ភ្នំពេញៈ ជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីខេត្តកំពង់ស្ពឺបានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋសរុប ១ ៥២៧ គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចំនួន ៤ រួមមាន សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គងនយ និង សង្កាត់រលួសនៃខណ្ឌដង្កោ រាជធានីភ្នំពេញស្ថិតជាប់តំបន់ដែនដីសណ្ដស្ទឹងព្រែកត្នោតរងការជន់លិចយ៉ាងដំណំ។ នេះបើយោងតាមទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ប្រមូលបានពីអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃពុធ។
លោក អ៊ុំ ឡុង ចៅសង្កាត់ស្ពានថ្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅពេលនេះ កម្ពស់ទឹកនៅផ្នែកខាងលើនៃទំនប់សណ្ដស្ទឹងព្រែកត្នោតបានស្រកចុះបន្តិចវិញ ប៉ុន្តែបានកើនឡើងនៅផ្នែកខាងក្រោមក្នុងកម្រិតប្រមាណ ២ ដេស៊ីម៉ែត្រ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ធ្វើឲ្យជន់លិច និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ៨០៧ ខ្នងផ្ទះស្មើនឹង ៨៩៨ គ្រួសារ។
លោក ឡុង បានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះនៅពុំទាន់មានគ្រួសារប្រជាពលរដ្ឋណាមួយត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ ដោយសារតែផ្ទះរបស់ពួកគេសង់ខ្ពស់ពីដី ហើយទឹកទើបតែលិចចូលក្រោមផ្ទះក្នុងជម្រៅផុតក្បាលជង្គង់ប៉ុណ្ណោះ»។
លោក ឡុង បានឱ្យដឹងថា ជំនន់ទឹកស្ទឹងព្រែកត្នោតបានជន់លិចលំនៅឋានប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកជារៀងរាល់ឆ្នាំ ហើយប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះក៏មានភាពធន់ជាមួយនឹងទឹកជំនន់នេះផងដែរ។
ចំណែកលោក កឹប ហ៊ន ចៅសង្កាត់រលួសបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជំនន់ទឹកភ្លៀង និង ទឹកស្ទឹងព្រែកត្នោត ដែលហូរចាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ បានធ្វើឱ្យបាក់ស្រុតខ្នងទំនប់សណ្ដស្ទឹងព្រែកត្នោតបណ្ដាលឱ្យជន់លិច និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅផ្នែកខាងក្រោមនៃខ្នងទំនប់ក្នុងសង្កាត់របស់លោកសរុបចំនួន ២៤៧ ខ្នងផ្ទះស្មើនឹង ២៦៣ គ្រួសារ ដែលតួលេខនេះគិតត្រឹមម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០។
លោកបានបន្តថា៖ «នៅពេលនេះទឹកនៅតែបន្តជន់ឡើងជាបន្តបន្ទាប់នៅផ្នែកខាងក្រោមដីសណ្ដនៃខ្នងទំនប់ស្ទឹងព្រែកត្នោតធ្វើឱ្យអ្នកភូមិចំនួន ១៥ គ្រួសារ ដែលនៅចំមុខទឹកបាននាំគ្នាជម្លៀសចេញពីផ្ទះមកបោះតង់ស្នាក់នៅបណ្ដោះអាសន្នលើកំណាត់ផ្លូវលេខ ១០៤ និងនៅទីតាំងក្នុងវត្តព្រះធាតុ»។
ខណៈកំពុងចុះត្រួតពិនិត្យស្ថានភាពទឹកនៅក្នុងមូលដ្ឋានភូមិកន្ទុយទឹកលោក ម៉ិល អេង នាយនគរបាលប៉ុស្តិ៍សង្កាត់ទៀនបានប្រាប់ភ្នំ ពេញ ប៉ុស្តិ៍ ថា ទឹកបានជន់លិចផ្លូវលំ និងផ្លូវបេតុងនៅក្នុងភូមិនេះទាំងអស់ក្នុងជម្រៅ ១,១៥ ម៉ែត្រ ដែលរថយន្តតូចធំ ឬម៉ូតូមិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋក្នុងភូមិកន្ទុយទឹក ៣១ គ្រួសារ ដែលរងការជន់លិចខ្លាំងជាងគេបាននាំគ្នាជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពហើយ ខណៈប្រជាពលរដ្ឋ ១៤២ គ្រួសារទៀត ដែលរស់នៅក្នុងភូមិសាលា និងភូមិថ្ម កំពុងត្រូវបានទឹកជន់លិចហ៊ុមព័ទ្ធជុំវិញផ្ទះ ដែលនឹងត្រៀមចាកចេញទៅកាន់ទីទួលសុវត្ថិភាពផងដែរ»។
ចំណែកលោក វណ្ណ ចាន់ចំរើន ស្មៀនសង្កាត់គងនយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ផងដែរថា គិតត្រឹមម៉ោង ២ នៅរសៀលថ្ងៃពុធ ប្រជាពលរដ្ឋចំនួន ២០ គ្រួសារ បាននាំគ្នាជម្លៀសចេញមកបោះតង់រស់នៅជាបណ្ដោះអាសន្នលើខ្នងទំនប់សណ្ដស្ទឹងព្រែកត្នោត ខណៈ ១៩៣ គ្រួសារទៀត កំពុងបន្តរស់នៅលើផ្ទះរបស់ពួកគេ ដែលហ៊ុមព័ទ្ធដោយទឹកជំនន់។
លោកថ្លែងថា៖ «ការបាក់ធ្លាយខ្នងទំនប់ស្ទឹងព្រែកត្នោតនៅពេលនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់យើងខ្ញុំ និងបណ្ដាឃុំ-សង្កាត់មួយចំនួនទៀតនៅក្នុងខេត្តកណ្ដាល និងភាគខាងត្បូងរាជធានីភ្នំពេញ»។
បើតាមសម្ដីរបស់លោក ចាន់ចំរើន ជំនន់ទឹកស្ទឹងព្រែកត្នោតជាទូទៅមិនសូវជាធ្ងន់ធ្ងរនោះទេ ប្រសិនបើមិនមានការបាក់ទំនប់ ឬរបើកទ្វារទឹកណាមួយនៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ប៉ុន្តែកាលពីថ្ងៃអង្គារ ទំនប់ចម្ការតែ ដែលស្ថិតនៅលើខ្នងភ្នំគិរីរម្យ និងដែលមានបរិមាណទឹក ៥ លានម៉ែត្រគុប បានបាក់ស្រុតបណ្ដាលឱ្យទឹកហូរធ្លាក់យ៉ាងគំហុកចាក់មកលើតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងក្រោម ហើយបានបន្តធ្លាក់សំយុងចុះមកក្នុងស្ទឹងព្រែកត្នោត ដែលបានធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតហក់ឡើងរហូតដល់ជាង ៨,៨០ ម៉ែត្រ លើសពីកម្រិតកម្ពស់ប្រកាសអាសន្ន ១,៨០ ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៧,០០ ម៉ែត្រ)។
កាលពីថ្ងៃពុធលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កម្ពស់ទឹកនៅទំនប់ពាមឃ្លៃ និងទ្វារទឹករលាំងជ្រៃបានហក់ឡើងដល់កម្រិតត្រូវប្រកាសអាសន្នហើយដែលទាមទារពលរដ្ឋនៅផ្នែកខាងក្រោមនៃទំនប់នេះ បង្កើនការប្រុងប្រយ័ត្ន ហើយគួរនាំគ្នាជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនពេលទឹកត្រូវបានជន់លិច ពិសេស កុមារតូចៗ និងចាស់ជរា។
លោកថ្លែងថា៖ «យោងតាមកម្ពស់ទឹកនៅទំនប់ពាមឃ្លៃ នៅពេលនេះបានឈានដល់កម្រិតត្រូវប្រកាសអាសន្នហើយគឺ ៧,៧០ ម៉ែត្រ ខណៈកម្ពស់ទឹកនៅទំនប់ទ្វារទឹករលាំងជ្រៃបានហក់ឡើងដល់ ៧,៨០ ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ០,៣០ ម៉ែត្រដែលធ្វើឱ្យជន់លិចនៅតំបន់ជាយក្រុងច្បារមនជាបណ្ដើរហើយ»។
ជុំវិញករណីនេះលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អាជ្ញាធររាជធានីភ្នំពេញកំពុងប្រើគ្រប់មធ្យោបាយ និងកម្លាំងសរុប ដើម្បីធ្វើការពង្វាងផ្លូវទឹកឱ្យហូរចាក់ទៅកាន់ភាគខាងត្បូងរាជធានីភ្នំពេញ និងឱ្យហូរបន្តចាក់ទៅក្នុងទន្លេបាសាក់តាមស្ទឹងព្រែកត្នោត និងស្ទឹងព្រែកហូរ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមកលើរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «យើងមិនអាចឱ្យទឹកហូរជន់មកលើតំបន់ភាគខាងជើងរាជធានីភ្នំពេញបានទេ ព្រោះជាតំបន់ឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្មធំៗ»។ យោងតាមទិន្នន័យដែលទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃពុធបានបង្ហាញថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ប្រជាពលរដ្ឋជិត ៤ ម៉ឺនគ្រួសារនៅក្នុងរាជធានី-ខេត្តចំនួន ១៩ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៣ ០០០ គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព និងបានបង្កផលប៉ះពាល់ និងខូចខាតដំណាំស្រូវសរុបជាង ១១ ម៉ឺនហិកតា ប៉ះពាល់ និងខូចខាតដំណាំរួមផ្សំសរុប ៥៥ ៣៣៥ ហិកតា។ ជាមួយគ្នានេះបានបណ្ដាលឱ្យពលរដ្ឋចំនួន ១២ នាក់ស្លាប់ក្នុងនោះមានក្មេង ៥ នាក់ព្រមទាំងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និង អគាររដ្ឋាបាលសាធារណៈជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃម្សិលមិញបានប្រកាសអំពីការចូលរួមឧបត្ថម្ភធនសាច់ប្រាក់របស់ក្រុមពាណិជ្ជករធំៗចំនួន ៣៧ នាក់ដែលភាគច្រើនមានងារជាឧកញ៉ា ដើម្បីជួយដល់រដ្ឋាភិបាលនៅក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះបញ្ហាប្រឈមគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅកម្ពុជា។
យោងតាម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា សាច់ប្រាក់សរុបដែលក្រុមពាណិជ្ជករទាំងនោះបានផ្ដល់ជូនដល់រាជរដ្ឋាភិបាលគិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ មានចំនួនសរុប ៥ ៤១៦ ០០០ ដុល្លារអាមេរិក៕
វីដេអូ៖