មណ្ឌលគិរី៖ ​ពលរដ្ឋ​រស់នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ​ជាង ២០ នាក់ អះអាង​ថា ពួក​គេ​បាន​រង​នូវ​ការ​គំរាមកំហែង​ពី​ឈ្នួញ​លួច​លក់​ដី​សាធារណៈ​ជាង ១០ ហិកតា ​ក្នុង​អំឡុង​ពេល​ពួក​គេ​ទៅ​ឃាត់​ការ​សាងសង់​សំណង់​លើ​ដី​មាន​ជម្លោះ​នោះ។

លោក ចែន វណ្ណា ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ក្នុង​ចំណោម​ជាង ២០ នាក់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​​ពី​ម្សិលមិញ​ថា កាល​ពី​​​ថ្ងៃទី ១៧ មីនា ពលរដ្ឋ​ទាំង​អស់​បាន​នាំ​គ្នា​ទៅ​ឃាត់​ការ​សាងសង់​សំណង់​លើដី​មាន​ជម្លោះ​ពី​សំណាក់​ក្រុម​ឈ្នួញ​ និង​ម្ចាស់​ដី​ដែល​អះអាង​ថា បាន​ទិញ​ដី​នេះ ដោយ​ស្រប​ច្បាប់។ លោក​បន្ត​ថា ក្នុង​ពេល​ចុះ​ហាម​ឃាត់​ពួក​គេ​ក៏​បាន​គំរាម​មក​លើ​ពលរដ្ឋ ​ខណៈ​ពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​ពី​ករណី​នេះ។

លោក​ថា៖ «កាល​ពី​ថ្ងៃទី ១៧ ហ្នឹង ពួក​ខ្ញុំ​បាន​ទៅ​ហាម​ឃាត់ សួរ​ហេតុផល​អ្នក​ទិញ ហើយ​គេ​ថា គេ​បាន​ទិញ​មាន​ក្រដាស​ស្នាម​ទទួល​ស្គាល់​អស់​ហើយ។ តែ​ចែ ភាន​ហ្នឹង បាន​គំរាម​ពួក​ខ្ញុំ​ថា ឈប់​មក​តវ៉ា​លើ​ដី​នេះ​តទៀត បើ​មក​ទៀត ពួក​ខ្ញុំ​ដាក់​ប៉ូលិស ប៉េអឹម​ចាប់​ហើយ»។

តាម​លោក ចែន វណ្ណា បាន​អះអាង​ថា ដី​ជាង ១០ ហិកតា​នេះ ត្រូវ​បាន​លក់​ដោយ​អ្នកស្រី​ឈ្មោះ ភាន កាល​ពី​ឆ្នាំ ២០២០ បន្ទាប់​ពី​បុគ្គល​រូប​នោះ​បាន​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​ក្នុង​ម្នាក់ៗ ១ លាន​រៀល បើ​ទោះជា​​ពួក​លោក​តវ៉ា​នឹង​ការ​លក់​ដី​រួម​នេះ​ក្ដី។ ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​ចង់​ការពារ​ដី​សម្រាប់​ប្រើប្រាស់​រួម​នៅ​ក្នុង​ភូមិ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ដំណោះស្រាយ​ដកហូត​ដី​នេះ មក​រក្សា​ទុកជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ភូមិ​វិញ។

លោក​បញ្ជាក់​ថា៖ «តាម​ប្លង់​ដែល​យើង​ទទួល​បាន​អ្នក​ដែល​ទិញ​ដី​នេះ ​គឺ​គ្រាន់​តែ​ដាក់​ឈ្មោះ​ថា ស ថេត តែ​ខ្ញុំ​មិន​ដឹង​ថា គាត់​ហ្នឹង​ជា​អ្នកណា​នោះ​ទេ​។ ចំណែក​អ្នក​លក់​ដី​នេះ ​គឺ​ជា​ឈ្មួញ​លក់​នៅ​ក្នុង​ស្រុក​មាន​ឈ្មោះ​ថា ចែ ភាន ជា​អ្នក​លួច​លក់​ឱ្យ​គេ។ ដំបូង​គាត់​ឃោសនា​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ផ្តិត​មេដៃ​ ដើម្បី​គាំទ្រ​ការ​លក់​ដី​នេះ ប៉ុន្តែ​ពលរដ្ឋ​ដែល​ផ្តិត​មេដៃ​ភាគ​ច្រើន មិនមែន​ជា​ពលរដ្ឋ​ដែល​តវ៉ា ​ដើម្បី​ការពារ​ដី​ជាង ១០ ហិកតា​នេះ​ទេ»។

អ្នកស្រី ភាន ដែល​ត្រូវ​បាន​ពលរដ្ឋ​ចោទ​ប្រកាន់​ថា បាន​កៀរគរ​មនុស្ស​លក់​ដី​នេះ​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ កាល​ពី​ម្សិលមិញ ព្រោះ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល។

ចំណែក​លោក ភី ងូក ចៅ​សង្កាត់​រមនា បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ករណី​នេះ​លោក​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្នាក់​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត​ហើយ បន្ទាប់​ពី​ការ​ចរចា​រក​ដំណោះស្រាយ​នៅ​សង្កាត់​មិន​ត្រូវ​គ្នា។ លោក​បន្ត​ថា ការ​មិន​ត្រូវ​រ៉ូវ​គ្នា ក៏​ព្រោះ​តែ​ដំបូង​ឡើយ ដី​នេះ​គឺជា​ដី​រួម​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ភូមិ ដែល​ពួក​គាត់​ច្រើន​ធ្វើ​ចម្ការ​វិល​ជុំ ឬ​អាស្រ័យ​ផល​រួមគ្នា ដោយ​ការ​លែង​គោ ក្របី​ជាដើម។

លោក ភី ងូក បាន​និយាយ​ទៀត​ថា ក្រោយ​ពី​ការ​ប្រើប្រាស់​រួមគ្នា​នេះ​មក​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​មូលមតិ​គ្នា ចង់​លក់​ដី​ទាំង​នេះ ដើម្បី​យក​លុយ​មក​ចែក​គ្នា ប៉ុន្តែ​សំណើ​នេះ ក៏​ត្រូវ​បាន​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ចំនួន​បដិសេធ ដោយ​មិន​ព្រម​លក់​តាម​ការ​ញុះញង់។

លោក​បញ្ជាក់​ថា៖ «ពលរដ្ឋ​មួយចំនួន​ក្នុង​ភូមិ បាន​ឯកភាព​គ្នា​លក់ ហើយ​មួយ​ទៀត​មិន​បាន​ទទួល​ផល ហើយ​រឿង​វា​កើត​ឡើង​ដោយសារ​ថវិកា​ខ្លះ និង​ពាក់ព័ន្ធ​នឹង​បុគ្គល​ខ្លះ។ តាម​ខ្ញុំ​ដឹង​គ្មាន​អ្នកណា​មក​ពី​ណា គឺ​ជា​អ្នក​ភូមិ​ជាមួយគ្នា​ហ្នឹង»។

យ៉ាងណា ក្នុង​នាម​អាជ្ញាធរ​ដែនដី​លោក​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ថ្នាក់​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ដោយ​ស្នើ​ឱ្យ​ផ្អាក​ការ​សាងសង់ ​ឬ​ធ្វើ​អ្វី​លើ​ដី​ជម្លោះ​នេះ​បណ្តោះអាសន្ន​សិន មុន​នឹង​មាន​សេចក្តី​សម្រេច និង​ការ​ដោះស្រាយ​ជា​ផ្លូវ​ការ ដើម្បី​ចៀសវាង​មាន​ទំនាស់​កើត​ឡើង៕