មណ្ឌលគិរីៈ ប្រជាសហគមន៍​ភូមិ​អណ្តូងក្រឡឹង​ក្នុង​ខេត្តមណ្ឌលគិរី​ជិត​ ២០០ ​នាក់​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​ការឈូសឆាយដី​របស់​សហគមន៍​ពី​សំណាក់​អ្នកមាន​អំណាច​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះ​ ថាំង រិទ្ធី និង​មាន​តួនាទី​ជា​មន្ត្រីប៉ូលិស ខណៈ​សកម្មភាព​នៃ​ការឈូសឆាយ​នៅតែ​បន្ត បើ​ទោះ​សហគមន៍ និង​អាជ្ញាធរ​ថ្នាក់ក្រោម​បាន​រារាំង​យ៉ាងណាក្តី​។

ដី​ដែល​ត្រូវបាន​ឈូសឆាយ​ហ៊ុមព័ទ្ធ​យក​គឺ​មាន​ទំហំ​ ៥១ ​ហិកតា​ ក្នុង​នោះ​ប៉ះពាល់​ដី​សហគមន៍​ចំនួន​ ១២ ​ហិកតា ខណៈ​ដី​ជិត​ ៤០ ​ហិកតា​ទៀត​ដែល​ពលរដ្ឋ​ស្គាល់​ថា ដី​គម្រប​ព្រៃ​នោះ​បែរជា​បុគ្គល​រូបនោះ​អះអាង​ថា រូបគេ​មាន​ច្បាប់​ត្រឹមត្រូវ ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​នោះ​ទៅវិញ​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​ប្រជាសហគមន៍​ភូមិ​អណ្តូងក្រឡឹង លោក​ សុខា ​ថុត​។

លោក​ សុខា ​ថុត ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា បុគ្គល​ដែល​បាន​ហ៊ុមព័ទ្ធ​ដី​ទាំង​ ៥១ ​ហិកតា​នេះ គឺ​ឈ្មោះ ថាំង រិទ្ធី ដែល​ត្រូវបាន​ស្គាល់​ថា ជា​មន្ត្រីប៉ូលិស មានអំណាច​ក្នុង​ខេត្ត​ចំនួន​ ៣ គឺ​ខេត្តមណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង​។

លោក​បន្តថា ដំបូង​ឡើយ​បុគ្គល​រូបនេះ និង​បក្ខពួក​បាន​ឈូសឆាយដី​ដោយ​ធ្វើការ​ហ៊ុមព័ទ្ធ​ព្រំ​លើ​ផ្ទៃដី​ប្រមាណ​ ៥១ ហិកតា ​នៅ​ឆ្នាំ​ ២០២០​។ ក្រោយពី​ឃើញ​សកម្មភាព​ទាំងនេះ សហគមន៍​ក៏បាន​ធ្វើការ​ហាមឃាត់​ និង​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ស្នើឱ្យ​ផ្អាក​សកម្មភាព​ឈូសឆាយ ដើម្បី​ស្វែងរក​ពី​ភាពត្រឹមត្រូវ​នៃ​ការកាន់កាប់​ដី និង​រំលោភ​លើដី​សហគមន៍​នេះ​។

លោក​បញ្ជាក់ថា​៖ «​គេ​ឈូសឆាយ​តាំងពី​ឆ្នាំ​ ២០២០ ហើយ​ក្រោយមក​កាលពី​ថ្ងៃទី​ ២៨ កុម្ភៈ ពួកខ្ញុំ​បាន​ចុះល្បាត​លើដី​នេះ ឃើញ​គេ​ចាប់ផ្តើម​ឈូសឆាយ​ឡើងវិញ​ណា​។ បន្ទាប់មក​ថ្ងៃទី​ ៤ មីនា ទៀត ពួកខ្ញុំ​ទៅ​ឃាត់ ហើយ​អត់​ឈប់​ទេ ហើយ​បាន​មេឃុំ​ថា ឱ្យ​ផ្អាក​សិន តែ​និយាយ​អ៊ីចឹង​គេ​អត់​ស្តាប់​ទេ​»​។

បើតាម​លោក​ ខា ថុត ដី​សហគមន៍​ភូមិ​អណ្តូងក្រឡឹង គឺ​មាន​ជាង​ ១ ០០០ ​ហិកតា ​ដោយ​មាន​ការទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការកំណត់​ព្រំ​សហគមន៍​ក្នុង​ឆ្នាំ​ ២០១៧ ខណៈ​ដែល​សហគមន៍​នេះ​មាន​សមាជិក​ជិត​ ២០០ ​គ្រួសារ និង​ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០០៧​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​លោក​ ថាំង រិទ្ធី ដែល​ត្រូវបាន​ប្រជាសហគមន៍​ចោទប្រកាន់ ដើម្បី​បកស្រាយ​ករណីនេះ​បាន​ទេ​ពី​ម្សិលមិញ​។

លោកស្រី​ ថ្វាន់ ត្រែល ​មេឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​ប្រាប់​ថា បន្ទាប់ពី​ការរាយការណ៍​ពី​ប្រជាសហគមន៍​អំពី​ការបន្ត​ការឈូសឆាយ​នេះ អាជ្ញាធរ​ក៏​ចុះ​ទៅ​ផ្អាក​សកម្មភាព​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

ក្នុងករណី​ដែល​បុគ្គល​នេះ​នៅតែ​បន្ត​ឈូសឆាយ លោកស្រី​ថា នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ចុះមក​ដោះស្រាយ​ជាបន្ទាន់​។ ប៉ុន្តែ​ក៏​មិនទាន់​មាន​ឯកសារ​ណា​ច្បាស់លាស់​បង្ហាញ​នោះដែរ ហើយ​លោកស្រី​ក៏​រង់ចាំ​ការចុះពិនិត្យ និង​ការវាស់វែង​ពី​សំណាក់​មន្ត្រី​ជំនាញ​ដូចគ្នា​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​នឹង​ស្នើទៅ ដើម្បី​ចុះមក​វាស់ និង​ត្រួតពិនិត្យ​ជាក់ស្តែង ដើម្បី​ឱ្យ​ដឹងថា ប៉ះ​ដី​របស់​សហគមន៍ ឬ​ដី​ដែន​ជម្រក​។ ខ្ញុំ​ក៏​មិនទាន់​ដឹង​ច្បាស់លាស់​ដែរ យើង​នឹង​ [​ដាក់​] ​លិខិត​ឆាប់ៗ​នេះ​»​។

ក្នុងនាម​អាជ្ញាធរ​ដែនដី លោកស្រី​ ថ្វាន់ ត្រែល អះអាង​ថា ការកាន់កាប់ និង​ឈូសឆាយ​លើដី​ទាំងនេះ​មិន​ទាន់​ច្បាស់លាស់​ថា បុគ្គល​នោះ​មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ឬ​យ៉ាងណា​នោះទេ ដោយ​គ្រាន់តែ​ដឹងថា បុគ្គល​រូបនោះ បាន​ធ្លាប់​ទិញ​ដី​ទាំងនេះ​ពី​អ្នកភូមិ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹង​ច្បាស់ដែរ រឿង​ដែល​បុគ្គល រិទ្ធិ មក​ឈូសឆាយ​តែមាន​ពលរដ្ឋ​យើង​បាន​លក់​ឱ្យគេ គឺ​អ្នកលក់​ហ្នឹង បងប្អូន​សហគមន៍​គាត់​ហ្នឹង​។ បើ​មិន​អ៊ីចឹង មិនមែន​គេ​ចេះតែ​យកៗ​ឯណា​។ ចំពោះ​ការទិញ​លក់​វិញ ខ្ញុំ​ក៏​មិនទាន់​ឃើញ​ឯកសារ​អ្វី​ច្បាស់​ដែរ​។ ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​អ្វី​ទេ រង់ចាំ​គេ​មក​ចុះ​ [​វាស់​] ​សិន ព្រោះ​ខ្ញុំ​ក៏​មិន​ដែល​បាន​ជួប​បុគ្គល​ឈ្មោះ​ [​ថាំង រិទ្ធី​] ​ហ្នឹង​ដែរ​»​។

លោក​ គ្រើង តុលា អ្នក​ប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការរំលោភបំពាន​នេះ​គឺជា​ករណី​មួយ​ដែល​អាង​អំណាច ព្រោះ​អាជ្ញាធរ​ថ្នាក់ក្រោម គ្មាន​អ្នកណាម្នាក់​ហ៊ាន​ចេញមុខ​ដោះស្រាយ ដើម្បី​ទាមទារ​ដី​ដែល​កំពុង​ឈូសឆាយ​នេះនោះ​ទេ​។ លោក​ថា​៖ «​នេះ​ជា​ការអាង​អំណាច ជា​ការអួតអាង​ដោយ​បំពាន​លើ​ច្បាប់​»​។

អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក​ ជាក់ ម៉េងហ៊ាង ប្រាប់​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត ជុំវិញ​ករណី​នេះ​​ទេ​។ ប៉ុន្តែ​លោក​អះអាង​ថា នឹង​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ក្នុង​ពេល​ខាងមុខ​៕