ភ្នំពេញៈ នៅក្នុងឆ្នាំ ២០១៨ ដោយគិតត្រឹមថ្ងៃទី ២០ ខែឧសភាចំនួនមនុស្សដែលបានស្លាប់ និងរបួស ដោយសារករណីរន្ទះបាញ់ និងខ្យល់កន្ត្រាក់មានចំនួនជាង ១០០ នាក់ ខណៈលំនៅឋានប្រជាពលរដ្ឋជាង ១៦០០ ខ្នងផ្ទះបានរងផលប៉ះពាល់ និងខូចខាតយ៉ាងដំណំ និងបានសម្លាប់សត្វពាហនៈប្រជាពលរដ្ឋជាង ៥០ ក្បាលផងដែរ។ នេះបើតាមការអះអាងរបស់លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកាលពីម្សិលមិញ។
លោកថ្លែងថាដោយរាប់ចាប់ពីដើមខែមករាមកដល់ថ្ងៃទី ២០ ខែឧសភា បាតុភូតរន្ទះបាញ់បានសម្លាប់មនុស្សរហូតដល់ ៥១ នាក់ និងបង្ករបួស ៤០ នាក់ព្រមទាំងបានសម្លាប់សត្វពាហនៈរបស់ប្រជាកសិករសរុប ៥៣ ក្បាល ព្រមទាំងបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់ ១១ ខ្នងផ្ទះ។
លោក វី ក៏បានប្រាប់ឲ្យដឹងផងដែរថា ចំណែកករណីភ្លៀងខ្យល់វិញបានបង្កឲ្យមនុស្សយ៉ាងតិច ២ នាក់ស្លាប់ និង ២៥ នាក់ទៀតរងរបួសព្រមទាំងបានបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋអស់ ១៦៤៨ ខ្នងផ្ទះក្នុងនោះផ្ទះ ៣៩៤ ខ្នងត្រូវបានដួលរំលំបាក់បែកខូចខាតទាំងស្រុង និងបានបង្កឲ្យដំបូលអគារសាលារៀន ១៥ អគារត្រូវប៉ើងរបើកខូចខាត ប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងបានធ្វើឲ្យអគាររដ្ឋបាលសាធារណៈរបស់រដ្ឋចំនួន ៧ រួមមានសាលាឃុំ មន្ទីរពេទ្យ និង ប៉ុស្តិ៍នគរបាលក៏រងការខូចខាត និង ប៉ះពាល់ដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
លោក កែវ វី បានថ្លែងថា៖ «នៅពេលមានភ្លៀងធ្លាក់គឺតែងមានខ្យល់បក់បោកខ្លាំង និង ផ្គររន្ទះកើតឡើងដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែប្រជាកសិករយើងនៅតាមទីជនបទដាច់ស្រយាល ពួកគាត់រីករាយធ្វើស្រែចម្ការនៅពេលដែលមានភ្លៀងធ្លាក់ដែលប្រការនេះនៅតែជាក្ដីកង្វល់របស់យើង»។
ដោយឡែកលោក ចាប ប៉ុន នាយនគរបាលប៉ុស្តិ៍ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា កាលពីវេលាម៉ោង ៤:៤០ នាទីល្ងាចមានករណីរន្ទះបាញ់ដើមដូង និង បានបង្កឲ្យមនុស្សប្រុស-ស្រី ៣ នាក់ដែលអង្គុយជជែកគ្នាលេងនៅក្រោមផ្ទះក្បែរដើមដូងនោះ រងបួសដោយដួលសន្លប់បាត់ស្មារតីអស់ជាច្រើនម៉ោងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំដោយសង្គ្រោះជីវិតបានដោយសុវត្ថិភាព និងបានវិលមកផ្ទះវិញហើយ៕