ឧត្តរមាជ័យៈ ពលរដ្ឋ​ជាង​ ២០ ​នាក់​មកពី​ ៦៦ ​គ្រួសារ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ប្រមូល​ផ្ដុំ​គ្នា​ដើរ​ដង្ហែ​តាម​ដង​វិថី​ដោយ​សន្តិវិធី​បំណង​ដាក់​ញត្តិ​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់ជាតិ ដើម្បី​សុំ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន តែ​អាជ្ញាធរ​បាន​អះអាង​ថា ដី​នៅ​​តំបន់​នោះ​គឺ​ត្រៀម​ទុក​ធ្វើ​ទីទួល​សុវត្ថិភាព​ពេល​មាន​បញ្ហា​កើតឡើង​នៅ​ព្រំដែន​។

ញត្តិ​របស់​ពលរដ្ឋ​ដែល​បាន​នាំ​មក​នោះ​ត្រូវ​បាន​ដាក់​ទៅ​ដល់​ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​សំណង់ និង​ក្រសួង​មហាផ្ទៃ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។

លោក ហឿង ហាក់ អាយុ ៣៦ ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន​នៅ​ពេល​កំពុង​តែ​ដើរ​ដាក់​ញតិ្ត​ថា ពួកគាត់​ ៦៦ ​គ្រួសារ​បាន​កាប់​ឆ្ការព្រៃ ២១៧ ​ហិកតា​ស្ថិត​ក្នុង​ភូមិ​អូរតាម៉េង ឃុំ-ស្រុក​អន្លង់វែង ដើម្បី​សង់​ផ្ទះ​រស់នៅ និង​បង្ក​បង្កើនផល​ចាប់​តាំង​ពី​ឆ្នាំ ២០០៦ ​មក​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១៦ រហូត​មក​ទល់នឹង​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ថ្នាក់​ស្រុក និង​ខេត្ត​បាន​កំពុង​តែ​ធ្វើការ​ឈូសឆាយ​ដី ដើម្បី​ធ្វើ​ផ្លូវ ព្រំប្រទល់ និង​បែង​ចែក​ជា​ឡូត៍ៗ​ទំហំ​ ២០ ​ម៉ែត្រ​គុណ​ ៨០ ​ម៉ែត្រ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​ការដាំដុះ​របស់​ពួកគាត់​។ លោក​ថា​កាលពី​ឆ្នាំ​ ២០១៧ កន្លង​មក​ពលរដ្ឋ​ក៏​ធ្លាប់​បាន​ឡើង​​មក​ដាក់​ញតិ្ត​ដូចគ្នា​នេះ​ម្តង​រួច​ហើយ តែ​ថ្នាក់​ជាតិ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ដោះស្រាយ តែ​នៅ​តែ​គ្មាន​លទ្ធផល​សម្រាប់​ពួកគាត់​។

លោក​ ហាក់ ​អះអាង​ថា​៖ «​យើង​មាន​តែ​រង់ចាំ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ តែ​អត់​មាន​ការ​ដោះស្រាយ​។ ​មាន​តែ​ថ្នាក់​ខេត្ត​ចេញ​ដីកា​ឲ្យ​រុះរើ​ផ្ទះ​ចេញ​...​ការ​ឈូសឆាយ​នៅតែ​មាន​ជា​បន្តបន្ទាប់​រហូត​ដល់​ពេល​នេះ​។ យើង​រស់នៅ​តែលតោល មិន​ដឹង​ពឹង​អ្នកណា ទើប​នាំ​គ្នា​មក​រក​ដំណោះស្រាយ​នេះ​»​។

លោក​បាន​អះអាង​ថា​ការរស់នៅ​របស់​ពួកគាត់​ខ្លះ​ក៏​មាន​ប័ណ្ណ​គ្រួសារ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។ ប៉ុន្តែ​នាពេល​នេះ​អាជ្ញាធរ​ទំនង​ជា​កំពុង​តែ​រៀបចំ​ដី​នោះ ដើម្បី​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេង ក្រៅពី​ពួកគាត់​ទៅ​វិញ​។

ទោះ​យ៉ាង​ណា​លោក ស ថាវី អភិបាល​ខេត្ត​ឧត្តរមានជ័យ​បាន​លើក​ឡើង​ថា​ដី​នោះ​អាជ្ញាធរ​ខេត្ត និង​នាយឧត្តមសេនីយ៍​ គន់ គីម អគ្គបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ​បាន​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ជា​ទីទួល​សុវត្ថិភាព​ពេល​មាន​បញ្ហា​នៅ​ព្រំដែន ហើយ​រដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យ​សម្រេច​កាត់​ដី​ទំហំ​ ៦៥៤​ ហិកតា​តាម​សំណើ​ផង​ដែរ​។ ប៉ុន្តែ​ពលរដ្ឋ​ចំណាកស្រុក​ដែល​ភាគច្រើន​មកពី​ស្រុក វ៉ារិន ខេត្ត​សៀមរាប​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ និង​ខ្លះ​លក់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ​។

លោក​អភិបាល​បាន​មាន​ប្រសាសន៍​ថា​៖ «​ពី​មុន​គាត់​នៅ​ខាង​នោះ​ទេ តែ​គាត់​មក​កាប់​យក​ដី​នោះ​ទាំងអស់​។ មិនមែន​ចេះ​តែ​ដើរ​កាប់​យក​ហើយ​លក់​នោះ​ទេ ហើយ​ទៅ​កាប់​កន្លែង​ផ្សេង​ទៀត​។ វា​ពិបាក​អ៊ីចឹង​»​។

លោក​អភិបាល​ថ្លែង​ថា អាជ្ញាធរ​នៅ​តែ​ទទួល​ដោះស្រាយ​ជូន​ពលរដ្ឋ​ដោយ​មិន​ទើស​ទាល់​នោះ​ទេ គឺ​ឲ្យ​តែ​ពួកគាត់​ដាក់ពាក្យ​ស្នើសុំ​ដី ដោយ​មាន​ការ​​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប​ថា ពួកគាត់​ពិត​ជា​អត់​មាន​ដី​តាំង​លំនៅ និង​បង្ក​បង្កើនផល​ពិតប្រាកដ​មែន​។

លោក​បញ្ជាក់​ថា​៖ «​បើ​អត់​ពិតប្រាកដ​ឲ្យ​ដាក់​ពាក្យ​ឲ្យ​ច្បាស់លាស់​មក​។ សម័យ​តេជោ​ហើយ​គឺ​អត់​មាន​ពលរដ្ឋ​ណា​អត់​មាន​ដី​ទេ តែ​សុំ​ឲ្យ​មាន​ការគោរព​ច្បាប់​...​គាត់​ដើរ​តែ​កាប់ ហើយ​អាជ្ញាធរ​ដើរ​តែ​ឃាត់​អ៊ីចឹង​»​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​រហូត​ដល់​ម៉ោង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បោះពុម្ព​ផ្សាយ​៕