​ទូទាត់​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀត​។ អ៊ីចឹង​ពួកគាត់​ពិតជា​ជួប​ការលំបាក​ហើយ​»៕