កំពង់ឆ្នាំងៈ តាមរយៈ​តំណាង​នៃ​ប្រជាពលរដ្ឋ​ជាង​ ៤០ ​គ្រួសារ​ រស់នៅ​ភូមិ​ត្រោកលិច ឃុំ​ស្រែថ្មី និង​ភូមិ​ព្រះរាមរង្សី ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​ស្នើឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ជាង​ ៥០ ​ហិកតា​ចេញពី​ដី​កំពុង​មាន​ទំនាស់​ជាមួយ​មន្ត្រី​យោធា​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​នោះ​ដោយ​អះអាង​ថា មន្ត្រី​យោធា​បាន​ព័ទ្ធរបង​យក​ដី​របស់​ពួកគាត់​។

លោក​ ប្រាក់ សុភ័ណ្ឌ តំណាង​ពលរដ្ឋ​ជាង​ ៤០ ​គ្រួសារ ​ដែល​កំពុងមាន​ទំនាស់​ដីធ្លី​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៣ មេសា ថា​ប្រជាពលរដ្ឋ​ជាង​ ៤០ ​គ្រួសារ​ ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​កាត់​ឆ្វៀល​ដី​ជាង​ ៥០ ​ហិកតា​ ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ​។ ព្រោះ​ដី​ដែល​ក្រុម​យោធា​បាន​ព័ទ្ធ​យក​នោះ​ជា​ដី​របស់​ពលរដ្ឋ​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ និង​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក​បាន​បន្តថា កាលពី​ឆ្នាំ​ ២០១៥ ក្រុម​យោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា​មក​ព័ទ្ធរបង​ដី​ចំនួន​ ២០០ ​ហិកតា​ នៅ​តំបន់​នោះ​សម្រាប់ធ្វើ​ឃ្លាំង​អាវុធ​កា​៨៨ (K88) ​របស់​កងទ័ព​នៃ​ក្រសួង​ការពារជាតិ​។ ក្នុង​ទំហំ​ដី​ដូច​ខាងលើ​នេះ​មាន​ដី​ប្រជាពលរដ្ឋ​ជាង​ ៥០ ​ហិកតា ខណៈ​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យផល​ដាំ​ដំណាំ​ស្រូវ បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​។

លោក​ សុភ័ណ្ឌ បញ្ជាក់ថា​៖ «​នៅក្នុង​ដី ២០០ ​ហិកតា​នេះ​ គឺ​មាន​ដី​ពលរដ្ឋ​ចំនួន​ ៥០ ​ហិកតា​ដែរ ដែល​ទាហាន​ព័ទ្ធ​យក​ទាំងអស់​តែម្ដង​។ ពួក​ខ្ញុំ​បាន​ទាមទារ និង​តវ៉ា​ជាច្រើន​ឆ្នាំ​មកហើយ តែ​ក្រុម​ទាហាន​មិន​ព្រម​ប្រគល់​ដី​ជាង​ ៥០ ​ហិកតា​នេះ​ឲ្យ​ពលរដ្ឋ​វិញ​ទេ ហើយ​ពួកខ្ញុំ​ក៏​នៅតែ​ទាមទារ​ដដែល ប្រសិន​នៅតែ​គ្មាន​ដំណោះស្រាយ​»​។

លោក​ យឹម ឆិន ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ទាំងនោះ​បាន​និយាយថា ដី​ជាង​ ២០០ ​ហិកតា​ នៅ​ចំណុច​នោះ​ភាគច្រើន​ជា​ដីភ្នំ ហើយ​ដី​មួយចំនួន​តូច​ទៀត​ជា​ដី​ជើងភ្នំ និង​ជា​ដី​របស់​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល ព្រមទាំង​ជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ដោយ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ធ្វើស្រែ​ចម្ការ​តាំងពី​ឆ្នាំ​ ១៩៨៩ ​រហូត​មក​។

លោក​ក៏បាន​បន្ថែម​ដែរ​ថា ពលរដ្ឋ​បាន​តវ៉ា និង​ប្ដឹង​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌ ស្រាប់តែ​ក្រសួង​ការពារជាតិ​បាន​ចាត់តាំង​មន្ត្រី​យោធា​ ៤ ​រូប​ចុះមក​ស្រាវជ្រាវ​ដី​ខាងលើ​នេះ​ក្រោយមក​ក៏​មាន​ ស.ជ.ណ មួយ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បានប្រគល់​ដី​ទំនាស់​នេះ​ទៅ​ឲ្យ​យោធា​សម្រាប់​ធ្វើ​ជា​ឃ្លាំង​អាវុធ​កា​៨៨​ទៅវិញ ខណៈ​ដែល​រឿងនេះ​នៅ​មិនទាន់​មាន​ការដោះស្រាយ និង​ព្រមព្រៀង​ជាមួយ​ពលរដ្ឋ​នៅឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​តវ៉ា​ចង់បាន​ដី​របស់​រដ្ឋ​ទាំង ២០០ ​ហិកតា​ហ្នឹង​ទេ គឺ​ពួក​ខ្ញុំ​ស្នើសុំ​ឲ្យ​ប្រគល់​ដី​ទាំង​ជាង ៥០ ​ហិកតា​មក​ឲ្យ​ពលរដ្ឋ ហើយ​ចំណែក​ដី​ផ្សេងៗ​ទៀត​ចង់​អ្នកណា​យក​ទៅ​ធ្វើ​អ្វី​ក៏​ធ្វើទៅ ពួកខ្ញុំ​ទាមទារ​តែ​ដី​របស់​ពួកខ្ញុំ​មកវិញ​ទេ​»​។

លោក​ នូ ឃៀន មេឃុំ​ស្រែ​ថ្មី​បញ្ជាក់​កាលពី​ថ្ងៃទី​ ១៣ មេសា ថា ដី​ដែល​កំពុង​មានទំនាស់​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អាស្រ័យផល​តាំងពី​ឆ្នាំ​ ១៩៨៩ ដោយ​មួយចំនួន​មាន​បណ្ណ​កម្មសិទ្ធិ និង​មួយចំនួន​ទៀត​គ្មាន​បណ្ណកម្មសិទ្ធិ​។ ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០១៥ ក្រុម​ទាហាន​បាន​មក​ទាមទារ​យក​ដី​តំបន់​នេះ​ជា​ទីតាំង​ឃ្លាំង​អាវុធ​ (K88) ​ប៉ុន្ដែ​ពលរដ្ឋ​មិន​យល់ព្រម​រហូត​ដល់​មាន​ការតវ៉ា​បែបនេះ​។

លោក​ថ្លែងថា​៖ «​ដី​ហ្នឹង​ដំបូង​ឡើយ​ទាហាន​គ្រប់គ្រង​បាន ២ ​ឆ្នាំ​ (១៩៨៥-១៩៨៧) ហើយក៏​បាន​ចាកចេញ​ទៅ​បាត់​ដោយ​គ្មាន​ពាក្យ​ផ្ដាំផ្ញើ​អ្វី​ទេ ហើយ​ពលរដ្ឋ​ក៏​នាំគ្នា​ចូល​ទៅ​អាស្រ័យផល​ចាប់ពី​ឆ្នាំ​ ១៩៨៩​។ រាជរដ្ឋាភិបាល​ក៏​យល់ព្រម​ប្រគល់​ដី​នេះ​ឲ្យ​ទៅ​ពលរដ្ឋ​អាស្រ័យ​ផល​ដែរ​។ លុះដល់​ឆ្នាំ​ ២០១៥ ក្រុម​ទាហាន​បាន​មក​អះអាង​ថា ជា​ដី​របស់​ពួកគាត់​ទៅវិញ ហើយ​រហូត​មក​ដល់ពេល​នេះ​ភាគី​ទាំង​ ២ ​សុទ្ធតែ​អះអាងថា ជា​ដី​របស់ខ្លួន​រៀងៗ​ខ្លួន​»​។

លោក​ ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ដី​ត្រង់ចំណុច​នេះ​មាន​ទំនាស់​គ្នា​ជាយូរ​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​តែងតែ​មក​ទាមទារ​យក​ដី​នោះ ប៉ុន្ដែ​វា​ជាទី​តាំង​សម្រាប់ធ្វើ​ជាឃ្លាំង​អាវុធ​កា​ ៨៨(K88) ព្រមទាំង​មាន ស.ជ.ណ ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាត់​ប្រគល់​ឲ្យ​ក្រុម​ទាហាន​កាន់កាប់​ពេញសិទ្ធិ​។

លោក​បាន​បញ្ជាក់ថា​៖ «​លទ្ធភាព​ដោះស្រាយ​ចុងក្រោយ​គឺ​មាន​តែ​ក្រសួង​ការពារជាតិ និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ហើយ​ខ្ញុំ​អត់​អាច​សម្រេច ឬ​អារកាត់​យ៉ាងណាទេ ខ្ញុំ​គ្រាន់តែ​គ្រប់គ្រង​កងទ័ព​។ ទោះយ៉ាងណា​ក៏ដោយ​គឺ​យើង​ចង់​ឲ្យ​មាន​ការសម្របសម្រួល​បញ្ចប់ទំនាស់​នេះ​ឲ្យ​បាន​ឆាប់​ដែរ​»​។

លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ មេសា ថា​លោក​បាន​ចុះទៅ​សម្របសម្រួល​ជាច្រើន​លើក​រួច​មកហើយ ព្រមទាំង​មាន ស.ជ.ណ ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុម​ទាហាន​កាន់កាប់ ប៉ុន្ដែ​ភាគី​ពលរដ្ឋ​មិន​ព្រម​ដោយ​ពួកគាត់​នៅតែ​បន្ត​តវ៉ា​រហូត​អូសបន្លាយ​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មកហើយ​។

លោក​បាន​បន្ថែមថា លោក និង​ក្រុមការងារ​ក្រសួង​ការពារជាតិ​កំពុង​គិតគូរ​រក​ដំណោះស្រាយ​ជូន​ភាគី​ទាំង​ ២ ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​បញ្ចប់ទំនាស់​ដ៏រ៉ាំរ៉ៃ​នេះ​។ ម្យ៉ាងទៀត​លោក​មិន​ចង់​ឲ្យ​ភាគី​ពលរដ្ឋ និង​ទាហាន​ឈរ​ស្រែក​តវ៉ា​ទល់មុខ​គ្នា​បែបនេះ​ទេ​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា​៖ «​ឥឡូវនេះ​ខ្ញុំ​នឹង​ចាត់​ក្រុមការងារ​ជំនាញ​មួយ​ចុះទៅ​ស្រាវជ្រាវ​តាម​ស្ថានភាព​ជាក់ស្ដែង​នៅ​ទីតាំង​ដី​ហ្នឹង​ផ្ទាល់ ហើយ​ឲ្យ​គាត់​ទៅ​សួរ​ភាគី​ទាហាន និង​ពលរដ្ឋ​ទាំង​ ២ ​ភាគី​ហ្នឹង​ថា តើ​ពួកគាត់​ចង់បាន​អ្វី​ឲ្យ​ប្រាកដ​។ ក្រោយមក​យើង​នឹង​ចាប់ផ្ដើម​ជជែក​គ្នា​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ហ្នឹង​តែម្ដង​។ យើង​នឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​»៕