
ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីពេលនាំគ្នាទៅសុំអន្តរាគមន៍នៅសាលាស្រុកព្រៃនប់ កាលពីម្សិលមិញ។ សហការី
ព្រះសីហនុៈ ពលរដ្ឋជាង ១០០ គ្រួសាររស់នៅសហគមន៍ត្រជាក់ចិត្ដនិងសហគមន៍បាតខ្ទះកាលពីម្សិលមិញបានប្រមូលផ្ដុំគ្នាយកញត្ដិទៅដាក់នៅរដ្ឋបាលស្រុកព្រៃនប់ ដើម្បីជួយអន្តរាគមន៍ទៅប្រធានក្រុមហ៊ុនឋានសួគ៌ចំកាត់ឲ្យបើកផ្លូវឲ្យពួកគាត់បានឆ្លងកាត់ទៅប្រមូលផលដំណាំលើដីមានវិវាទដែលមិនទាន់ដោះស្រាយចប់តាំងពីឆ្នាំ ២០១១ មក។
លោក យូ វាសនា តំណាងពលរដ្ឋខាងលើបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ពលរដ្ឋរស់នៅក្នុងសហគមន៍អូរត្រជាក់ចិត្ត និងសហគមន៍បាតខ្ទះរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅរង្វង់មូល ព្រះសង្ឃដឹកដៃក្មេង មានទីតាំងជាប់ផ្លូវជាតិលេខ ៤ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីសាលាស្រុកព្រៃនប់។
លោកថា ក្រោយបានជួបជុំគ្នារួច ពលរដ្ឋទាំង ២ សហគមន៍នេះក៏បានដង្ហែក្បួនទៅកាន់សាលាស្រុកព្រៃនប់ ដើម្បីស្នើសុំជួយអន្តរាគមន៍ទៅប្រធានក្រុមហ៊ុនឋានសួគ៌ចំកាត់ឱ្យបើកទ្វាររបងឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើទ្វារបិទផ្លូវមិនឲ្យឆ្លងកាត់ និងសំណូមពរឲ្យបើកផ្លូវនោះឡើងវិញ។
លោក វាសនា បានឱ្យដឹងថា៖ «អាជ្ញាធរស្រុកបានយកញត្ដិរបស់យើងដែលបានស្នើសុំបើកទ្វាររបងរបស់ក្រុមហ៊ុននេះទៅ ប៉ុន្ដែពេលគាត់ប្រមូលឯកសាររួចហើយក៏បានបញ្ជាក់ថា ហួសដែនសមត្ថកិច្ចរបស់គាត់ដោយប្រាប់ថា យោងលើឯកសារយើងធ្លាប់ដាក់ទៅថ្នាក់ខេត្ដ និងថ្នាក់ជាតិ»។
លោកបន្ថែមថា៖ «គាត់ប្រាប់ឱ្យតំណាងពលរដ្ឋទៅសុំទម្រង់បែបបទដាក់ពាក់ស្នើសុំនេះនៅការិយាល័យអន្ដរវិស័យនៅសាលាខេត្ដព្រះសីហនុដើម្បីបានទទួលស្គាល់ពីភូមិ មេឃុំ និងរដ្ឋបាលស្រុកទើបអាចដាក់ឯកសារនេះទៅដល់ខេត្ដដើម្បីឱ្យខេត្ដទទួលស្គាល់»។
បើតាមលោក វាសនា ដោយមានការណែនាំពីរដ្ឋបាលស្រុកបែបនេះលោកនឹងរៀបចំឯកសារដាក់ទៅរដ្ឋបាលខេត្ដក្នុងពេល ២-៣ ថ្ងៃខាងមុខនេះ ខណៈបញ្ហាដីធ្លីដែលបានកើតឡើងតាំងពីឆ្នាំ ២០១១ រហូតមកនោះនៅមិនទាន់បានដោះស្រាយចប់។
លោកបានបញ្ជាក់ថា៖ «ពលរដ្ឋនៅសហគមន៍ត្រជាក់ចិត្ដជាង ៦០ គ្រួសារមានដីប្រមាណ ៣០៣ ហិកតា ដែលមិនទាន់បានដោះស្រាយ ចំណែកសហគមន៍បាតខ្ទះមានពលរដ្ឋជាង ៤០ គ្រួសារដែលមានដីប្រមាណជាង ២៥០ ហិកតាដែលត្រូវក្រុមហ៊ុនឋានសួគ៌មករំលោភបំពានដោយគ្មានអាជ្ញាប័ណ្ណ និងមិនមានការទទួលស្គាល់ពីក្រសួងត្រឹមត្រូវ»។
អ្នកស្រី អឿន ង៉ែត តំណាងពលរដ្ឋនៅសហគមន៍បាតខ្ទះបានឱ្យដឹងថា មន្ត្រីរដ្ឋបាលស្រុកព្រៃនប់បានមកជួបពលរដ្ឋ តែមិនឱ្យហែក្បួនទេ ដោយបានលើកហេតុផលថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ហើយបង្វែរឱ្យពលរដ្ឋទៅជួបជុំនៅសាលាស្រុកវិញ។
អ្នកស្រីបន្ដថា៖ «ខាងសាលាស្រុកបានឱ្យតំណាងសហគមន៍យើងទាំង ២ ចំនួន ៦ នាក់ ចូលទៅជួបជាមួយគាត់នៅការិយាល័យដោយគាត់បានប្រាប់យើងឱ្យទៅដាក់ឯកសារនៅសាលាខេត្ដវិញ»។
លោក ឃន ម៉ន នាយករងរដ្ឋបាលស្រុកព្រៃនប់ដែលបានជួបផ្ទាល់ជាមួយពលរដ្ឋបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ពលរដ្ឋទាំងនេះធ្លាប់បានដាក់ញត្ដិទៅរដ្ឋបាលខេត្ដព្រះសីហនុ ទៅរដ្ឋសភា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជុំវិញការស្វែងរកដំណោះស្រាយរឿងដីធ្លីរបស់ពួកគាត់នេះ ហើយក្រសួងនេះបានបញ្ជូនកិច្ចការងារនេះមករដ្ឋបាលខេត្ដជាអ្នកដោះស្រាយ។
លោកបានបន្ដថា៖ «ករណីទី ២ នេះ គាត់សុំមកថ្នាក់រដ្ឋបាលស្រុកឲ្យបើកផ្លូវប្រើប្រាស់ពីផ្លូវសម្ដេចសង្ឃទៅកាន់ទីតាំងដីរបស់គាត់។ ជាលទ្ធផលដោយសារសំណើរបស់គាត់នោះដាក់ទៅរដ្ឋបាលខេត្ដ ក្រសួងដែនដី និងរដ្ឋសភាហើយ អ៊ីចឹងជាសមត្ថកិច្ចកំពុងស្ថិតនៅថ្នាក់រដ្ឋបាលខេត្ដ រដ្ឋសភា និងក្រសួងរៀបចំដែនដី»។
យ៉ាងណាក្ដីលោក ឃន ម៉ន បានបញ្ជាក់ថា ជាលទ្ធផលក្រសួងបានចុះទៅទីតាំងតាមសំណើរបស់ពលរដ្ឋហើយបានពិនិត្យឃើញថា ទីតាំងដីនេះពលរដ្ឋពុំបានកាន់កាប់អាស្រ័យផលទេហើយជាប្រភេទដីគម្របព្រៃឈើដោយមានព្រៃឈើ ៩០ ភាគរយនិងមានឈើល្អបង្គួរ។
លោកបញ្ជាក់ថា៖ «ការដាក់ញត្ដិរបស់គាត់កម្មវត្ថុសំណើ មានតែមួយទេ គឺសុំបើកផ្លូវទៅកាន់ទីតាំងដីរបស់ពួកគាត់ ប៉ុន្ដែពាក់ព័ន្ធនឹងទីតាំងដីពួកគាត់បានដាក់ញត្ដិទៅរដ្ឋសភានិងក្រសួងរៀបចំដែនដីរួចហើយរង់ចាំតែលទ្ធផលទេ»។
លោក គួយ សារ៉ាន់ មេឃុំ សំរុង បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋជាង ១០០ គ្រួសារនោះគឺមានអ្នកវ័យចំណាស់ខ្លះលោកស្គាល់ ចំណែកក្មេងៗមិនដែលស្គាល់ទេព្រោះទើបតែមកនៅបានជាង ១ ឆ្នាំ។
លោកបានបញ្ជាក់ថា៖ «ពូស្គាល់តែចាស់ៗ ចំណែកក្មេងៗក្រោយដូចមិនសូវជាស្គាល់ទេ គាត់ចេះតែមកនៅទៅ រកដីរកធ្លី។ អ្នកខ្លះទើបតែមកនៅក្រោយប្រហែលជាង ១ ឆ្នាំអីទេ ខ្ញុំស្គាល់ពួកគាត់ប្រហែល ៣០ ភាគរយទេ»៕