កណ្តាលៈ មានប្រជាពលរដ្ឋចំនួន ៣៥ នាក់ ក្នុងភូមិចំនួន ២ នៃឃុំដីឥដ្ឋ ស្រុកកៀនស្វាយបានកើតជំងឺគ្រុនឈីកជាបន្តបន្ទាប់ ស្របពេលក្រុមការងារកំពុងបន្តដាក់ចេញវិធានការទប់ស្កាត់ជំងឺនេះ កុំឲ្យរីករាលដាលទៅភូមិផ្សេងទៀតដោយការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតនៅតាមផ្ទះ។
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ចាប់តាំងពីដើមខែកញ្ញាមកទល់ថ្ងៃទី ២១ កញ្ញាគឺមានពលរដ្ឋកើតជំងឺគ្រុនឈីកជាបន្តបន្ទាប់។ លោកបន្តថា អ្នកជំងឺដែលឈឺទាំង ៣៥ នាក់នេះគឺរស់នៅភូមិដីឥដ្ឋ និងភូមិកោះផុសដោយកើតមានអាការក្តៅខ្លួន និងកន្ទួលរមាស់ជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
លោកថា៖ «អ្នកដែលសង្ស័យ ១០ នាក់នៅភូមិដីឥដ្ឋ និងនៅភូមិកោះផុសមាន ២៥ នាក់ ហើយមានអ្នកឈឺជាបន្តបន្ទាប់ម្នាក់ ២ នាក់អីទៀត។ មកទល់ពេលនេះគាត់ជាសះស្បើយ ២៩ នាក់ ហើយដែលព័ត៌មានទទួលបាននៅតែ ៦ នាក់ទៀតទេ ដែលកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ក៏កំពុងជាសះស្បើយជាបណ្តើរៗហើយដែរ»។
ជាមួយគ្នានេះលោក ប៊ុនធឿន ថ្លែងថា ក្រុមការងារក៏បានចុះទៅអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនៅភូមិទាំង ២ នោះឲ្យមានការប្រុងប្រយ័ត្នព្រមទាំងចុះបាញ់ថ្នាំសម្លាប់សត្វមូស ដាក់ថ្នាំអាបែតគ្រប់ផ្ទះផងដែរ។
លោកថា ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យមានការរីករាលដាល និងអាចស្ថិតក្នុងការគ្រប់គ្រងបាន ក្រុមការងារក៏បានណែនាំដល់មន្ទីរពេទ្យឯកជនទាំងអស់ត្រូវតែបញ្ជូនអ្នកជំងឺដែលសង្ស័យកើតជំងឺគ្រុនឈីកមកកាន់មន្ទីរពេទ្យរដ្ឋដើម្បីឲ្យងាយស្រួលគ្រប់គ្រង និងព្យាបាល ចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ លោកបន្ថែមថា៖ «ពលរដ្ឋក៏ដូចគ្នា បើមានការសង្ស័យលើរោគសញ្ញាទាំងនេះ គួរមកមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ចំពោះស្ថានភាពជំងឺគ្រុនឈីកនៅទូទាំងប្រទេសគឺស្ថិតក្នុងការគ្រប់គ្រងបាន។ លោកស្រីបន្តថា ចំពោះការកើតមានឡើងនូវជំងឺនេះនៅខេត្តកណ្តាលគឺមិនមែនជាការផ្ទុះធ្ងន់ធ្ងរនោះទេ ដោយក្រុមការងារខេត្តបានចុះអន្តរាគមន៍ទាន់ពេលវេលាហើយ។ យ៉ាងណាក្តីលោកស្រីមិនទាន់អាចបញ្ជាក់បានទេ ចំពោះតួលេខបច្ចុប្បន្នថា តើមានពលរដ្ឋឆ្លងជំងឺនេះប៉ុន្មានទៀតនៅទូទាំងប្រទេស ខណៈកាលពីខែសីហា មានអ្នកសង្ស័យឆ្លងជំងឺគ្រុនឈីកជិត ២ ០០០ នាក់ នៅ ១៥ ខេត្ត។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៣ ខែកក្កដាឲ្យដឹងថា ជំងឺគ្រុនឈីកបានកើតឡើងដំបូងបំផុតនៅក្នុងឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីឆ្នាំ ១៩៦១ និងនៅឆ្នាំ ២០១១។
ជំងឺគ្រុនឈីក គឺជាជំងឺបង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេសខាំនៅពេលថ្ងៃ។ រោគសញ្ញាជំងឺនេះស្រដៀងនឹងជំងឺគ្រុនឈាមដែរ ដោយគ្រាន់តែអ្នកផ្ទុកជំងឺគ្រុនឈីកមានអាការក្តៅខ្លួន ឡើងកន្ទួលក្រហម និងឈឺសន្លាក់រាងកាយ។
ជំងឺគ្រុនឈីកមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ដោយវានឹងជាសះស្បើយក្នុងអំឡុងពេល ១ សប្តាហ៍ ឬយូរជាងនេះដោយគ្រាន់តែធ្វើឲ្យអ្នកជំងឺមានអាការឈឺសន្លាក់ដៃជើងយូរឆ្នាំ។ ប៉ុន្តែប្រសិនបើអ្នកជំងឺគ្រុនឈីកកើតក្នុងអំឡុងពេលមានជំងឺផ្សេងទៀតដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ នឹងអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតបាន។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា៕