សៀមរាបៈ ពលរដ្ឋ​រាប់រយ​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ ២ ០០០ ​គ្រួសារ​ពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ទៀត​នៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​សុំ​ឲ្យ​ដោះលែង​ជនសង្ស័យ​ជា​ប្រធាន​ក្រុមហ៊ុន Enarita ឲ្យ​ចេញមក​ទទួល​ខុសត្រូវ​លើ​សំណង ពួកគេ​ដែល​បានដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ ប៉ុន្តែ​តុលាការ​អះអាង​ថា​នឹង​បើកសវនាការ​លើ​សំណុំ​រឿងនេះ​នៅ​ចុងខែ​ក្រោយ​។

នេះ​ជា​ការតវ៉ា​លើក​ទី​ ២ ​ហើយ បន្ទាប់ពី​លោក​ ឌីម សួនណាត អគ្គនាយក​ក្រុមហ៊ុន Enarita បាន​ចុះហត្ថលេខា​លើ​លិខិត​ ១ ​ច្បាប់​កាលពី​ថ្ងៃទី​ ១៥ ខែ​មីនា ខណៈ​លោក​កំពុង​ស្ថិត​ក្រោម​ការចាប់​ និង​ឃុំខ្លួន​។ ក្នុង​លិខិត​នោះ​លោក​អះអាង​ថា លោក​នឹង​ធ្វើការ​ទូទាត់​សង​ទៅ​តាម​ទំហំ​ទឹកប្រាក់​ដើម​របស់​ពលរដ្ឋ​រហូត​ដល់​គ្រប់​ចំនួន​ក្នុង​ករណី​ដែល​រូបលោក​មាន​សេរីភាព ហើយ​បាន​ចេញពី​ការឃុំខ្លួន​។

អ្នកស្រី បរមី ពលរដ្ឋ​ចូលរួម​តវ៉ា​លើក​ទី​ ២ ជាមួយ​ពលរដ្ឋ​ដទៃទៀត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ពាក់កណ្តាល​ខែមីនា​កន្លងទៅ ពលរដ្ឋ​ធ្លាប់​បាន​តវ៉ា​ម្តង​រួចមក​ហើយ ដើម្បី​ឲ្យ​ដោះលែង​ប្រធាន​ក្រុមហ៊ុន​នេះ ដើម្បី​បាន​ទូទាត់​សំណង​ដល់​ពលរដ្ឋ​។

អ្នកស្រី​បន្តថា ការតវ៉ា​ជា​លើក​ទី​ ២ ព្រោះ​លោក​ ឌីម សួនណាត បាន​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​អស់​រយៈពេល​ជាង​ ៩ ​ខែ​មកហើយ ដោយ​គ្មាន​ការកាត់ទោស បើ​ទោះ​ជា​ពលរដ្ឋ​ប្រមាណ​ ២ ០០០ ​គ្រួសារ​បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ដែល​អគ្គនាយក​រូបនេះ​បាន​អះអាងថា នឹង​សងលុយ​ដល់​ពួកគាត់​វិញ នៅពេល​មាន​សេរីភាព​ក៏ដោយ​។

អ្នកស្រី​និយាយ​ថា​៖ «​យើង​សុំ​ឲ្យ​គាត់​ (​តុលាការ​) ដោះលែង​លោក​ ឌឹម សួនណាត ព្រោះ​ឃុំខ្លួន​មនុស្ស​លើស​ពី​នីតិវិធី​ច្បាប់​ហើយ ដោយ​អត់​មាន​ធ្វើការ​អ្វី​ទាំងអស់​។ ខ្ញុំ​មិនដឹងថា ហេតុអ្វី​រឿងនេះ​ពិបាក​ម៉្លេះ អត់​មាន​មេធាវី​ការពារ​ក្តី​គាត់ អត់មាន​អ្នកណា​ហ៊ាន​លូក​តែម្តង​»​។

លោក​ សុភ័ក្ត្រ ពលរដ្ឋ​ម្នាក់ទៀត​ដែល​ចូលរួម​ការតវ៉ា​ដែរនោះ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រមាណ​រាប់ពាន់​គ្រួសារ​កំពុង​មាន​ការលំបាក​យ៉ាងខ្លាំង ព្រោះ​គ្មាន​លុយ​បង់​ធនាគារ គ្មាន​លុយ​បង់​ការប្រាក់​ឯកជន​។ ព្រោះ​ប្រធាន​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ជាប់​ឃុំឃាំង​ដោយ​មិន​អាច​ចេញមុខ​មក​ដោះស្រាយ សំណង​ដល់​ពួកខ្លួន​បាន​។

លោក​បញ្ជាក់ថា​៖ «​សុំ​អង្វរ​ដល់​សម្តេច​ពុក សម្តេចម៉ែ ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ពី​ក្រុមគ្រួសារ អ៊ីណារីតា ចំនួន ២០០០ ​គ្រួសារ​។ ខ្ញុំ​មាន​ចម្ងល់​ដូច​អ្នក​មក​ទាំងអស់​គ្នា​ថា ជំពាក់​លុយ​សងលុយ ហើយ​គិត​យូរ​ម្ល៉េះ ពេល​បងប្អូន​លើក​សំណើ​ (​ទទួល​យក​លក្ខខណ្ឌ​ពី​ម្ចាស់​ក្រុមហ៊ុន​) ម៉េច​មិន​ព្រម​ដោះស្រាយ ហើយ​ថា​គេ​ឆបោក​អី បើ​គេ​ព្រម​សង​ទៅហើយ​ហ្នឹង​»​។

លោក​ ថេង សំណាង ព្រះរាជអាជ្ញារង​ខេត្ត​សៀមរាប​ពី​ម្សិលមិញ​បាន​អះអាង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នៅ​តុលាការ​ថា សំណុំ​រឿងនេះ​តុលាការ​នឹង​បើក​សវនាការ​កាត់ក្តី​នៅ​ទី​ ២៧ ខែ​ឧសភា ខាង​មុខ​។ លោក​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រក្សា​ភាពស្ងៀមស្ងាត់​សិន ដើម្បី​រង់ចាំ​លទ្ធផល​ពី​តុលាការ​។

លោក​បាន​បញ្ជាក់ថា​៖ «​សំណុំ​រឿងនេះ តុលាការ​មិន​ទុកចោល​ទេ​។ បងប្អូន​ដឹង​ទេ​ថា សំណុំ​រឿងនេះ​ស្មុគស្មាញ​ប៉ុនណា​។ តុលាការ​បាន​រៀបចំ​ដំណើរការ​នីតិវិធី ហើយ​នឹង​ជូនដំណឹង​កោះ​ហៅ​បងប្អូន​សាច់ញាតិ​ចូល​ពេល​បើក​សវនាការ​។ ខ្ញុំ​មកនេះ​គឺ​បកស្រាយ​ពី​ដំណោះស្រាយ​»​។

លោក ឌីម សួនណាត អាយុ ៣៦ ​ឆ្នាំ​រស់នៅ​ភូមិ​ឧកញ៉ាវាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​គឺជា​អគ្គនាយក​ក្រុមហ៊ុន Enarita Development Co.Ltd​។ ក្រុមហ៊ុន​នេះ​មាន​បុត្រសម្ព័ន្ធ​ចំនួន​ ៧ ​ទូទាំង​ប្រទេស និង​វិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា វិនិយោគ​លើដី​លើ​ហាង​កាហ្វេ វិនិយោគ​លើទឹក​សុទ្ធ និង​ក្នុង​វិស័យ​អប់រំ​ជាដើម​។ ក្រុមហ៊ុន​មាន​សាខា​ធំ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​មាន​ប្រធាន​ផ្នែក​ទីផ្សារ​គ្រប់គ្រង​បន្ត​។

លោក​ ឌីម សួនណាត ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឃាត់​ខ្លួន និង​ចោទប្រកាន់​ចំនួន​ ២ ​ករណី​គឺ​ក្នុង​សំណុំរឿង បទ​ឆបោក និង​បទ​ចេញ​មូលប្បទានបត្រ​ក្លែងក្លាយ​កាលពី​អំឡុង​ខែកក្កដា​ឆ្នាំ​ ២០១៩ បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្តឹង​ម្ចាស់​ក្រុមហ៊ុន​នេះ​ថា បាន​ឆបោក​ពួកគេ​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​តាមរយៈ​ការដាក់​ទុនវិនិយោគ​។

ភ្នំពេញ​ប៉ុស្តិ៍​នៅ​មិនអាច​ស្វែងរក​ប្រភព ដើម្បី​ទាក់ទង​ដើមបណ្តឹង​ដែល​បានដាក់​ពាក្យ​ប្តឹង​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​នោះ​ទេ​ពី​ម្សិលមិញ ខណៈ​ដែល​តុលាការ​ក៏​បដិសេធ​ផ្តល់​ប្រភព​ទាក់ទង​៕