
ពលរដ្ឋដុតសម្បកកង់ឡានតវ៉ានៅលើទីតាំងដីទំនាស់ពីថ្ងៃ ១៦ កុម្ភៈ។ រូបថត សហការី
កណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឃាត់ខ្លួនប្រជាពលរដ្ឋ ១២ នាក់ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅចំណុចផ្លូវ 7NG ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ខណៈពួកគេមករារាំង កម្លាំងអាជ្ញាធរអនុវត្តច្បាប់ក្នុងការចុះកម្ទេចរបងថ្ម ដែលពលរដ្ឋបានសាងសង់លើដីកម្មសិទ្ធិឯកជន ហើយហាមឃាត់មិនស្តាប់ជាច្រើនលើកច្រើនសាមក។
លោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ពលរដ្ឋដែលត្រូវបានចាប់ខ្លួនមាន ១២ នាក់ មកដល់ថ្ងៃទី ១៧ ខែកុម្ភៈ ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធីសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។ លោកអធិការបញ្ជាក់ថា៖ «យើងហៅពួកគាត់ មកធ្វើឯកសារតាមនីតិវិធី អត់មានបានឃុំឃាត់ពួកគាត់អីទេ»។
លោក ហង់ រាំង ដែលជាម្ចាស់ដីបានថ្លែងថា នៅឆ្នាំ ១៩៩៣ លោកបានទិញដី នៅទីតាំងនោះពីប្រជាពលរដ្ឋចំនួន ៧ ម្ចាស់ មានទំហំផ្ទៃដីជាង ៤ ហិកតា។ នៅឆ្នាំ ១៩៩៦ លោកទទួលបានបណ្ណប្រកាសផ្ទៃដីបណ្តោះអាសន្នមានបង្កាន់ដៃកាន់កាប់ដីត្រឹមត្រូវ និងបានអាស្រ័យផលរាប់ឆ្នាំមិនដែលមានបញ្ហាអ្វីឡើយ ស្រាប់តែនៅឆ្នាំ ២០២១ នេះនៅសុខៗ មានគេមកបោះបង្គោលព្រំដណ្តើមយកដីរបស់លោកតែម្តង។
លោក ហង់ រាំង ប្រាប់ពីម្សិលមិញថា៖ «ទើបមានបញ្ហាថ្ងៃទី ១៤ មករា ដើមឆ្នាំហ្នឹងមានគេទៅបោះបង្គោលព្រំដី។ អ៊ីចឹងយើងឃើញក៏ចុះទៅឃាត់។ ឃាត់គេមិនស្តាប់ យើងក៏បានប្រាប់ទៅអាជ្ញាធរជួយអន្តរាគមន៍។ គេស្តាប់យើង ពេលយើងចុះឃាត់គេ ប៉ុន្តែពេលយើងទៅបាត់ គេធ្វើទៀត។ គេធ្វើរហូតដល់សំណង់គេហ្នឹងសឹងតែថា ដីគេប៉ុនប៉ងព័ទ្ធជុំទៅហើយ។ អ៊ីចឹងក៏បានមានការហាមឃាត់ជាផ្លូវការច្រើនដង រហូតដល់ចុះរុះរើរបងហ្នឹង»។
អភិបាលស្រុកខ្សាច់កណ្តាលលោក ប៊ុន ផេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ពី ម្សិលមិញថា ការដែលប៉ះទង្គិចគ្នានេះគឺដោយសារតែក្រុមប្រជាពលរដ្ឋបានប្រើអំពើហិង្សាមកលើក្រុមអាជ្ញាធរមុន ខណៈដែលអាជ្ញាធរចុះទៅហាមឃាត់ការសាងសង់សំណង់រឹងមាំនៅលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ហេតុនេះអាជ្ញាធរឃាត់ខ្លួនពួកគាត់ដើម្បីយកទៅសួរនាំ។
លោក ប៊ុន ផេង បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ហង់ រាំង អាយុ ៦៨ ឆ្នាំ មានលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាលរួចមក រដ្ឋបាលស្រុកខ្សាច់កណ្តាលបានចុះពិនិត្យ អង្កេតស្រាវជ្រាវ ទប់ស្កាត់ និងសម្របសម្រួលលើករណីទំនាស់នេះដល់ទីតាំង។
លោកថ្លែងថា៖ «ជាក់ស្តែងឃើញថា ឈ្មោះ ហង់ រាំង បានទិញដីពីប្រជាពលរដ្ឋចំនួន ៧ គ្រួសារនៅក្នុងឆ្នាំ ១៩៩៣ ហើយបានគ្រប់គ្រងអាស្រ័យផលដាំដុះ រុករានដីនៅសល់រហូតមកដល់បច្ចុប្បន្ន មិនមានអ្នកណាម្នាក់មកតវ៉ាអ្វីឡើយ ហើយព្រមទាំងមានបង្កាន់ដៃទទួលពាក្យស្នើសុំកាន់កាប់ដីផងដែរ»។
បើតាមលោកអភិបាលស្រុកនៅដើមឆ្នាំ ២០២១ នេះមានប្រជាពលរដ្ឋចំនួន ១០ គ្រួសារ មានឈ្មោះ គង់ គីម (ប្រធានក្រុម) ឈ្មោះ កើត គី ឈ្មោះ ឈុំ លន និង អេង កាន ជាដើមបាននាំគ្នាតវ៉ា និងបានមកបោះបង្គោលនៅលើដីទំនាស់នេះ។
រដ្ឋបាលស្រុកបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយនៅសាលាស្រុក និងចុះទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗបណ្តោះអាសន្នជាច្រើនលើក ប៉ុន្តែពួកគេមិនស្តាប់។ រហូតដល់ថ្ងៃទី ៩ កុម្ភៈ ទើបរដ្ឋបាលស្រុកខ្សាច់កណ្តាលបានដាក់ឱសានវាទរយៈពេល ៧ ថ្ងៃ ដោយកំណត់ត្រឹមថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២១ ឱ្យពលរដ្ឋចំនួន ១០ គ្រួសារ ធ្វើការរុះរើសំណង់ផ្សេងៗនៅលើដីទំនាស់ខាងលើចេញជាបន្ទាន់។ រហូតដល់ថ្ងៃ ១៦ កុម្ភៈ អាជ្ញាធរក៏បានចុះអនុវត្តច្បាប់តែម្តង។
លោក ជា ម៉ាច មេឃុំព្រែកតាកូវឱ្យដឹង ពីម្សិលមិញថាដីទីតាំងនោះ ដើមឡើយជាដីកាន់កាប់ជាក្រុម ដែលមានប្រជាពលរដ្ឋ ១០ គ្រួសារ។ ក្រោយមកពួកគាត់ចំនួន ៧ គ្រួសារបានលក់ដីស្រែប្រាំងឱ្យទៅលោក ហង់ រាំង។ ហេតុនេះ លោក រាំង ក៏បានរានយកដីព្រៃនៅកន្ទុយដីនោះយកមកអាស្រ័យផល។ ចំណែកពលរដ្ឋដែលមកដណ្តើមដីនោះ គឺពួកគាត់ចង់បានដី ដែលដើមឡើយនៅមានព្រៃ ដោយសំអាងថា ពួកគាត់មិនបានលក់ទេ ទើបមានបញ្ហាកើតជម្លោះតែម្តង។
លោក ជា ម៉ាច បញ្ជាក់ថា លោកបានព្យាយាមសម្របសម្រួលពលរដ្ឋទាំងសងខាងច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពួកគេមិនព្រម លោកក៏បញ្ជូនរឿងនោះទៅរដ្ឋបាលស្រុកដោះស្រាយបន្ត។
លោកមេឃុំរូបនេះថ្លែងថា៖ «ខ្ញុំសម្របសម្រួលទាំងសងខាង អ្នកទិញ គាត់ថា គាត់រានយូរហើយតាំងពីទិញមក គាត់កាប់ព្រៃស្អាតហើយដាំដុះរហូតមក គាត់ថាមិនឱ្យទេ។ ចំណែកអ្នកទាមទារ គាត់ថាលក់តែស្រែប្រាំងវាលៗតើ កន្លែងព្រៃគ្មានលក់ឯណា ដល់អ៊ីចឹងជជែកចុះឡើងមិនត្រូវគ្នាក៏បញ្ជូនទៅស្រុកទៅ»។
ភ្នំពេញប៉ុស្តិ៍ មិនទាន់អាចទាក់ទងប្រភពពីក្រុមពលរដ្ឋ ដែលជាភាគីស្ថិតក្នុងទំនាស់ដីធ្លីនោះបាននៅឡើយទេពីម្សិលមិញ។ ប៉ុន្តែលោក អ៊ី ចំរើន មេធាវីតំណាងពលរដ្ឋ ១០ គ្រួសារឱ្យដឹងថា ពលរដ្ឋទាមទារយកតែដីដែលពួកគាត់មិនបានលក់តែប៉ុណ្ណោះ ឯដីដែលពួកគាត់ បានលក់ហើយ គឺពួកគាត់ព្រមប្រគល់ឱ្យទៅអ្នកទិញតាមធម្មតា។
លោកថ្លែងថា៖ «ពលរដ្ឋអះអាងថា បញ្ហាកើតឡើងដោយសារតែអ្នកទិញគាត់បានរានយកដីព្រៃ ដែលពួកគាត់មិនបានលក់ឱ្យ ហើយការព័ទ្ធរបងយកហ្នឹងក៏ពួកគាត់ព័ទ្ធយកតែដីពួកគាត់ទេ»៕