ភ្នំពេញៈ អ្នកមាន​ជម្លោះដីធ្លី​ជាង​ ៧០០ ​នាក់​ មកពី​តំបន់​ផ្សេង​គ្នា​ក្នុង​ខេត្ត​ចំនួន​ ៤ ​កាលពី​ម្សិលមិញ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីកម្ម និង​សំណង់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ ក្រោយពី​ក្រសួង​នេះ​បាន​សម្រេច​​បង្វែរ​សំណុំរឿង​ទាំងនេះ​ទៅ​​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ជា​អ្នក​ដោះស្រាយ​។

អ្នកស្រី សាំង ពុយ តំណាង​ពលរដ្ឋ​មកពី​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រជាពលរដ្ឋ​ជាង ៧០០ នាក់​ មកពី​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ​ដែល​សុទ្ធតែ​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ហើយ​មិនទាន់​មាន​ដំណោះស្រាយ​ដល់​ពួកគេ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ការរួម​គ្នា​តវ៉ា ក៏​ព្រោះតែ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកយើង គឺ​ដូចគ្នា​បាន​កើតឡើង​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​អ្នកមានអំណាច​ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​នោះទេ បើទោះ​ជា​បាន​ស្វែងរក​កិច្ចអន្តរគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ក្ដី​»​។

លោក ម៉ា អ៊ុកជឿន ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់​ទៀត​មកពី​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ជម្លោះដីធ្លី​របស់​ពួកគាត់​បាន​អូសបន្លាយ​រយៈពេល​ ១០ ​ឆ្នាំ​ មកហើយ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ដែល​មាន​ពលរដ្ឋ​ជាង ៨០០ ​គ្រួសារ​ មិន​ទាន់​ទទួលបាន​ដំណោះស្រាយ ហើយ​ការតវ៉ា​រួមគ្នា​ពេល​នេះ ព្រោះ​ពលរដ្ឋ​សុទ្ធតែ​មាន​បញ្ហា​ដូចគ្នា​។

លោក អ៊ុក ជឿន ដែល​បាន​ប្រជុំ​ជាមួយ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី បន្ទាប់ពី​បាន​ជួប​ជាមួយ​តំណាង​ពលរដ្ឋ​ក្នុង​ខេត្ត​នីមួយៗ​ថា ក្រសួង​បាន​បង្វែរ​សំណុំ​រឿង​របស់​ពួកគេ​ទៅ​ឲ្យ​ថ្នាក់​ខេត្ត ជា​អ្នកដោះស្រាយ​វិញ​ដោយ​ក្រសួង​ជា​អ្នក​បន្ត​តាមដាន​។

លោក សុខ សុទ្ធី អ្នក​នាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជាទូទៅ​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ មិនមែន​មិនមាន​ដំណោះស្រាយ​ទេ ប៉ុន្តែ​ពេលខ្លះ​ជម្លោះ​របស់​ពួកគេ​ខុស​គ្នា ខណៈ​ដែល​បញ្ហា​ខ្លះ លុះត្រាតែ​មាន​ការសម្រេច​ពី​ថ្នាក់ជាតិ​ទើប​បាន​៕