កណ្ដាលៈ យ៉ាង​ហោចណាស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១០០ ​នាក់ ​នៅក្នុង​ភូមិ​ពាមស្ដី ឃុំ​ព្រែកឫស្សី ស្រុក​ល្វាឯម ខេត្ត​កណ្តាល​បាន​ស្វែងរក​សេវា​ពិនិត្យ​សុខភាព​ចាប់តាំងពី​ថ្ងៃទី ២៦ ក្រោយពី​ពួកគេ​សង្ស័យ​ថា មាន​បញ្ហា​ឆ្លង​ជំងឺ​គ្រុនឈីក​ដែល​កើតឡើង​ដោយសារ​សត្វ​មូសខ្លា​ញី​ខាំ​។ យោងតាម​លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​អះអាង​កាលពី​ម្សិលមិញ​។

លោក គួយ ប៊ុនធឿន បាន​ថ្លែង​ថា ក្រុមការងារ​សុខាភិបាល​ចំនួន ១២ ​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រចាំការ និង​រង់ចាំ​ពិនិត្យ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ស្វែងរក​សេវា​នៅក្នុង​ភូមិ​ផ្ទាល់​តែម្តង ដោយសារ​តែ​ភូមិ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព និង​មាន​ផ្លូវ​ធ្វើដំណើរ​លំបាក​ដោយសារ​ទឹក​លិច​។ ភូមិ​នេះ​ជា​តំបន់​ដាច់​ស្រយាល​ជាប់​ព្រំប្រទល់​ខេត្ត​ព្រៃវែង ហើយ​អាជ្ញាធរ​បាន​សម្រេច​រៀបចំ​ឱ្យ​អ្នក​ដែល​សង្ស័យថា​មាន​ជំងឺ​គ្រុនឈីក​ឱ្យ​សម្រាក​ក្នុង​សាលាឆាន់​នៅក្នុង​វត្ត​។ ខណៈ​ស្ថានភាព​រីក​រាលដាល​ជំងឺ​គ្រុនឈីក​ដែល​ធ្លាប់​កើតមាន​នៅក្នុង​ស្រុក​មួយចំនួន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​នៃ​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល​។

លោក ប៊ុនធឿន ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា នេះ​ជា​ករណី​សង្ស័យថា ឈឺ យើង​មិនអាច​ថា​ឈីក​ទេ ព្រោះ​យើង​មិនបាន​យក​សំណាក​ទៅពិនិត្យ​រោគសញ្ញា​»​។ «​គិត​តាំងពី​យប់​ថ្ងៃ​សៅរ៍​មក​មាន ១៤ ​នាក់ និង​ព្រឹក​ថ្ងៃអាទិត្យ​នេះ​មាន​ម្នាក់ទៀត យើង​បាន​តម្រូវឱ្យ​គាត់​សម្រាក​ព្យាបាល​ជំងឺ ចំណែក​អ្នកផ្សេងៗ​ទៀត គាត់​គ្រាន់តែ​សង្ស័យ ហើយ​ខ្លះ​ក៏​ធ្លាប់​មាន​អាការ​ចេញ​កន្ទួល​រមាស់ តែ​បានជា​ទៅវិញ​»​។

លោក ស្រី ឱ វណ្ណឌីន ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ម្សិលមិញ​ថា ចាប់តាំងពី​ជំងឺ​គ្រុនឈីក​កើត​មាននៅ​ក្នុង​តំបន់​មួយចំនួន​ស្ទើរតែ គ្រប់​ខេត្ត​កាលពី​ខែ​សីហា ឆ្នាំ​ ២០២០ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក​សរុប​ចំនួន ៥ ៩៩៨ នាក់ ខណៈ​ជំងឺ​គ្រុនឈីក នៅតែ​បន្ត​រាលដាល​ក្នុង​តំបន់​មួយចំនួន ចំណែក​តំបន់​មួយ​ចំនួន​ដែល​ធ្លាប់​ផ្ទុះ​ជំងឺ​នេះ​ស្ថិត​ក្នុង​ភាពស្ងប់ស្ងាត់​អាច​គ្រប់គ្រង​បាន​។

ក្នុងនោះ​អ្នកជំងឺ​ប្រមាណ​ជា ៩៦ ភាគរយ ​ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ទាំងអស់​បាន​ជា​សះស្បើយ​ហើយ នៅសល់​ប្រមាណ ៤ ​ភាគរយ​ កំពុង​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។ រោគសញ្ញា​គឺ​កើត​មាន​ឡើង​ក្នុង​រង្វង់​ ២ ​ទៅ​ ៣ ​ថ្ងៃ ក្រោយពី​មូស​ខ្លាញី​ខាំ​បុគ្គល​ណាមួយ​ដោយ​មាន​អាការ ក្ដៅខ្លួន​លើស​ពី​​ ៣៨ ​អង្សាសេ ឈឺក្បាល ឈឺខ្លួន​ប្រាណ សន្លាក់​ដៃជើង​ និង​មាន​ចេញ​កន្ទួល​ក្រហម​នៅលើ​ដងខ្លួន ជាពិសេស​តាម​ចំហៀង​ខ្លួន​៕