The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ជាង​ ២,៥ ​លាន​នាក់​ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជុំ​ទី​២ លើក​ទី​១




ពលរដ្ឋ​ជាង​ ២,៥ ​លាន​នាក់​ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជុំ​ទី​២ លើក​ទី​១

Content image - Phnom Penh Post
លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ ថ្លែងកាលពីសប្ដាហ៍មុន។ រូបថត ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា

ពលរដ្ឋ​ជាង​ ២,៥ ​លាន​នាក់​ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជុំ​ទី​២ លើក​ទី​១

ភ្នំពេញៈ ខណៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូវីដ​១៩​ក្នុង​ជុំ​ទី​២ លើក​ទី​១ ដែល​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៤ ខែសីហា​​ ដល់​ថ្ងៃទី​ ២៤ ខែកញ្ញា ទើប​បាន​​បិទ​បញ្ចប់​គឺ​មាន​ពលរដ្ឋ​ចំនួន ២ ៥៧០ ៦៩៥ ​នាក់​ បាន​ទទួល​ការឧបត្ថម្ភ​នេះ​ក្នុង​ទំហំ​​ទឹកប្រាក់ ១១៥ ២៤៦ ១៤០ ០០០ ​រៀល ឬ​ជាង​ ២៨,១ ​លាន​ដុល្លារ​អាមេរិក​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​កាលពី​ថ្ងៃ ២៥ កញ្ញា ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​កូវីដ​ ១៩​ សម្រាប់​ជុំ​ទី​២ លើក​ទី​១ បាន​ឱ្យ​ដឹងថា ការបើក​ផ្តល់​ជុំ​ទី​២ ​លើក​ទី​១ ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ដោយមាន​គ្រួសារ​សរុប​ចំនួន ៦៤៤ ៦៦៥ គ្រួសារ ទាំង​គ្រួសារ​ក្រីក្រ​ប្រភេទ​ ១ និង​ក្រីក្រ​ប្រភេទ​ ២ សរុប​ជា​សមាជិក​គ្រួសារ​មាន​ចំនួន ២ ៥៧០ ៦៩៥ ​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹងថា នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤ ២៨៣ ​គ្រួសារ ទីប្រជុំជន​ក្រៅ​រាជធានី​មាន​ចំនួន​ ២៦ ៣៩៩​ គ្រួសារ និង​នៅ​ជនបទ​មាន​ចំនួន ៦១៣ ៩៨៣ ​គ្រួសារ​។

ក្រសួង​នេះ​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការបើក​ផ្តល់​ប្រាក់ឧបត្ថម្ភ​ជុំ​ទី​២ លើក​ទី​២ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ២៥ ខែ​​កញ្ញា ​រហូត​ដល់​ថ្ងៃទី​ ២៤ ខែ​ តុលា ឆ្នាំ​ ២០២០ ដែល​មាន​រយៈពេល​ ៣០ ​ថ្ងៃ​»​។

លោក​ ឈួរ សុបញ្ញា ប្រធាន​​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចំពោះ​ការអនុវត្ត​នៃ​ការផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​កូវីដ​ ១៩​ សម្រាប់​ជុំ​​ទី​២ លើកទី​១ ​នេះ​ដំណើរការ​ទៅ​ដោយ​ប្រក្រតី​ធម្មតា មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ បើទោះ​ជា​មាន​ពលរដ្ឋ​ខ្លះ​ភ្លេច​លេខ​កូដ និង​ខ្លះ​បាត់​លេខ​កូដ​ក៏ដោយ ប៉ុន្តែ​ត្រូវបាន​ក្រុមការងារ​ដោះស្រាយ​ជូន​ពួកគាត់​​ដើម្បី​បើក​សាច់ប្រាក់​រួចរាល់​ហើយ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ស្ថានភាព​នៃ​ការអនុវត្ត​នៃ​ការផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​កូវីដ ​១៩​ នេះ មាន​ដំណើរការ​ធម្មតា ហើយ​ការអនុវត្ត​នេះ​គឺ​យើង​អនុវត្ត​ធម្មតា​»​។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា សម្រាប់​ការអនុវត្ត​នូវ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៣ គឺ​អាស្រ័យ​ទៅ​​លើ​ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​​ជាតិ​គាំពារ​សង្គម​សុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​ជំហាន​បន្ទាប់​ដែល​នៅ​ជុំ​ទី​៣ ​នេះ​បន្ត ឬ​មិន​បន្ត​អាស្រ័យ​ជាក់ស្តែង​លើ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក វង សូត បាន​បញ្ជាក់ថា​៖ «​សម្តេចតេជោ​ក៏​មិនទាន់​អាច​កំណត់​ថា​ជំងឺ​កូវីដ​ ១៩​ នេះ ​នឹង​បញ្ចប់​ពេលណា​ដែរ អ៊ឹចឹង​​ខ្ញុំ​សង្ឃឹមថា ជំហាន​ទី​៣ យើង​នឹង​បន្ត​អនុវត្ត​នៅពេល​យើង​​បញ្ចប់​ការបើក​ឧបត្ថម្ភ​ប្រាក់​សម្រាប់​ខែកញ្ញា​។ ​យើង​មិន​ទាន់​អាច​ប៉ាន់ស្មាន​បាន​នៅ​ឡើយ​ថា តើ​វា​នឹង​បន្ត​រយៈពេល​ប៉ុន្មាន​ខែ​ទៅមុខ​ទៀត​នោះទេ​»​។

គួរបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​កូវីដ​ ១៩ ដោយ​ចាប់ផ្តើម​​អនុវត្ត​កាលពី​ថ្ងៃទី ២៥ ខែ​ មិថុនា ឆ្នាំ​ ២០២០ មក​។ ចាប់ពី​ថ្ងៃទី​ ២៥ ខែ​មិថុនា មកដល់​ថ្ងៃទី​ ២៤ ខែកញ្ញា រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន​​ ៣១៦ ៦៧២ ២៧២ ០០០ ​រៀល​ ឬ​ជាង​ ៧៧ ​លាន​ដុល្លារ​អាមេរិក​។

លោក វង សូត បាន​ប៉ាន់ស្មាន​ដោយ​យោង​លើ​ទិន្នន័យ​ដែល​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ពិភាក្សាគ្នា​ថា សម្រាប់​ការផ្តល់​​ជូន​ក្នុង​ខែកញ្ញា​ គឺ​ចំនួន​ពលរដ្ឋ​អាច​នឹង​កើនឡើង​រហូត​ដល់​ប្រមាណ​ជិត​ ៧០ ​ម៉ឺន​គ្រួសារ ដោយសារ​ក្រសួង​នៅតែ​អនុញ្ញាត​ឱ្យ​គ្រួសារ​ក្រីក្រ​ដាក់ពាក្យ​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ តែ​គាត់​ត្រូវ​មាន​​គ្រប់​លក្ខខណ្ឌ​នៃ​ភាពក្រីក្រ​។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​លោកស្រី ForooghFoyouzat បាន​កោតសរសើរ​ទៅ​ដល់​កម្ពុជា ចំពោះ​ការបង្កើត​​កម្មវិធី​នេះ​ជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​អំឡុង​កូវីដ​នេះ​។ លោកស្រី​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​​ដំណោះស្រាយ​ក៏​ល្អប្រសើរ​​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ការទ្រទ្រង់​ជីវភាព និង​ការរស់នៅ​របស់​ពួកគាត់​ដែល​អាច​បញ្ចៀស​កុមារ​ឱ្យ​ផុតពី​បញ្ហា​​ពលកម្ម​កុមារ និង​ការជួញដូរ​​កុមារ​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។