
ប្រជាជនមកទទួលការចាក់វាក់សាំងល់កទី១នៅតំបន់ក្រហមស្ទឹងមានជ័យក្នុងថ្ងៃទី១ ០៥ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងតំបន់ក្រហមចំនួន ២៣ ៦៥៨ នាក់នៅសង្កាត់ចំនួន ៣៣ នៃខណ្ឌចំនួន ៤ គឺខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានផ្តល់នូវការចាក់វ៉ាក់សាំងកូវីដនាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី ១ ខែឧសភា។
យោងតាមរបាយការណ៍នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិនៅថ្ងៃទី ២ ខែឧសភា ឱ្យដឹងថា យុទ្ធនាការថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុបបានចំនួន ២៣ ៦៥៨ នាក់ក្នុងនោះមានស្រី ១២ ៣១០ នាក់។
បើតាមរបាយការណ៍ដដែល ខណ្ឌមានជ័យ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងមាន ចំនួន ៥ ៤៥៥ នាក់ ខណ្ឌដង្កោមានចំនួន ៥ ៣៣៧ នាក់ ខណ្ឌកំបូលចំនួន ៥ ២០៦ នាក់ និងខណ្ឌពោធិ៍សែនជ័យចំនួន ៧ ៦៦០ នាក់។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានថ្លែងក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩កាលពីថ្ងៃទី ៣០ ខែមេសា ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនីនៅតំបន់ក្រហមទាំង ៣៣ សង្កាត់នេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ១ ខែ។
ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែឧសភា ក្រុមការងារចាក់វ៉ាក់សាំងនេះនឹងចាក់ដូសទី ១ និងពីថ្ងៃទី ១៦ ដល់ទី ៣១ ខែឧសភា ចាក់ដូសទី២។
លោកថ្លែងក្នុងឱកាសនោះថា៖ «ការចាក់វ៉ាក់សាំងនេះ គឺសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ហើយសម្រាប់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហមទាំង ៤ ខណ្ឌនេះមានចំនួនជិត ៥០ ម៉ឺននាក់»។
លោកបន្តថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់នេះ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំង ២ ដូស ចំនួន ៩៤៣ ១៤៦ ដូស។
វ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងប្រទេសចំនួន ៩០០ ០០០ ដូសក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ចំនួន ៥០០ ០០០ ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០ ០០០ ដូសបានថែរក្សាទុកក្នុងឃ្លាំងរបស់ក្រសួងការពារជាតិរួចហើយ។
យោងតាមក្រសួងការពារជាតិ យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម គ្រោងប្រើរយៈពេលតែ ១ ខែប៉ុណ្ណោះ។
ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុកនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងការពារជាតិបានចាត់កម្លាំងចូលរួមប្រមាណ ១ ៤៩០ នាក់។
កន្លែងចាក់វ៉ាក់សាំងត្រូវបានដាក់ចំនួន ៤៤ ទីតាំងក្នុងសង្កាត់ទាំង ៣៣ នៃខណ្ឌទាំង ៤ នេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានអំពាវនាវដល់អ្នកដែលមកទទួលវ៉ាក់សាំងកូវីដ១៩ មិនត្រូវមកទទួលយកការចម្លងវីរុសកូវីដ១៩ នៅកន្លែងចាក់វ៉ាក់សាំងនោះឡើយ។
លោកស្រីថ្លែងកាលពីថ្ងៃទី ១ ឧសភាថា៖ «សូមបងប្អូនប្រជាពលរដ្ឋនៅតាមខណ្ឌទាំង ៤ នេះ មេត្តារក្សាសណ្តាប់ធ្នាប់ល្អ មានវិន័យ ត្រឹមត្រូវ រក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពី ១,៥ ម៉ែត្រឡើង) ជាចាំបាច់មានការសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ»។
លោកស្រីបានបន្តថា មិនត្រូវមកប្រជ្រៀតគ្នា ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ១៩ បានគ្រប់ពេលវេលានៅទីកន្លែងកកកុញនោះ។
លោកស្រីបញ្ជាក់ថា៖ «ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ហើយត្រូវចងចាំថា យើងមកទទួលយកវ៉ាក់សាំងកូវីដ១៩ មិនមែនមកទទួលយកកូវីដ១៩ មុនពេលបានចាក់វ៉ាក់សាំងនោះឡើយ»។
កម្ពុជាបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១។
មកដល់ពេលបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសជាអ្នកការទូត មន្ត្រីអង្គការ សង្គមស៊ីវិលនានា នៅកម្ពុជាសរុបជាង ១,៣ លាននាក់ហើយបានចាក់វ៉ាក់សាំង។
ប្រទេសកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី ២ ក្នុងតំបន់អាស៊ានជាប្រទេសចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើន៕