កោះកុង៖ ពលរដ្ឋ​ជាង ១០០ គ្រួសារ រស់នៅ​ភូមិ​ជ្រោយស្វាយ​ខាងលិច និង​ភូមិ​ជ្រោយ​ស្វាយ​ខាង​កើត ក្នុង​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​ឧសភា​នេះ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ស្រុក​ស្រែអំបិល ដើម្បី​ឱ្យ​អាជ្ញាធរ​រក្សា​ផ្ទៃដី​ព្រៃ​លិច​ទឹក​ទំហំ ៦៣ ហិកតា ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ទាមទារ​ឱ្យ​ស្វែងរក​ជន​ដែល​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​ម្នាក់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា ពលរដ្ឋ​ទាំង​ជាង ១០០ គ្រួសារ​នោះ បាន​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ចេញ​មុខ​បក​ស្រាយ​ចំពោះ​ករណី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជួល​ពលរដ្ឋ​ឱ្យ​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​របស់​សហគមន៍​អស់​ជាង ១៣ ហិកតា នៃ​ផ្ទៃ​លិច​ទឹក ៦៣ ហិកតា​នោះ ដែល​ព្រៃ​លិច​ទឹក​នេះ គឺ​ជា​ប្រភព​ផ្ដល់​ជីវច​ម្រុះ​ដល់​ប្រជានេសាទ និង​ពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រភព​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ជន​ខិលខូច​ជួល​ពលរដ្ឋ​មួយ​ចំនួន​ឱ្យ​ទៅ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​មក គឺ​មាន​ពលរដ្ឋ​ក្នុង​ឃុំ​ជ្រោយស្វាយ​បាន​តវ៉ា​ជាច្រើន​លើក​នៅ​ក្នុង​ភូមិ និង​ឃុំ ប៉ុន្តែ​មន្រ្ដី​មូលដ្ឋាន​ទាំង​នេះ​គ្មាន​ការ​បក​ស្រាយ​អ្វី​មក​ពលរដ្ឋ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​ឧសភា​នេះ ពលរដ្ឋ​ទាំង ២ ​ភូមិ ជាង ១០០ គ្រួសារ បាន​សម្រេច​នាំ​គ្នា​ឡើ​ងទៅ​តវ៉ា​ដល់​សាលា​ស្រុក​តែ​ម្ដង។

តំណាង​សហគមន៍​រូប​នេះ​បញ្ជាក់​ថា៖ «ពលរដ្ឋ​បន្ត​ទាមទារ​ឱ្យ​រក្សា​ដី ៦៣ ហិកតា ដែល​ជា​ព្រៃ​លិច​ទឹក​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​រហូត​តទៅ​សម្រាប់​សហគមន៍​រក​ផល​នេសាទ។ ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ពី​ខាង​ជំនាញ​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​ពលរដ្ឋ​បាន​យល់ និង​ស្វែងរក​អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់»។

លោក ជា ច័ន្ទកញ្ញា អភិបាល​ស្រុក​ស្រែអំបិល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​ជួប​ពលរដ្ឋ និង​បាន​ពន្យល់​អំពី​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ​ហើយ ដោយ​រដ្ឋបាល​ស្រុក​នឹង​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ឱ្យ​បាន​ជាក់​លាក់។

លោក​បាន​បញ្ជាក់​ថា៖ «កន្លង​មក​យើង​អត់​បាន​ទទួល​ព័ត៌មាន​នេះ​ពី​មន្រ្ដី​នៅ​មូលដ្ឋាន​ទេ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ ​គឺ​យើង​ត្រូវ​សិក្សា​រឿង​នេះ​ឱ្យ​បាន​ល្អិតល្អន់ អ៊ីចឹង​យើង​កំពុងតែ​សិក្សា​ការងារ​នេះ ជាមួយ​មន្រ្ដី​មូលដ្ឋាន»។

លោក​អភិបាល​ស្រុក​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រដ្ឋបាល​ស្រុក​នៅ​មិន​ទាន់​អាច​បញ្ជាក់​ចំពោះ​ទីតាំង​ដី​ព្រៃ​លិច​ទឹក​នោះ​ថា ជា​ដី​យ៉ាង​ម៉េច​បាន​ទេ គឺ​ត្រូវ​ការ​ពេល​វេលា​សិក្សា​សិន។ ប៉ុន្ដែ​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ គឺ​បញ្ជាក់​ថា​ ដី​នោះ​ជា​ដី​ព្រៃ​លិច​ទឹក​របស់​សហគមន៍ ដូច្នេះ​ក្រុម​ការងារ​នឹង​ចុះ​ទៅ​ធ្វើ​ការងារ​នេះ។

លោក ថោង ច័ន្ទតារា មន្រ្ដី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក នៅ​ខេត្ត​កោះកុង​បាន​ថ្លែង​ថា នៅ​ដើម​ឆ្នាំ ២០២១ នេះ​ ខេត្ដ​កោះកុង​មាន​ករណី​រំលោភ​ទន្រ្ទាន​ដី​រដ្ឋ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​កើត​ឡើង​ជាច្រើន​លើក ហើយ​ករណី​នៅ​ឃុំ​ជ្រោយស្វាយ​នេះ អាច​ជា​ករណី​ឃុបឃិត​គ្នា ដើម្បី​យក​ដី​រដ្ឋធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

លោក​ថា៖ «បើ​ដី​នេះ​ជា​ដី​របស់​រដ្ឋ ហើយ​អាជ្ញាធរ​ឃុបឃិត​គ្នា​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ទៅ​ឱ្យ​បុគ្គល​ឯកជន​នោះ គឺ​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង​ ព្រោះ​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​មុន​នឹង​ប្រគល់​ឱ្យ​វិស័យ​ឯកជន ឬ​បុគ្គល​កាន់កាប់ គឺ​ត្រូវ​មាន​ការ​ធ្វើ​អនុប្រយោគ​ពី​រាជរដ្ឋាភិបាល​ទើប​អាច​យក​ដី​នោះ​ប្រើប្រាស់​បាន»។

បើ​តាម​តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទៃ​ដី​ទំហំ ៦៣ ហិកតា​នោះ គឺ​ជា​ដីព្រៃ​កោងកាង​ និង​ជា​ជម្រក​ពពួក​ពូជ​ជីវៈ​ចម្រុះ​មាន​ក្តាម​ខ្យង បន្លែ​ព្រៃ​ជា​ច្រើន​មុខ​សម្រាប់​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​តាមរយៈ​ការ​អាស្រ័យ​ផល​ជា​ប្រចាំ​ច្រើន​ជំនាន់​មក​ហើយ។ ប៉ុន្ដែ​ផ្ទៃដី​ព្រៃ​សហគមន៍​នេះ ត្រូវ​បាន​ជន​ខិលខូច​ជួល​ពលរដ្ឋ​ទៅ​កាប់​ទន្រ្ទាន បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ជាង ១៣ ហិកតា នៅ​ដើម​ឆ្នាំ ២០២១ ថ្មីៗ​នេះ។

តំណាង​សហគមន៍​រូប​នេះ​ឱ្យ​ដឹង​ថា ផ្ទៃដី​ទំហំ ៦៣ ហិកតា​នេះ កាល​ពី​ឆ្នាំ ២០១៤ រដ្ឋាភិបាល​បាន​ដក​ហូត​សិទ្ធិ​កាន់​កាប់​អភិវឌ្ឍ​ពី​ក្រុមហ៊ុន ច័ន្ទ រតន៍ គ្រុប ឱ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ការ​ដក​ហូត​មក​នេះ គឺ​រាជ​រដ្ឋាភិបាល​ទុក​ប្រយោជន៍​ដល់​ប្រជាសហគមន៍​ក្នុង​ឃុំ​ជ្រោយស្វាយ ដើម្បី​បាន​ប្រើប្រាស់​អាស្រ័យ​ផល​វិញ៕

វីដេអូ៖