កោះកុងៈ ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​ នៅ​សហគមន៍​ភូមិ​សុវណ្ណា​បៃតង​ក្នុង​ខេត្ត​កោះកុង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (wildlife alliance) ​កាលពី​ជាង​ ១០ ​ឆ្នាំ​មុន បច្ចុប្បន្ន​កំពុង​ផ្ដោតលើ​មុខរបរ​ថ្មី​នៃ​ការធ្វើ​កសិកម្ម ដាំ​ដំណាំ​ផ្សេងៗ​ក្រោយពី​បាន​បោះបង់​មុខរបរ​ពឹង​អាស្រ័យ​លើ​ការកាប់​ឈើ​ និង​បរបាញ់​សត្វព្រៃ​។

លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ថា ដំបូង​ឡើយ​ប្រជាពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​នេះ គឺ​រស់នៅ​ក្នុង​តំបន់​ព្រៃភ្នំ ដូចជា តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​នៅ​តាម​បណ្ដោយ​ដងព្រែក​ស្ទឹង​ព្រាត់ និង​តំបន់​ជីផាត់ ហើយ​ក្រោយមក​ត្រូវ​ផ្លាស់ទី​មក​រស់នៅក្នុង​សហគមន៍​ភូមិ​សុវណ្ណ​បៃតង ឃុំ​កណ្ដោល ស្រុក​បទុមសាគរ​កាលពី​ឆ្នាំ​ ២០០៤ ស្ថិត​ក្រោម​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។

លោក​បន្តថា ពលរដ្ឋ​នៅក្នុង​សហគមន៍​នេះ​គឺ​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​គឺ​ក្នុង​ ១ ​គ្រួសារ​បាន​ដី​ទទឹង​ ២៥ ​ម៉ែត្រ និង​បណ្ដោយ ៦០០ ​ម៉ែត្រ ដើម្បី​ធ្វើ​ដី​ភូមិ ដីចម្ការ និង​ដី​សម្រាប់​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ដើម្បី​កាត់ផ្ដាច់​មុខរបរ​របស់​ពួកគាត់​ពីមុន​មក ដែល​ធ្លាប់​ចូល​ព្រៃ​ប្រមូល​អនុផល​ព្រៃឈើ កាប់​ឈើ និង​​បរបាញ់​សត្វព្រៃ​។

លោក​ថា​៖ «​នេះ​គឺជា​ការអនុវត្ត​គម្រោង​ដែល​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ដើម្បី​ឱ្យ​ពួកគាត់​មាន​ភាពនឹងនរ ដោយសារ​ទី​១ ​មាន​ដី​កម្មសិទ្ធិ ទី​២ ​មាន​មុខរបរ ទី​៣ ​មាន​ចំណូល និង​ទី​៤ ​មាន​សុវត្ថិភាព​សម្រាប់​ការរស់នៅ​របស់​ពួកគាត់​។

កន្លងទៅ បងប្អូន​ដែល​អញ្ជើញ​មក​រស់នៅ​កន្លែង​នេះ​គឺ​គាត់​រស់នៅ​ជា​របៀប​មួយ​ដែល​តែង​ធ្វើ​ពីមុន​មក​គឺ​ការធ្វើ​ស្រែចម្ការ ប៉ុន្តែ​ជា​ស្រែចម្ការ​ពនេចរ​គឺ​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​ដើម្បី​ដាំ​ស្រូវ ហើយ​បន្ទាប់មក​ទៅ​កាប់ឆ្ការ​នៅ​កន្លែង​ផ្សេង ដែល​នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ សត្វព្រៃ​ផ្សេងៗ​»​។ ការលើក​ឡើង​របស់​លោក នេត្រ ភក្ដ្រា នេះ​គឺ​ធ្វើ​ឡើង​នៅពេល​លោក​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាង​ ២០ ​នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​អំពី​ការការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត​កោះកុង​កាលពី​ចុង​សប្ដាហ៍​មុន​។

ក្រុមមន្ត្រី​ក្រសួង​បរិស្ថាន​ពេល​ចុះ​ពិនិត្យ​សហគមន៍​សុវណ្ណាបៃតង​។ ហេង ជីវ័ន

លោក អាត់ ណុច ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​សុវណ្ណា​បៃតង​បាន​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​កសិកម្ម​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នេះ​គឺ​បាន​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដោយសារ​ពួកគាត់​ទទួល​បាន​ដី​កាន់កាប់​អចិន្រៃ្តយ៍ និង​ស្របច្បាប់ ហើយ​ទទួល​បាន​ការបណ្ដុះបណ្ដាល​អំពី​បច្ចេកទេស​ធ្វើ​កសិកម្ម ដើម្បី​ដាំ​ដំណាំ​ជា​យុទ្ធសាស្ដ្រ​នៅក្នុង​ដីឡូត៍​នីមួយៗ​រហូត​ទទួល​បាន​ជោគជ័យ​។

លោក​បន្តទៀត​ថា ការ​មក​រស់នៅក្នុង​សហគមន៍​គឺ​មាន​ភាពងាយស្រួល​ជាង​មុន ដោយសារ​តែមាន​សាលារៀន មន្ទីរពេទ្យ និង​ផ្សារ​នៅ​ជិត​ផ្ទះ​ដែល​កូនៗ​អាចមាន​ឱកាស​បាន​រៀន​ចប់​វិទ្យាល័យ ហើយ​ខ្លះ​រហូត​អាច​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​ភ្នំពេញ​ថែមទៀត​។

លោក​ថា​៖ «​ការដាំ​ដំណាំ​ជា​យុទ្ធសាស្ដ្រ​នេះ គឺ​ពួកគាត់​ទទួលបាន​ផល​គ្រប់មុខ​​ដំណាំ ហើយ​ដើម្បី​ឱ្យ​សហគមន៍​មាន​និរន្តរភាព​យូរអង្វែង គឺ​សហគមន៍​ក៏​ទើបបាន​បង្កើត​ចម្ការ​រួមមួយ​ដែល​មាន​ផ្ទៃដី​ ២០ ​ហិកតា ដើម្បី​ដាំ​ដំណាំ​ហូប​ផ្លែ​មាន​ចំនួន ៣ ​មុខ​ក្នុង​នោះ​ទុរេន​ ១ ៦៨៧ ដើម សាវម៉ាវ​ ៣៥៣ ​ដើម តាង៉ែន​ ១ ៤៩៣ ដើម ហើយ​ឥឡូវ​ទទួល​បាន​ផល​ខ្លះ​ហើយ ដើម្បី​យក​មក​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​សហគមន៍​ទាំងមូល ដូចជា ជួសជុល​ផ្លូវ ម៉ាស៊ីន​បូមទឹក អណ្តូងទឹក ត្រាក់ទ័រ និង​ជួសជុល​ឡាន​សម្រាប់​ដឹកជញ្ជូន​ផលដំណាំ​។ នៅពេល​ចម្ការ​រួម​នេះ​កាន់តែ​ទទួល​ជោគជ័យ គឺ​សហគមន៍​នឹង​ជួយ​ទៅដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ក្មេង​កំព្រា​អត់​ទីពឹង​ដើម្បី​ឱ្យ​បាន​រៀនសូត្រ​នាពេល​ខាង​មុខ​»​។

ប្រធាន​សហគមន៍​រូប​នេះ​បន្តថា ពលរដ្ឋ​ទាំងអស់​នៅក្នុង​ភូមិ​សុវណ្ណាបៃតង នឹង​មិន​វិលត្រឡប់​ទៅ​រស់នៅ​តាម​របៀប​ចាស់ ដែល​ពឹង​ផ្អែកលើ​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​វិញទៀត​ឡើយ​ដោយសារ​ពួកគាត់​យល់ដឹង​ច្បាស់​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ និង​សត្វព្រៃ ព្រោះ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​អាច​ផ្ដល់​ផលប្រយោជន៍​សម្រាប់​ពួកគាត់​បានយូរ​អង្វែង​។

ជាមួយ​គ្នា​នេះ​លោក នេត្រ ភក្ត្រា ក៏​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ជាង​ ១០ ​ឆ្នាំ​នេះ តំបន់​ជីផាត់​គឺ​បាន​ក្លាយជា​ជម្រក​សត្វព្រៃ ដ៏មាន​សុវត្ថិភាព និង​ជា​តំបន់​មាន​ព្រៃឈើ​គ្របដណ្ដប់​ដ៏ស្រស់ស្អាត ដែល​កំពុង​ទាក់ទាញ​អ្នក​ទេសចរ​។

លោក​បន្ថែម​ថា​​ ការបង្កើត​សហគមន៍​សុវណ្ណាបៃតង​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​តាមរយៈ​ការគិតគូរ​អំពី​ជីវភាព​របស់​ពលរដ្ឋ​នេះ គឺជា​វិធានការ​មួយ​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការពង្រឹង ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​ក្រសួង​​ក៏​កំពុង​ពង្រឹង​តួនាទី​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាតិ​ផ្សេង​ទៀត​ដែរ ឱ្យ​ចុះ​ល្បាត​រួមជាមួយ​មន្ត្រី​ឧទ្យានុរក្ស និង​បង្កើន​ឱ្យ​មាន​មុខរបរ​ថ្មី​ជាដើម​។

នៅ​ខេត្ត​កោះកុង​មាន​សហគមន៍​ការពារ​ធម្មជាតិ​ដែល​ត្រូវបាន​ក្រសួង​បរិស្ថាន​បង្កើតឡើង​ចំនួន​ ១៥ ខណៈ​សហគមន៍​ចំនួន​ ៦ ​ទៀត​ កំពុង​ដំណើរការ​រៀបចំ​ឡើង​។ យោងតាម​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បញ្ជាក់ថា ខេត្ត​នេះ​មាន​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ ១០ គឺ​តំបន់​ឧទ្យានជាតិ​ចំនួន​ ៤ តំបន់​ដែនជម្រក​សត្វព្រៃ​ចំនួន​ ៣ ក្រៅពីនេះ​គឺ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង និង​របៀង​អភិរក្ស​ជីវចម្រុះ​៕