កំពង់ស្ពឺៈ អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​របស់​លោក​ជា ហ៊ាន កាលពី​ថ្ងៃទី​ ២៥ សីហា បាន​ចុះ​ទប់ស្កាត់​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ជិត​ ១០០ ​នាក់​ទៅ​ចាប់​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ប្រមាណ​ជាង ២០០ ​ហិកតា​ នៅ​ភូមិ​ត្រពាំងធ្មៀ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ ACNCIPO ថ្លែង​កាលពី​ថ្ងៃទី​ ២៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១០០ ​នាក់​ តំណាង​ឲ្យ​ជាង​ ១០០ ​គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​អង្គការ​លោក​រារាំង​មិន​ឲ្យ​មាន​សកម្មភាព​កាប់​រុករាន​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដោយ​ខុសច្បាប់ ខណៈ​ពួកគាត់​បម្រុង​សាងសង់​រោង និង​ឈូសឆាយ​ដីព្រៃ ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ​ក៏ដូចជា​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។

លោក​បន្តថា ភ្លាមៗ​នោះ​ពួកគាត់​បាន​នាំគ្នា​តវ៉ា ខណៈ​ដែល​អាជ្ញាធរ​ចុះទៅ​ហាមឃាត់ ប៉ុន្ដែ​ក្រោយពី​មាន​ការសម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ ពួកគាត់​បាន​យល់ព្រម​ស្ដាប់​តាម​ការណែនាំ ហើយ​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​។ ក្នុង​នោះ​ពួកគាត់​ស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។

លោក​ ជា ហ៊ាន បញ្ជាក់​ថា​៖ «​យើង​បាន​ពន្យល់​ពួកគាត់ គឺ​ចុះ​ទប់ស្កាត់​ពី​គ្រប់​រូបភាព​ចំពោះ​ការរំលោភ​ទន្ទ្រាន​ដីព្រៃ​នេះ​។ បើ​មាន​ជន​ណា​នៅ​តែ​បន្ត​ការកាប់​រានទន្ទ្រាន​ឈូសឆាយ​ដើម្បី​រំលោភ​យក​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​យើង​នឹង​សហការ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌​កសាង​សំណុំ​រឿង​ទៅ​តុលាការ​គឺ​ចាត់ការ តាម​នីតិវិធី​ផ្លូវច្បាប់​តែម្ដង​»​។

អនុប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​លោក​ ហ៊ុល ម៉ារ៉ា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​ប្រជុំ​។

លោក​ ហុង វុទ្ធី អាយុ​ ៣៥ ​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំងធ្មៀ​ដែល​បាន​ទៅ​កាន់កាប់​ដី​នៅ​តំបន់​នោះ និយាយ​ថា ដី​ដែល​ពលរដ្ឋ​បាននាំគ្នា​ទៅកាន់​កាប់​នេះ​ត្រូវ​បាន​អ្នកភូមិ​អាស្រ័យផល​ចាប់​តាំង​ឆ្នាំ​ ២០១២​។ ប៉ុន្ដែ​មិនមាន​ប្លង់​កម្មសិទ្ធិ​ ឬ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ​។ ទោះ​យ៉ាងណា​លោក​យល់ព្រម​ចាកចេញ​ពី​ដី​នេះ ដោយ​មិន​នាំគ្នា​មក​រំលោភ​យក​បន្តទៀត​ទេ​។

លោក​ក៏បាន​ស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ពលរដ្ឋ និង​បុគ្គល​មានអំណាច ព្រោះ​លោក​មិន​ចង់ឃើញ​ការបង្ក្រាប​ដែល​មាន​ភាពលម្អៀង ពោល​គឺ​បង្ក្រាប​តែ​ពលរដ្ឋ​ស្លូតត្រង់​។ លោក​ធ្លាប់​ទទួល​ព័ត៌មាន​ពី​កន្លែង​ផ្សេង គឺ​ពលរដ្ឋ​ធម្មតា​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​។ ប៉ុន្ដែ​បុគ្គល​មាន​អំណាច និង​មាន​លុយ​បែរជា​អាជ្ញាធរ​បណ្ដោយ​ឲ្យ​គេ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទៅវិញ​។

ពលរដ្ឋ​រូប​នោះបាន​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​យល់ព្រម​មិន​ទៅ​កាន់​កាប់​ដី​ហ្នឹង​ទៀត​ទេ​ ប៉ុន្ដែ​ពួកខ្ញុំ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។ ព្រោះ​ខ្ញុំ​ខ្លាច​តែ​អាជ្ញាធរ​ដេញ​ពួកខ្ញុំ​ចេញ តែ​យក​ដី​ពី​ពួកខ្ញុំ​ទៅ​លក់​ឲ្យ​អ្នកផ្សេង​ដូចជា អ្នក​មាន​លុយ មាន​អំណាច​វិញ​។ បើ​មាន​រឿងនេះ​មែន ខ្ញុំ​នឹង​នាំគ្នា​មក​តវ៉ា​ហើយ​។ ខ្ញុំ​ជា​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដីធ្លី​ទេ ពួក​ខ្ញុំ​គ្រោង​សរសេរ​លិខិតស្នើ​សុំ​ដី​តំបន់​នេះ​ពី​អាជ្ញាធរ ដើម្បី​ប្រើប្រាស់​សម្រាប់​ជីវភាព​គ្រួសារ​»​។

មេឃុំ​តាសាល លោក​ ឌុល សុខុម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង​ ១០០ ​គ្រួសារ​នេះ​ពិតជា​បាន​នាំគ្នា​ទៅ​រំលោភ​យក​ព្រៃ​របស់​រដ្ឋ​មែន ដោយ​អាជ្ញាធរ​ធ្លាប់​បាន​ហាមឃាត់ និង​ផ្សព្វផ្សាយ​ជាច្រើន​លើក​ច្រើនសា​មកហើយ​។ ប៉ុន្ដែ​ពួកគាត់​មិន​ព្រមស្ដាប់​អាជ្ញាធរ​ទេ នៅ​តែ​នាំគ្នា​ទៅ​សាង​សង់រោង និង​ចាប់ដី​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។

លោក​បាន​បន្តថា កាលពី​សប្ដាហ៍​មុន​មាន​ប្រជាពលរដ្ឋ ៥​ ​គ្រួសារ​បានស្នើ និង​យក​ឯកសារ​ឲ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់​ដី ដែល​ពួកគាត់​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នេះ​។ ប៉ុន្ដែ​លោក​បាន​បដិសេធ ហើយ​ប្រាប់​ឲ្យ​ពួកគាត់​បញ្ឈប់​ទៅ​កាប់​ទន្ទ្រាន​លើដី​ព្រៃ​នោះ​បន្តទៀត ព្រោះ​ដី​តំបន់​នេះ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​គ្មាន​ជន​ណា​ប៉ះពាល់​បាន​ទេ​។

លោក​មេឃុំ​បាន​ថ្លែង​ថា​៖ «​ពលរដ្ឋ​គាត់​ឃើញ​ដី​តំបន់​ហ្នឹង​នៅ​ទំនេរៗ​ច្រើន​។ អ៊ីចឹង​គាត់​គិតថា អាច​នាំគ្នា​ទៅ​ចាប់យក​ដូច​ជំនាន់​ពីមុន​។ តែ​គ្មានទេ យើង​មិនអាច​ធ្វើតាម​សំណើ​គាត់​ដូច​កាលពី​មុន​ទេ ព្រោះ​ដី​នេះ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​។ អ៊ីចឹង​មិនអាច​នាំគ្នា​ទៅ​រំលោភបំពាន​បានទេ​។ ពលរដ្ឋ​យើង​ខ្លះ​ធ្លាប់​ទទួល​បាន​ដី​ដែល​អាជ្ញាធរ​កាត់​បែងចែក​ឲ្យ​ហើយ តែ​គាត់​យក​ទៅ​លក់​ឲ្យ​អ្នកផ្សេង ហើយ​គាត់​ទៅ​ដើរ​ចាប់ដី​នៅ​កន្លែង​ផ្សេងទៀត​»​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចុះ​ថ្ងៃទី​ ១៤ ខែ​ សីហា ឆ្នាំ​ ២០២០ បាន​ឲ្យ​ដឹងថា ការកាប់​ទន្ទ្រាន​ដីព្រៃ​នៅ​ទីតាំង​ខាងលើ​នេះ​គឺជា​អំពើ​ល្មើសច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​តាម​ព្រះរាជក្រម​ចុះ​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ឆ្នាំ​ ២០០៨​។

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បន្ត​ថា ជន​ទាំងឡាយណា​ដែល​ល្មើស​មាត្រា​ ៦២ ​នេះ​នឹង​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៤ (​ទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី ១៥ ​លាន​រៀល​ទៅ ១៥០ ​លាន​រៀល​។ ករណី​បុគ្គល​ប្រព្រឹត្តល្មើស​ជា​នីតិបុគ្គល​នោះ ទោសពិន័យ​ជា​ទឹកប្រាក់​ពី ១៥០ លាន​រៀល ដល់ ២៥០ ​លាន​រៀល​) និង​ត្រូវ​រឹបអូស​វត្ថុតាង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​៕