The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ជាង ១០០ គ្រួសារ នាំ​គ្នា​ដាំ​កូន​ដើម​កោងកាង​ប្រមាណ ៣ ម៉ឺន​ដើម​ឡើង​វិញ ក្រោយ​ជន​ខិលខូច​កាប់​ទន្រ្ទាន​យក​ដី​ជា​កម្មសិទ្ធិ




ពលរដ្ឋ​ជាង ១០០ គ្រួសារ នាំ​គ្នា​ដាំ​កូន​ដើម​កោងកាង​ប្រមាណ ៣ ម៉ឺន​ដើម​ឡើង​វិញ ក្រោយ​ជន​ខិលខូច​កាប់​ទន្រ្ទាន​យក​ដី​ជា​កម្មសិទ្ធិ

Content image - Phnom Penh Post
លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលសារព័ត៌មានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ ស្ថិតនៅស្រុកស្រែអំបិល នៅរសៀលនេះ។ រូបថត រដ្ឋបាលខេត្តកោះកុង

ពលរដ្ឋ​ជាង ១០០ គ្រួសារ នាំ​គ្នា​ដាំ​កូន​ដើម​កោងកាង​ប្រមាណ ៣ ម៉ឺន​ដើម​ឡើង​វិញ ក្រោយ​ជន​ខិលខូច​កាប់​ទន្រ្ទាន​យក​ដី​ជា​កម្មសិទ្ធិ

កោះកុង៖ ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ នៅ​ភូមិ​ជ្រោយស្វាយ​ខាង​លិច និង​ជ្រោយស្វាយ​ខាង​កើត ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល បាន​នាំ​គ្នា​ដាំ​កូន​ដើម​កោងកាង​ប្រមាណ ៣ ម៉ឺន​ដើម​ឡើង​វិញ លើ​ផ្ទៃដី​ជិត ១៣ ហិកតា ដែល​ជន​ខិលខូច​កាប់​រាន​ទន្រ្ទាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ពលរដ្ឋ​ម្នាក់​ជា​តំណាង​សហគន៍​នៅ​ឃុំ​ជ្រោយស្វាយ​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី ៤ ឧសភា​ថា ផ្ទៃដី​ទំហំ ៦៣ ហិកតា នៅ​ភូមិ​ជ្រោយស្វាយ​ខាង​លិច ឃុំ​ជ្រោយស្វាយ ដែល​ជា​ដីព្រៃ​កោងកាង និង​ជា​ជម្រក​ពពួក​ពូជ​ជីវៈ​ចម្រុះ​មាន​ក្តាម​ខ្យង បន្លែ​ព្រៃ​ជា​ច្រើន​មុខ សម្រាប់​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជា​ប្រចាំ​ច្រើន​ជំនាន់​កន្លង​មក​ហើយ។

ប៉ុន្ដែ​ផ្ទៃ​ដី​ព្រៃ​សហគមន៍​នេះ ត្រូវ​បាន​ជន​ខិលខូច​ជួល​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ កាប់​ទន្រ្ទាន បណ្ដាល​ឱ្យ​រង​ការ​ខូច ខាត​ជាង ១២ ហិកតា ក្នុង​ពេល​ថ្មីៗ​ដើម​ឆ្នាំ​ ២០២១ នេះ។

តំណាង​សហគមន៍​រូប​នេះ​ឱ្យ​ដឹង​ថា ផ្ទៃដី​ទំហំ ៦៣ ហិកតា​នេះ កាល​ពី​ឆ្នាំ ២០១៤ រដ្ឋាភិបាល​បាន​ដក​ហូត​សិទ្ធិ​កាន់​កាប់​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន ច័ន្ទ រតន៍ គ្រុប ឱ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ការ​ដក​ហូត​មក​នេះ រដ្ឋាភិបាល​ទុក​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ក្នុង​ឃុំ​ជ្រោយស្វាយ ប្រើប្រាស់​អាស្រ័យ​ផល​វិញ។

តំណាង​សហគមន៍​ដដែល​ឱ្យ​ដឹង​ថា៖ «ប៉ុន្ដែ​ក្នុង​ពេល​ថ្មីៗ​ឆ្នាំ ២០២១ មាន​ការ​លួច​ចូល​កាប់​ទន្រ្ទាន​ដី​ព្រៃ​កោងកាង ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​អស់​ចំនួន​ជាង ១២ ហិកតា»។

លោក​បន្ថែម​ថា៖ «ដូច្នេះ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជ្រោយស្វាយ​លិច ភូមិ​ជ្រោយ​ស្វាយ​កើត បាន​ធ្វើ​ការ​តវ៉ា​ចំនួន ៥ លើក​រួច​ហើយ រួម​ទាំង​ថ្ងៃទី ៣ ខែ​ឧសភា​នេះ​ដែរ ដោយ​បាន​ធ្វើ​ការ​តវ៉ា​នៅ​ទីតាំង​ដី​ព្រៃ​កោងកាង​ខាង​លើ​ផ្ទាល់ និង​ទៅ​តវ៉ា​នៅ​សាលា​ឃុំ​ជ្រោយ​ស្វាយ​ផង​ដែរ»។

លោក​បញ្ជាក់​ថា៖ «គោល​បំណង​របស់​ប្រជាពលរដ្ឋ គឺ​ទាមទារ​ឱ្យ​រដ្ឋបាល​ខេត្ដ​រក្សា​ដី ៦៣ ហិកតា ដែល​ជា​ព្រៃ​លិច​ទឹក​នេះ ជា​សម្បត្តិ​សាធារណៈ [របស់] រដ្ឋ​រហូត​តទៅ​សម្រាប់​ជា​ប្រយោជន៍​ដល់​សហគមន៍»។

បើ​តាម​តំណាង​សហគមន៍​ដដែល នៅ​ថ្ងៃទី ៣ មេសា ក្រុម​ការងារ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​ដី​ព្រៃ​លិច​ទឹក​ដែល​រង​ការ​រំលោភ​បំពាន​នេះ​ម្តង​ដែរ។ ប៉ុន្ដែ​មិន​ទាន់​ឃើញ​មាន​សេចក្តី​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

ប្រជា​ពលរដ្ឋ​ជាង ១០០ គ្រួសារ​នោះ បាន​ដាំ​កូន​កោងកាង​ចំនួន ២ លើក ក្នុង​នោះ​លើក​ទី១ នៅ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ មាន​ពលរដ្ឋ​ចូលរួម​ដាំ​ចំនួន ១៨៧ នាក់។

លើក​ទី២ នៅ​ថ្ងៃទី ៣ ខែ​ឧសភា មាន​ពលរដ្ឋ​ចូល​រួមដាំ​ចំនួន ១០៧ នាក់ សរុប​កូន​កោងកាង​ដែល​បាន​ដាំ​មាន​ចំនួន​ប្រមាណ ៣ ម៉ឺន​ដើម លើ​ផ្ទៃ​ដី​ដែល​ជន​ខិលខូច​កាប់​ទន្ទ្រាន​ជិត ១៣ ហិកតា។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃទី ៤ ឧសភា​នេះ។

លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង​ថ្លែង​នៅ​ថ្ងៃទី៤ ខែ​ឧសភា​នេះ​ថា លោក​នឹង​ចាត់​ឱ្យ​មន្រ្ដី​ស្រុក​ចុះ​ទៅ​សិក្សា​លើ​ករណី​នេះ។

លោក​បញ្ជាក់​ថា៖ «ករណី​នេះ វា​អាច​មាន​ជន​ខិលខូច​ចូល​ទៅ​ទន្រ្ទាន ឬ​ក៏​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ក៏​ចង់​បាន ប៉ុន្ដែ​ក្រោម​ការ​ញុះញង់​របស់​នណា​ម្នាក់។ ប៉ុន្ដែ ខ្ញុំ​មិន​ទាន់​ថា ម៉េច​ទេ គឺ​ខ្ញុំ​ចុះ​ទៅ​ស្រាវជ្រាវ​សិន»។

លោក ថោង ច័ន្ទតារា មន្រ្ដី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កោះកុង សង្កេត​ឃើញ​សកម្មភាព​កាប់​រុករាន ទន្រ្ទាន​ដី​ព្រៃ និង​សកម្មភាព​ចាក់​ដី ថ្ម លុប​ព្រែក​ជា​ដើម បាន​កើត​មាន​ឡើង​ច្រើន​ក្នុង​រយៈពេល ៤ ខែ ឆ្នាំ ២០២១ នេះ។

លោក​បាន​ថ្លែង​ថា៖ «ក្រោយ​ពី​មាន​ការ​រំលោភ​បំពាន​យើង​ឃើញ​អាជ្ញាធរ​ចុះ​ទៅ​ណែនាំ​ឱ្យ​ធ្វើ​កិច្ចសន្យា ឬ​ទៅ​បិទ​ប្រកាស​ហាម​ឃាត់​កុំ​ឱ្យ​ជន​ខិលខូច​បន្ត​ទន្រ្ទាន​យក​ដី​រដ្ឋ ប៉ុន្ដែ​យើង​មិន​ដែល​ឃើញ​អាជ្ញាធរ​អនុវត្ដ​ច្បាប់ ចំពោះ​ជន​ល្មើស​ទាំង​នោះ​ទេ។ បញ្ហា​នេះ​កើត​ឡើង​ព្រោះ​តែ​មាន​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា ធ្វើ​មិន​ដឹង មិន​ឮ​ចំពោះ​បទល្មើស​ដែល​កើត​ឡើង»៕

អត្ថបទគួរចាប់អារម្មណ៍