មណ្ឌលគិរីៈ ប្រជាពលរដ្ឋជាង ១០ គ្រួសារ ក្នុងសហគមន៍ពូទង់ពូហួងខេត្តមណ្ឌលគិរីអះអាង កាលពីថ្ងៃអាទិត្យថា មានទាហានមួយក្រុមដែលមានមេទាហានម្នាក់ឈ្មោះ ម៉ូ នៅពីក្រោយ បានកាប់ឈើព្រៃសម្រាប់យកជ័របស់ប្រជាពលរដ្ឋ បន្ទាប់ពីឈើទាំងនោះ ត្រូវបានដេកដួលដោយសារគ្រឿងចក្ររបស់អាជ្ញាធររុញពង្រីកផ្លូវ ហើយដែលទីតាំងនោះកំពុងស្ថិតក្នុងជម្លោះនៅឡើយ។
តំណាងពលរដ្ឋម្នាក់ ដែលមានឈ្មោះ សាន់ សារី និងជាប្រធានក្រុមល្បាតនៃសហគមន៍ពូទង់ពូហួង ស្ថិតក្នុងភូមិពូទង់ពូហួង នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន បានធ្វើការពង្រីកផ្លូវថ្មី ១ ខ្សែពីផ្លូវដែលមានស្រាប់ ចូលក្នុងក្រុមហ៊ុនរុករករ៉ែ។ លោកថាការសាងសង់ផ្លូវនេះ បានឆ្លងកាត់ព្រៃសហគមន៍របស់ពួកខ្លួន ហើយក្នុងអំឡុង ពេលសាងសង់នោះ គ្រឿងចក្រ បានកាប់ឆ្ការ និងរុញប៉ះដើមឈើយកជ័ររបស់ប្រជាពលរដ្ឋជាច្រើនដើម ដែលដើមឈើទាំងនោះ គឺពលរដ្ឋពឹងអាស្រ័យផល ដើម្បីចិញ្ចឹមជីវិត។
លោកបញ្ជាក់ថា៖ «ដើមជ័រហ្នឹង របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ពួកខ្ញុំហ្នឹង ហើយអ៊ីចឹង ដល់ពេលក្រុមហ៊ុន ឈូសឆាយប៉ះពាល់ដើមជ័រប្រជាពលរដ្ឋ ដល់អ៊ីចឹងម្ចាស់ជ័រ គេទៅព្រៃហ្នឹង គេឃើញមានអ្នកអារឈើហ្នឹង។ ដល់គេសួរថា អ្នកណាឲ្យមកអារ ដល់តែអ្នកដែលអារ គេឆ្លើយថា មេទាហានឈ្មោះ ម៉ូ ឲ្យអារ»។
លោក សាន់ សារី និយាយថា ករណីធ្វើផ្លូវ រុញដើមជ័រក្នុងដីព្រៃសហគមន៍របស់លោក មិនទាន់ទទួលបានដំណោះស្រាយឬសំណងណាមួយផង ស្រាប់តែមានការចុះមកកាប់ដើមឈើទាំងនេះ។ លោក ស្នើឲ្យមានវិធានការតាមផ្លូវច្បាប់ទៅអ្នកកាប់ឈើទាំងនោះ ហើយសំណងសមរម្យមកដល់ពលរដ្ឋ ព្រោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ សព្វថ្ងៃ គឺពឹងអាស្រ័យលើការយកជ័រពីដើមឈើក្នុងសហគមន៍ទាំងនេះ។
លោកនិយាយថា៖ «ខ្ញុំឲ្យរុញចុះផ្លូវ តែកុំរុញក្នុងដីសហគមន៍ពួកខ្ញុំ រុញតាមផ្លូវចាស់ទៅ ព្រោះផ្លូវចាស់មានហើយ វាអត់ធ្វើតាមផ្លូវចាស់ហ្នឹងទេ។ វាធ្វើហួសផ្លូវចាស់ហ្នឹងប៉ះដើមជ័ររបស់ប្រជាពលរដ្ឋច្រើនណាស់ ហើយផ្លូវនោះវាមានហើយ តែវាមកធ្វើអីក្នុងដីសហគមន៍ខ្ញុំទៀត។ ធ្វើផ្លូវហ្នឹង ប៉ះច្រើនគ្រួសារដែរ ហើយពួកយើងសុទ្ធតែអាស្រ័យផលលើដើមជ័រហ្នឹងទាំងអស់ ហើយឥឡូវមានអ្នកទៅអារយកដើមជ័រហ្នឹងទៀត»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងមេទាហាន ដែលពលរដ្ឋអះអាងថា ឈ្មោះម៉ូ នៅពីក្រោយការកាប់ឈើកាលពីថ្ងៃអាទិត្យនោះបានទេ។
លោក ដូង ចោម មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា លោកមិនបានដឹងព័ត៌មានពីករណីនេះទេ ប៉ុន្តែលោកអះអាងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកនឹងចាត់ឲ្យមន្ត្រីជំនាញ ចុះទៅស៊ើបអង្កេត។ លោក ក៏ មិនបានបដិសេធអ្វីនោះទេ ដោយអះអាងថា រង់ចាំការចុះស្រាវជ្រាវជាមុនសិន។
លោកបញ្ជាក់ថា៖ «ខ្ញុំនឹងឲ្យកម្លាំងរបស់ខ្ញុំចុះស្រាវជ្រាវ។ អរគុណដែលបានផ្តល់ព័ត៌មានទាំងនេះឲ្យខ្ញុំដឹង»។
តាមលោក សាន់ សារី បានអះអាងថា ការធ្វើផ្លូវចូលទៅក្រុមហ៊ុនរុករករ៉ែនេះ គឺធ្វើដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន។ ការសាងសង់ផ្លូវចាប់ផ្តើមតាំងពីអំឡុងខែមីនា ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋនាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ និងបានដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធជាច្រើនទៀត តែមិនទទួលបានដំណោះស្រាយនោះទេ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ថា បញ្ហានេះ មិនមានជាប់ពាក់ព័ន្ធនឹងមន្ទីរលោកទេ គឺជាការទទួលខុសត្រូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទដែលទទួលបានគម្រោងពីក្រុមហ៊ុនរុករករ៉ែរបស់ប្រទេស អូស្ត្រាលី។
លោកបញ្ជាក់ថា៖ «ព្រោះមន្ទីរនេះ បានទទួលការងារនេះ ហើយកន្លងមកដូចជាគាត់ធ្លាប់សន្យាអីជាមួយប្រជាពលរដ្ឋ ខ្ញុំមិនដឹងច្បាស់ដែរ។ យើងមិនអាចទៅចោទទាហានបានទេ ព្រោះពួកគាត់ជាវិស្វកម្ម គាត់ធ្វើការងាររបស់ខ្លួន នៅពេលទទួលម៉ៅការពីគម្រោង»។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទមិនអាចទាក់ទងសុំការអធិប្បាយបានទេ ពីម្សិលមិញ។
លោក អ៊ាង ម៉េងលី មន្ត្រីផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តមណ្ឌលគិរី និយាយថា ក្នុងករណីនេះ ប្រជាសហគមន៍ ទទួលរងគ្រោះដល់ទៅ ២ លើក ដោយការធ្វើផ្លូវ និងកាប់បំផ្លាញដើមឈើ ដែលជារបរពួកគាត់អាស្រ័យផលយូរយារមកហើយ។ លោកបន្តថា ការទាញផលប្រយោជន៍ដោយមិនបានផ្តល់សំណងត្រឹមត្រូវបែបនេះ គឺជាអំពើខុសច្បាប់ ខណៈដែលពលរដ្ឋ មិនទាន់ទទួលបានសំណងណាមួយឡើយ។
លោកថ្លែងថា៖ «ជាទូទៅការអភិវឌ្ឍមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ត្រូវសងជាសំណងដ៏សមរម្យសម្រាប់ប្រជាពលរដ្ឋ។ ប្រសិនជាប្រជាពលរដ្ឋមិនសុខចិត្តហើយមានការប្តឹងប្ដល់ទាមទារ ហើយអាជ្ញាធរគេចវេះពីការទាមទារនេះ គឺជាទង្វើមួយដែលមិនអាចទទួលយកបានទេ។ ប្រជាពលរដ្ឋអត់មានអីជាទីពឹងទេ គឺអាស្រ័យផលទៅលើដើមទាំងអស់ហ្នឹងហើយ បើសិនជាគាត់អត់មានដើមឈើទាំងហ្នឹងទេ គឺជីវភាពគាត់កាន់តែខ្វះខាត»៕