មណ្ឌលគិរីៈ ពលរដ្ឋ​ជនជាតិ​ដើម​ព្នង​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ​ខេត្ត​មណ្ឌលគិ​រី​បាន​ចោទ​អាជ្ញាធរ​ថា ​ហាក់​ព្រងើយ​កន្ដើយ​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ដើម្បី​ហ៊ុមព័ទ្ធ​រំលោភ​យក​ដីព្រៃ​សហ​គមន៍​ដែលជា​កន្លែង​កប់ខ្មោច ​និង​តំបន់​រមណី​យដ្ឋា​ន​ទឹកធ្លាក់​ជ្រៃ​ធំ ​បើទោះបី​សកម្មភាព​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ ២០១៧ ​ហើយបន្ត​កើត ឡើង​មក​ដល់​សព្វថ្ងៃ ​និង​ធ្លាប់​មាន​ការ​ប្ដឹង​ពី​ប្រជាពលរដ្ឋ​ក៏ដោយ។

លោក ​ច្រូត ខ្លើត​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ពូ​ឡេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​ដីព្រៃ​សហគមន៍​ដែលជា​កន្លែង​កប់ខ្មោច ​និង​រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រៃ​ធំ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ពូ​ឡេះ ​ភូមិ​ពូ​ត្រែង ​និង​ភូមិ​ពូ​ឆប​ទំហំ​សរុប​ ៣២៨ ហិកតា ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ផ្សេង​ចូលមក​ឈូសឆាយ​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធិ​ឯកជន​តាំងពី​ឆ្នាំ​ ២០១៧ ​ហើយ​បន្ត​ឈូសឆាយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សកម្ម​ភាពនេះ ​មិនមាន​អាជ្ញាធរ​ចុះទៅ​ដោះស្រាយ​ឡើយ​ បើទោះបី​ធ្លាប់មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដាក់​ដល់​សាលា​ខេត្ត ​និង​ការតវ៉ា​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្ដី។

លោក​បានបន្តថា ​ដំបូង​ឡើយ​ មាន​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​បាន​ចូលទៅ​ឈូសឆាយ​យក​ដី​នៅក្នុង​តំបន់​សហគមន៍​នេះ​ ហើយ​បាន​ឃុប​ឃិត​ជាមួយ​អាជ្ញាធរ​ភូមិ​និង​ឃុំ​ដើម្បី​ចេញ​លិខិត​ទទួលស្គាល់​ជា​ដី​កម្មសិទ្ធិ​ឯកជន ​ទោះបី ដី​សាធារណៈ​ទាំងនោះ ​ត្រូវបាន​ក្រុម​ពលរដ្ឋ​ជនជាតិ​ដើម​តែង​ប្រើប្រាស់​សម្រាប់​កប់ខ្មោច​តាំងពី​ឆ្នាំ ១៩៧៩ ​និង​មានការ​ទទួលស្គាល់​ពីសា​លា​ខេត្ត​ធ្វើជា​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់​តាំងពី​ឆ្នាំ ២០១៦​ ក៏ដោយ។

លោក​និយាយថា​៖ «ពួក​ខ្ញុំ​ធ្វើ​នេះ​មិនមែន​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ទេ ​ដី​របស់​សាធារណៈ​ របស់​រួម ​ប៉ុន្តែ​គេ​អត់​យល់ ​សុទ្ធតែ​ថា​ពួក​ខ្ញុំ​ចង់​ចាប់​យក​ដី​ហ្នឹង។ តាម​ចុច​ GPS មើល​ទៅ ​ដី​នៅ​កន្លែង​ទឹកធ្លាក់ ​ត្រូវបាន​គេ​យក​អស់​ជាង​ ៤ ហិកតា ​និង​នៅ​កន្លែង​កប់ខ្មោច​អស់​ប្រហែល ១ ហិកតា​ហើយ» ។

ទោះជា​យ៉ាងណា​ លោក ​សុក សេ​រ៉ា ​មន្ត្រី​នាំពាក្យ​សាលាខេត្ត​មណ្ឌល​គិរី​បាន​អះអាងថា ​សាលាខេត្ត​មិន​ធ្លាប់​ទទួលបាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ការរំលោភ​យក​ដី​សហគមន៍​ជា​កន្លែង​កប់ខ្មោច​និង​កន្លែង​រមណីយដ្ឋាន​នៅ​ឃុំ​ដាក់​ដាំ​ឡើយ ​ហើយ​លោក​ថា​ ប្រហែល​ពាក្យ​បណ្ដឹង​នេះ​ ដាក់​ត្រឹម​សាលា​ស្រុក​អូររាំង​ ប៉ុណ្ណោះ ។

លោក​ថ្លែងថា​៖ «អត់​មាន​ឃើញ​មកដល់​ខេត្ត​ទេ ​ទៅ​ស្រុក​មិនដឹង​ទេ​ហី!។ បើ​មាន​ពាក្យ បណ្ដឹង ​ប្រជាពលរដ្ឋ​ជួប​ប្រទះ​អ៊ីចឹង​ ខេត្ត ​រាល់​កិច្ចការ​គឺ​មិន​ដែល​នៅ​ស្ងៀម​ទេ ​គឺ​តែងតែ​ចុះ​ពិនិត្យ​មើល​និង​ដោះស្រាយ​តាម​ជាក់ស្ដែង»។

លោក​ បូ​រ៉េត កំ​ពី ​ជនជាតិ​ដើម​ម្នាក់ទៀត​បានលើកឡើង​ដែរ​ថា ​បន្ទាប់ពី​មាន​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ប្រហែល​ ៤-៥ គ្រួសារ​ចូលទៅ​ឈូស​ឆាយ​យក​ដី​សហគមន៍​នេះ​ភ្លាម ​គឺ​ខាង​ពលរដ្ឋ​ជនជាតិ​ដើម​បាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាខេត្ត​មណ្ឌល​គិរី​តាំងពី​ឆ្នាំ ២០១៧ ​មក​ម៉េ្លះ ​និង​តែង​តែសួរនាំ​ដើម្បី​តាមដាន​អំពី​ការវិវត្ត​របស់​ពាក្យបណ្ដឹង​ជារឿយៗ ​ហើយ​ក្រោយមក​លោក​ដឹងថា​ ខាង​សាលា​ខេត្ត​បាន​ចារ​លើ​ពាក្យបណ្ដឹង​មកឱ្យ​សាលា​ស្រុក​ ជា​អ្នកសម្រប​សម្រួល​ដោះស្រាយ​ជំនួស។

លោក​បន្តថា ​កន្លងមក​ធ្លាប់មាន​មន្ត្រី​សាលា​ស្រុក​ចុះមក​មើល​ការ​រំលោភ​ដីព្រៃ​សហគមន៍​នេះ​ជាច្រើន​ដង​ដែរ ​ប៉ុន្តែ​មិនបាន​ចាត់វិធាន​ការ​ដោះស្រាយ​អ្វី​ឡើយ។​​

លោកបញ្ជាក់ថា​៖ «ស្រុក​គេ​មក ​២-៣ ដង​ដែរ ​តែ​ដោះស្រាយ​អត់​ចេញ ​ហើយ​ខេត្ត​ថា​ អត់​មាន​ពាក្យ​បណ្ដឹង​យ៉ាង​ម៉េច ឆ្ងល់​ដែរ? ​ពួក​ខ្ញុំ​ដាក់​ទៅ​ខេត្ត​​ហើយ ​តែ​ខេត្ត​បាន​ចារ​ឱ្យ​ស្រុក​ដោះស្រាយ ​ពាក្យបណ្ដឹង​គឺមាន​ថត​ចម្លង​តើ ​ម៉េច​គាត់​ថា ​អត់​មាន​ពាក្យ​បណ្ដឹង?»។

ជុំវិញ​បញ្ហា​នេះ ​លោក​ នង ទុ​ណ្ណា​រី​ អភិបាល​ស្រុក​អូររាំង​បាន​ឆ្លើយតប​ថា​ អាជ្ញាធរ​មិនដែល​ព្រងើយកន្ដើយ​ចំពោះ​ជម្លោះ​ដី​នៅក្នុង​ឃុំ​ដាក់​ដាំ​ឡើយ ​និង​ដោះស្រាយ​បាន​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​ភាគី​ក្រុម​ជនជាតិ​ដើម​មិន​ទាន់​ពេញ​ចិត្ត​ប៉ុណ្ណោះ ។

ទោះ​យ៉ាងណា​លោក​បន្ត​ថា​ លោក​មិនអាច​បញ្ជាក់ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ឡើយ ​ដោយសារតែ​ភាគី​ទាំង​សង​ខាង​សុទ្ធតែ​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​ជុំវិញ​ដី​ជម្លោះ​នោះ​ ប៉ុន្តែ​លោក​ថា ​នឹង​ខំប្រឹង​ស្វែងរក​ប្រភព​បញ្ហា​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ។

លោក​និយាយថា​៖ «ដោះស្រាយ​ឱ្យទាន់​ចិត្ត​គាត់​ យើង​ធ្វើ​អត់​ទាន់​បានទេ ​យើង​ដោះស្រាយ​បន្ត​បន្ទាប់។ យើង​បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ហ្នឹង ​ផ្អាក​ការធ្វើ​សកម្មភាព​លើដី​ទំនាស់​ហ្នឹង ​មិនមែន​ព្រងើយ​កន្ដើយទេ ។ បើ​ប្រើពាក្យ​អ៊ីចឹង ​យើង​អត់​មាន​យកចិត្ត​ទុកដាក់ ​ការពិត​យើង​យក​ចិត្ត​ទុកដាក់ ​ចេញ​សម្រប​សម្រួល​ច្រើន​លើក​ច្រើនសា​ហើយ»។

លោក ​អ៊ាង ម៉េង​លី ​អ្នកសម្រប​សម្រួល​សមា​គម​ការពា​រសិទ្ធិមនុស្ស ​​(អាដហុក)​ ប្រចាំខេត្ត​មណ្ឌល​គិ​រី​មាន​មន្ទិល​ជុំវិញ​មូលហេតុ​ដែល​អាជ្ញាធរ​ជំនាន់​មុន​បានសម្រេច​ចេញ​លិខិត​បញ្ជាក់​អំពី​ដី​របស់​សហគមន៍​ទៅជា​កម្មសិទ្ធិ​ឯកជន ​ប៉ុន្តែ​លោក​ថា ​ក្នុង​នាម​ជា​អាជ្ញាធរ​គឺមាន​សិទ្ធិ​ដកហូត​នូវ​ដី​ណា​ដែល​ជា​របស់​រដ្ឋ ដើម្បី​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រួម​វិញ។

លោក​បានបញ្ជាក់​ថា​៖ «កន្លងមក ​អាជ្ញាធរ​ហាក់​មានការ​រុញ​ទៅ​គ្នា​ទៅ​វិញទៅ​មក ​គឺ​ហាក់​ពុំមាន​ចេតនា​ក្នុងការ​​ដោះស្រាយ​សោះ។ អ៊ីចឹង​ សម្រាប់​ទស្សនៈ​ខ្ញុំ ​គឺជា​ការ​គេចវេះ​ក្នុងការ​ដោះស្រាយ​ករណី​ហ្នឹង»។

បើតាម​លោក​ បូ​រ៉េត កំ​ពី ​កាលពី​ថ្ងៃទី ១៧ ​ខែឧសភា​ថ្មីនេះ ​ប្រជាពលរដ្ឋ​ប្រហែល​ ៨០ នាក់​បាននាំគ្នា​ចេញ​តវ៉ា​ម្ដងទៀត​ដើម្បី​ទប់ស្កាត់​ការបន្ត​រំលោភ​យក​ដី​សហគមន៍ ​និង​ទាមទារ​ដី​ដែល​បាត់បង់​ត្រឡប់​មក​វិញ ​ប៉ុន្តែ​ការតវ៉ា​នោះ មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ ៕