មណ្ឌលគិរីៈ ប្រជាសហគមន៍​ជាង​ ១៥ ២០០ ​គ្រួសារ​ ដែល​រស់នៅ​ក្បែរ​តំបន់​ដែនជម្រក​សត្វព្រៃ​ស្រែពក និង​ភ្នំ​ព្រេច ខេត្ត​មណ្ឌលគិរី​បាន​បញ្ឈប់​មុខរបរ​កាប់បំផ្លាញ​ព្រៃឈើ និង​ការបរបាញ់​សត្វព្រៃ​ដោយ​ពួកគេ​ងាក​មក​ធ្វើ​ជា​ឆ្មាំ​ការពារ និង​ជួយ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​វិញ ខណៈ​ពលរដ្ឋ​ភាគច្រើន​បាន​ចាប់យក​មុខរបរ​កសិកម្ម កសិឧស្សាហកម្ម និង​មុខរបរ​រក​ឃ្មុំ​។

លោក​ សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) ​ថ្លែង​ពីថ្ងៃ​ទី​ ១៨ មករា​ថា ពលរដ្ឋ​ចំនួន​ជាង​ ១៥ ២០០ ​គ្រួសារ​ មកពី​ ១៨ ​សហគមន៍​ ដែល​កំពុង​រស់នៅ​ក្បែរ​តំបន់​ដែនជម្រកសត្វព្រៃស្រែពក និង​ភ្នំ​ព្រេច​នៅក្នុង​ស្រុក​កោះញែក ខេត្តមណ្ឌលគិរី​បាន​បញ្ឈប់​មុខរបរ កាប់បំផ្លាញ​ព្រៃឈើ និង​ដើរ​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​។

ពួកគាត់​បាន​ផ្ដាស់​ប្ដូរ​ឥរិយាបថ​ងាក​មកជួយ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​វិញ ដោយ​ពួកគាត់​បានមក​ចាប់​យក​មុខរបរ ធ្វើស្រែ​ចម្ការ កែច្នៃ​ដើម​ឫស្សី​ទៅ​ជា​វត្ថុ​ប្រើប្រាស់ ឬ​វត្ថុ​អនុស្សាវរីយ៍​នានា និង​មុខរបរ​ដើររក​ឃ្មុំ​នៅក្នុង​ព្រៃ​។ ពួកគាត់​បាន​ចងក្រង​គ្នា​ជា​សហគមន៍​តូចៗ​ដើម្បី​ងាយស្រួល រក​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ដែល​ពួកគាត់​ផលិត​បាន​។

លោក​បញ្ជាក់ថា​៖ «​អង្គការ WWF បាន​ជួយ​ពួកគាត់​តាមរយៈ​បច្ចេកទេស​ចងក្រង​ជា​សហគមន៍​ស្របច្បាប់​ជួយ​បណ្ដុះបណ្ដាល​ពី​បច្ចេកទេស​កសិកម្ម ការកែច្នៃ​ឫស្សី និង​ការវេចខ្ចប់​ទឹកឃ្មុំ​។ ជា​ការកត់សម្គាល់​របស់​យើង គឺ​មុន​និង​ក្រោយ​ពួកគាត់​ចងក្រង​គ្នា​ជា​សហគមន៍ គឺ​ជីវភាព​ពួកគាត់​ខុសគ្នា​ប្រមាណ​ជាង​ ២០ ​ភាគរយ​»​។

លោក​បន្តថា​៖ «​មានន័យថា បន្ទាប់ពី​បង្កើត​ឱ្យ​សហគមន៍ គឺ​ចំណូល​រកបាន​ច្រើនជាង​មុន ហើយ​ពួកគាត់​ក៏​មិន​បារម្ភ​ប្រឈម​នឹង​ផ្លូវច្បាប់​ដែរ​»​។

ប្រធាន​សហគមន៍​អបួនលើ ឃុំ​អបួនលើ ស្រុក​កោះញែក ខេត្តមណ្ឌលគិរី លោក​ ធឿន ង៉ែត និយាយ​ពីថ្ងៃ​ទី​ ១៨ ​មករា​ថា បន្ទាប់ពី​បង្កើត​សហគមន៍​កាលពី​ឆ្នាំ​ ២០១៥ អ្នកភូមិ​មាន​ជីវភាព​ល្អប្រសើរ​ជាង​អំឡុងពេល​ចូល​ព្រៃ​កាប់​ឈើ​ និង​ការបរបាញ់​សត្វព្រៃ​។ នេះ​ដោយសារ​ពួកគាត់​បាន​ទទួល​ចំណេះដឹង ជំនាញ​ និង​បច្ចេកទេស​ពី​អង្គការ​ WWF ​និង​ក្រសួង​បរិស្ថាន​ពី​ការដាំដុះ​ដំណាំ​កសិកម្ម និង​ជំនាញ​រួមផ្សំ​មួយចំនួន​ទៀត​។

លោក​ថ្លែងថា​៖ «​កាលពី​មុន​ពលរដ្ឋ​យើង​គ្មាន​ចំណេះដឹង​ផ្នែក​កសិកម្ម ជំនាញ​អ្វី​ទេ ហើយ​អ្នកខ្លះ​ដាំ​ដំណាំ​បាន​តិចតួច គ្មាន​ទីផ្សារ​លក់ អ៊ីចឹង​ម្នាក់ៗ​គឺ​មានតែ​ការដើរ​ចូល​ព្រៃ​កាប់​ឈើ​លក់​ និង​បរបាញ់ សត្វព្រៃ​យក​សាច់​លក់​នៅ​ផ្សារ​។ ក្រោយមក​ក៏​មាន​ការអប់រំ ផ្សព្វផ្សាយ ណែនាំ​ពី​អង្គការ​ និង​អាជ្ញាធរ ពួកខ្ញុំ​ក៏​នាំគ្នា​ជួយ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​វិញ​»​។

បើតាម​ការរៀបរាប់​របស់​លោក គង់ សុធា អាយុ​ ៤០ ​ឆ្នាំ ប្រជាសហគមន៍​អបួនលើ​គឺ​លោក​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន ដោយសារ​មាន​ជំនាញ​ដាំ​ដំណាំ​បន្លែ និង​មុខរបរ​រួមផ្សំ​ផ្សេងៗ​ទៀត​។ ចំពោះ​ផលិតផល​ដែល​សហគមន៍​ផលិត​ត្រូវ​បាន​អង្គការ WWF និង​អាជ្ញាធរ​ជួយ​រក​ទីផ្សារ ក៏ដូចជា​កៀរគរ​ឈ្មួញ​មកជួយ​ទិញ​ពី​កសិករ​ដល់​មូលដ្ឋាន​។

លោក​និយាយថា​៖ «​កាលពីមុន​ខ្ញុំ​ចូលទៅក្នុង​ព្រៃ​ម្ដងៗ​ជិត​កន្លះ​ខែ ដើម្បី​កាប់​ឈើ​យកមក​លក់​ឱ្យ​ឈ្មួញ ព្រោះ​ឈ្មួញ​ដែលជា​អ្នក​ទិញ​ឈើ គេ​ចាំ​ទិញ​ពី​យើង​។ ជាធម្មតា​យើង​ចូលទៅ​ព្រៃ​ច្រើន​ថ្ងៃ​បែបនេះ​គឺ​គ្មាន​ចំណីអាហារ​អ្វី​ទេ គឺ​យើង​មាន​តែ​បាញ់​សត្វ​ដែល​នៅក្នុង​ព្រៃ​នោះ​បរិភោគ​។ អ៊ីចឹង​ពេល​ពួកខ្ញុំ​ចូល​ព្រៃ​ម្ដងៗ​គឺ​កាប់​ទាំង ព្រៃឈើ និង​បាញ់សម្លាប់​សត្វព្រៃ ប៉ុន្ដែ​ឥឡូវនេះ​យើង​ឈប់​កាប់​ព្រៃ ឬ​សម្លាប់​សត្វព្រៃ​ទៀតហើយ​»​។

រីឯ​លោក​ ហាន សុខន មេឃុំ​អបួនលើ​ឱ្យដឹង​ដែរ​ថា ពលរដ្ឋ​នៅ​ឃុំ​អបួនលើ​សព្វថ្ងៃ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​ពួកគាត់​មាន​ជំនាញ​ដាំ​ដំណាំ និង​ចេះដឹង​ពី​របៀប​កែច្នៃ​ដើម​ឫស្សី រក​ឃ្មុំ និង​មាន​មុខរបរ​បន្ទាប់បន្សំ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោក​និយាយ​ថា​៖ «​អាជ្ញាធរ​យើង​បាន​សហការ​ជាមួយ​ពួកគាត់ គឺកំណត់​ពេលវេលា​ចុះ​ល្បាត​ព្រៃឈើ ហើយ​ក្នុង​ ១ ​ខែ​ត្រូវ​ចុះ​ល្បាត ៣ ឬ​ ៤ ​ដង ហើយ​យើង​មាន​ក្រុម​ធ្វើការ​ផ្លាស់ប្ដូរ​វេន​គ្នា​។ ព្រៃ​ដែល​យើង​ឃើញ​មាន​កាប់​កន្លង​មក​នេះ គឺ​ពលរដ្ឋ​ចំណាកស្រុក​ជា​អ្នក​កាប់ រីឯ​ភូមិ​យើង​នៅ​តំបន់​នេះ គាត់​ឈប់​កាប់​ព្រៃឈើ​ហើយ​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ពីថ្ងៃ​ទី​ ១៨ មករា​ថា ពលរដ្ឋ​ទាំង​ជាង​ ១៥ ២០០ ​គ្រួសារ​ បាន​ទទួល​ចំណូល​ប្រមាណ ៣២១ ​លាន​រៀល​ ក្នុង​ ១ ​ឆ្នាំ​ ដែល​បាន​ពី​ការប្រមូលផល​អនុផល​ព្រៃឈើ​។ ប៉ុន្ដែ​មិនមែន​ជា​ការកាប់​ព្រៃឈើ ឬ​សម្លាប់​សត្វព្រៃ​ទេ ពោលគឺ​តាមរយៈ​ការដើរ​បេះ​បន្លែ ដក​ផ្សិត រក​ឃ្មុំ និង​កាប់​ឫស្សី​មក​ធ្វើ​ជា​វត្ថុ​ប្រើប្រាស់​នានា​។

លោក​ថ្លែងថា​៖ «​ការការពារ​ព្រៃឈើ​បាន​គង់វង្ស គឺអាច​ការពារ​ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​និរន្តរ៍​ដែរ ដូច្នេះ​យើង​ត្រូវតែ​នាំគ្នា​ការពារ​កុំឱ្យ​បាត់បង់​។ សព្វថ្ងៃ​យើង​មាន​អង្គការ​ដៃគូ​ និង​ក្រសួងបរិស្ថាន​ជា​អ្នកការពារ​ព្រៃឈើ ប៉ុន្ដែ​យើង​មិនអាច​ខ្វះ​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​បានទេ​។ ពលរដ្ឋ​មូលដ្ឋាន​ជា​អ្នករស់នៅ ទីតាំង​នោះ​ផ្ទាល់ អ៊ីចឹង​បើសិន​មាន​ករណី​ល្មើស​អ្វី​ ១ គឺ​ពួកគាត់​ទៅ​ដល់​កន្លែង​បទល្មើស​មុនគេ ព្រោះ​នៅ​ជិត​ជាង​សមត្ថកិច្ច​»​។

លោក​ ងីម ឡាប៉េ អតីត​ឈ្មួញ​ឈើ​យ៉ាងសកម្ម​ម្នាក់​នៅ​ឃុំ​អបួនលើ​ថ្លែងថា លោក​ធ្លាប់​ប្រកប​មុខរបរ​ជា​ឈ្មួញកណ្ដាល​ទទួល​ទិញ​ឈើ​គ្រប់​ប្រភេទ​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុងអំឡុង​ឆ្នាំ​ ២០១០​។ ពលរដ្ឋ​បាន​ចូលទៅ​កាប់​ព្រៃឈើ ហើយ​ដឹកជញ្ជូន​តាម​រទេះគោ និង​ដឹក​តាម​គោយន្ត​ចេញពី​ព្រៃ រីឯ​លោក​ជា​អ្នក​រង់ចាំ​ទិញ​បន្ត​ពី​ពួកគាត់​នៅ​មូលដ្ឋាន​។ ក្រោយពី​ទិញ​ឈើ​ទាំងអស់​ពី​ពលរដ្ឋ​គ្រប់​ចំនួន​ចន្លោះ​ពី ៥០ ទៅ​ ១០០ ​ម៉ែត្រគុប លោក​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​លក់​បន្ត​ជា​ថ្នូរ​នឹង​ប្រាក់ចំណេញ​បន្ដិចបន្ដួច​។

លោក​ថា​៖ «​មុន​ពេលដែល​ខ្ញុំ​សម្រេចចិត្ត​ឈប់​ជួញដូរ​ឈើ​នេះ ខ្ញុំ​ដេក​គិត​ច្រើន​ថ្ងៃ​ណាស់ ទម្រាំ​តែ​សម្រេចចិត្ត​ថា​ឈប់​ប្រកបមុខរបរ​ហ្នឹង ហើយ​ប្រពន្ធ​ខ្ញុំ​ក៏​ជំរុញ​ឱ្យ​ខ្ញុំ​ឈប់​រកស៊ី​ខុសច្បាប់​ដែរ​។ ដំបូង​ឡើយ ខ្ញុំ​គិតថា បើសិន​ជា​ខ្ញុំ​ឈប់​ទិញ-លក់​ឈើ ខ្ញុំ​មិនមាន​មុខរបរ​អ្វី​ផ្សេង​ទេ ប៉ុន្ដែ​មាន​អ្នកជិតខាង​ម្នាក់​បាន​បបួល​ខ្ញុំ​ឱ្យទៅ​រៀន​ពី​របៀប​ដាំដុះ​ដំណាំ​ជាមួយ​អង្គការ WWF ខ្ញុំ​សាកល្បង​រៀន​។ ​នៅពេល​រៀន​យូរៗ​ទៅ​ក៏​ចាប់អារម្មណ៍​ខ្លាំង​លើ​ការដាំដុះ​នេះ ហើយ​ក៏​សម្រេចចិត្ត​ឈប់​រកស៊ី​ទិញ-លក់​ឈើ​តែម្ដង​»៕

វីដេអូ៖