ព្រះវិហារៈ ​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​ កំពុង​ធ្វើការ​ទាមទារ​សំណង​ពី​អាជ្ញាធរ ក្រោយពី​ការសាងសង់​ទំនប់​រក្សា​ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ធ្វើ​សម្រាប់​ទប់ទឹក​ដែល​មាន​ទំហំ​ ៣ ៤០០ ​ម៉ែត្រ​ស្ថិត​នៅ​ក្នុងស្រុក​ជ័យសែន​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​លើដី​ស្រែ​ និង​ដី​លំនៅឋាន​របស់​ពួកគេ​។

លោក រ៉េត សារុំ ពលរដ្ឋ​ម្នាក់​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ដែលមាន​ទីតាំងនៅ​ភូមិ​សំរោង ឃុំ​រក្សា ស្រុក​រវៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ខែ​ឧសភា​ឆ្នាំមុន អាជ្ញាធរ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​អំពី​គម្រោង​សាងសង់​ទំនប់​រក្សា​ទឹក​ហើយ​បាន​បង្ហាញ​ពី​សំណង​ដែល​បាន​ធ្វើការ​វាយតម្លៃ​។

ក្នុង​សេចក្ដី​ជូនដំណឹង​នោះដែរ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ផ្អាក​ធ្វើ​សកម្មភាព​លើ​ទីតាំង​របស់​ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​រងចាំ​ដំណោះស្រាយ​។

លោក សារុំ បាន​ឲ្យ​ដឹងថា ដំណោះស្រាយ​ដែល​អាជ្ញាធរ​បានផ្តល់​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ គឺ​មាន​ ៣ ដំណាក់កាល ​ចំពោះ​ដី​ដែល​ប៉ះពាល់​នៅ​មាត់​ផ្លូវ​នឹង​ទទួល​សំណង ២ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ហិកតា​ ហើយ​ដី​ដែល​ប៉ះពាល់​ក្រោយៗ​នឹង​ទទួលបាន​សំណង​ ១ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ហិកតា​។ ចំណែក​ដី​ដែល​ប៉ះពាល់​ត្រង់ចំណុច​បាត​ទំនប់​គឺ​ទទួលបាន​សំណង​ត្រឹមតែ ៧០០ ដុល្លារ​ ក្នុង​ ១ ​ហិកតា​។

លោក សារុំ បាន​ថ្លែងថា​៖ «​ឲ្យ​មួយ​ហិកតា​ត្រឹម ៧០០ ​ដុល្លារ ​ពួកយើង​ម៉េច​ព្រម យើង​ចង់បាន​ស្មើគ្នា ឬ​ទៅតាម​តម្លៃ​ទីផ្សារ​ទៅ​។ ម្យ៉ាង​មិនទាន់​បាន​ធ្វើ​អី​ទេ ១ ​ឆ្នាំ​ហើយ ហាម​យើង​មិន​ឲ្យ​ធ្វើស្រែ ហើយ​គ្នា​បាន​អី​ហូប បើ​មិន​បាន​ធ្វើ​អី​នោះ​។ ពលរដ្ឋ​ច្រើន​គ្រួសារ អត់បាយ​ហូប ទៅ​ស៊ីឈ្នួល​គេ​រាល់ថ្ងៃ បើ​មិនទាន់​ធ្វើ​អី និង​ផ្តល់​សំណង​អី​សមរម្យ​ដល់​ពួកយើង គួរតែ​ឲ្យ​ពួកយើង​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​សិន​ទៅ​»​។

លោក សារុំ បាន​អះអាង​ថា​ប្រជាពលរដ្ឋ​ទាំងអស់​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សំណង​ចុងក្រោយ​ដែល​ផ្តល់​ឲ្យ​ពលរដ្ឋ ព្រោះ​មិន​សមស្រប​នឹង​ទីផ្សា​នោះ​ទេ​ម្យ៉ាងទៀត​ពលរដ្ឋ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ផងដែរ ព្រោះ​មិនអាច​ដាំដុះ​លើដី​របស់​ខ្លួន​ជិត​ ១ ​ឆ្នាំ​មកហើយ​។

លោក​ ឆាង សាវុធ ពលរដ្ឋ​ម្នាក់ទៀត​នៅ​ភូមិបរ ឃុំ​ពុទ្រា ស្រុក​ជ័យសែន បាន​ថ្លែង​ដោយ​មិន​ជំទាស់​ទៅនឹង​គម្រោង​សាងសង់​ទំនប់ទឹក​រក្សា​នេះ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ចង់បាន​សំណង​សមរម្យ ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​ទៅ​ទិញ​ដី​នៅ​កន្លែង​ផ្សេង​បាន​។

លោក សាវុធ ថ្លែងថា​៖ «​យើង​បានដាក់​ញត្តិ​ជូន​អភិបាល​ខេត្តហើយ​កាលពី​ចុងខែ​មុន ប៉ុន្តែ​មិនទាន់​ដឹង​ដំណោះស្រាយ​យ៉ាងណាទេ​។ ប្រជាជន​យើង​មិន​មានការ​ប្រកែក​ ឬ​ក៏​មិន​ចង់​ឲ្យ​ធ្វើ​ទំនុប​នេះ​នោះ​ទេ គ្រាន់​តែ​សុំ​សំណង​ឲ្យ​បាន​សមរម្យ​ទេ ព្រោះ​បើ​គាត់​ឲ្យ​តម្លៃ​ប៉ុណ្ណឹង សួរថា​តើ​យើង អាច​ទៅ​ទិញ​ដី​ឯណា​បាន ព្រោះ​ដី​សព្វថ្ងៃនេះ​ឡើង​ថ្លៃ​ណាស់​»​។

លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​ជូន​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើការ​ពិចារណា​ហើយ​។ ប៉ុន្តែ​មិនទាន់​ដឹងថា​មាន​ការសម្រេច​យ៉ាងណា​ចំពោះ​លទ្ធផល​នោះ​ទេ​។ បញ្ហា​នេះ​អាជ្ញាធរខេត្ត​នឹង​ធ្វើការ​កោះ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងពេល​ឆាប់ៗ​ក្រោយ​មាន​ការសម្រេច ព្រោះ​សំណើ​នេះ​ហួស​ដែន​សមត្ថកិច្ច​ខេត្ត​។ លោក​បន្តថា​គម្រោង​នេះ​ជា​របស់​គណៈកម្មការ​ជាតិ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​សេដ្ឋកិច្ច​ដែល​ជា​អ្នកធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​នេះ​។ យើង​កំពុង​រៀបចំ​ប្រជុំ​ក្នុង​ខេត្ត​ដើម្បី​ដាក់​ជូន​ទៅខាង​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​ហ្នឹង​។

លោក​ឲ្យ​ដឹង​ទៀតថា​៖ «​ឆាប់ៗ​ហ្នឹង យើង​នឹង​មាន​មន្ត្រី​ដោះស្រាយ​ផលប៉ះពាល់​ចុះ​មក​បង្ហាញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​មិន​ចង់​បាន​សំណង​ទាំងនេះ​។ តាមពិត​ការផ្តល់​សំណង​នេះ​គឺ​ខាង​ក្រសួង​សេដ្ឋកិច្ច​បាន​សិក្សា​ល្អិតល្អន់​ណាស់ ព្រោះ​មាន​អ្នកជំនាញ​ឯករាជ្យ​មក​ធ្វើការ​វាយតម្លៃ​ដែរ មិនមែន​ចេះតែ​រដ្ឋ​យើង​ជា​អ្នកធ្វើ​ទេ​»​។

បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​គម្រោង​សាងសង​អាង​ទំនប់​ទឹក​រក្សា​នេះ ជា​គម្រោង​របស់​រដ្ឋាភិបាល​សាងសង់​ឡើង​ដើម្បី​ទប់ទឹក សម្រាប់​ពលរដ្ឋ​ធ្វើ​កសិកម្ម​ដែល​មាន​ផ្ទៃ​បាត​ទំនប់​ប្រមាណ​ពី​ ៣០០ ​ទៅ​ ៤០០ ម៉ែត្រ និង​មាន​កម្ពស់​ ៣ ​ម៉ែត្រ​។ គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​លើដី​ស្រែចម្ការ និង​ផ្ទះ​របស់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ស្រុក​ចំនួន​ ៣ និង​ក្រុង​ ១ គឺ ស្រុក​ជ័យសែន ស្រុក​រវៀង ស្រុក​គូលែន និង​ក្រុង​ព្រះវិហារ​។

លោក រ៉េត សារុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​កំពុង​ចាប់ផ្ដើម​ឈូសឆាយ​សង់​ទំនប់​នេះ​នៅ​ផ្នែក​ខ្លះ ដែល​ប្រជាពលរដ្ឋ​ព្រម​ទទួលយក​សំណង​ចំណែក​ផ្នែក​ខ្លះ​ក្នុង​ឃុំ​ចំនួន​ ៣ ​គឺ​ឃុំ​ពុទ្រា​ឃុំ​រក្សា និង​ឃុំ​ស្អាង​របស់​ស្រុក​ជ័យសែន និង​ឃុំ​រក្សា​ក្នុង​ស្រុក​រវៀង​នៅ​មិនទាន់​បាន​ឈូសឆាយ​នោះទេ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិនទាន់​យល់ព្រម​ទទួល​សំណង់ និង​កំពុង​ធ្វើការ​ទាមទារ​សំណង​បន្ថែម​៕