The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋជិត ៧០០ នាក់​ចូលរួម​បរិច្ចាគ​ឈាម នា​ទិវា​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​

ពលរដ្ឋជិត ៧០០ នាក់​ចូលរួម​បរិច្ចាគ​ឈាម នា​ទិវា​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៧០០ នាក់​ បាន​នាំគ្នា​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ នៅថ្ងៃ​ទី ១៤ ​កុម្ភៈ ​ដែលជាទិវានៃ​ក្តី​ស្រឡាញ់។ ស្រេង ម៉េងស្រ៊ុន

ពលរដ្ឋជិត ៧០០ នាក់​ចូលរួម​បរិច្ចាគ​ឈាម នា​ទិវា​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​

ភ្នំពេញៈ នៅថ្ងៃ​ទី ១៤ ​កុម្ភៈ ​ដែលជាទិវានៃ​ក្តី​ស្រឡាញ់កាលពីម្សិលមិញ​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៧០០ នាក់​ បាន​នាំគ្នា​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ ដែលតួលេខនេះត្រូវបាន​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម អះ​អាង​ថា ​មានការ​កើនឡើង​ជាង​​៣ដង​បើ​ធៀប​ទៅនឹង​ថ្ងៃ​ធម្មតា​​មាន​ត្រឹម​ចន្លោះ​ពី ១៥០ ​ទៅ ​២៥០ នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ថ្ងៃ។

លោក​​ ពៅ ម៉ុយថុង ​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ ថ្ងៃ​ព្រហស្បតិ៍ថា ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៧០០ នាក់ ​បាន​ចូល​រួម​ផ្ដល់​ឈាម ​នៅក្នុង​កម្មវិធី ​«ផ្ដល់​ឈាមដើម្បី​ក្ដី​ស្រឡាញ់»​ កាលពី​ម្សិលមិញ។

កម្មវិធីនេះ ​ត្រូវបាន​រៀបចំ​ឡើង​អស់​រយៈពេល​ ៤ ឆ្នាំ​មកហើយ ​ក្នុង​គោលបំណង​ជំរុញ ​និង​លើកទឹក​ចិត្ត​ដល់​យុវជន​ឲ្យ​​ចេះ​ស្រឡាញ់ ​និងចូលរួម​សង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវ​ការ​ឈាមដើម្បី​សង្គ្រោះ​ជីវិត។

លោកថ្លែងថា ​ជាទូទៅ​នៅថ្ងៃ​ធម្មតា ​អ្នកផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ​និង​អ្នកផ្ដល់​ឈាម​ជំនួស​សមាជិក​ក្រុម​គ្រួសារ​ និងសាច់​ញាតិ​ដែលមាន​ជំងឺ​ និង​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត ​បានមក​ផ្ដល់​ឈាម​នៅក្នុង​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​ មាន​ត្រឹមតែ​ ១៥០ នាក់​ទៅ ​២៥០ នាក់​ប៉ុណ្ណោះ​ក្នុង ​១ ថ្ងៃ។

លោក​និយាយថា​៖ «បច្ចុប្បន្ន​ ​យុវជន​កម្ពុជា​យើង​មានការ​យល់ដឹង​ និង​ចូលរួម​ផ្ដល់​ឈាម ​សម្រាប់​​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ។ ជាក់ស្ដែង​នៅថ្ងៃ​ ១៤ ​កុម្ភៈ ​ឆ្នាំនេះ ​ប្រជា​ពល​រដ្ឋ​យើង​គ្រប់​ស្រទាប់​វណ្ណៈ ​ប្រមាណ​ ៧០០ នាក់ ​បានមក​ចូលរួម​​ផ្ដល់​ឈាម​នៅក្នុង​កម្មវិធី​ផ្ដល់​ឈាម​ដើម្បី​សេចក្ដី​ស្រ​ឡាញ់​របស់​យើង»។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម​ ៧០០ នាក់ ​ដែលបាន​ផ្ដល់​ឈាម​ក្នុង​កម្មវិធីនេះ​ពី​ម្សិលមិញ ​អ្នកនាង​គុច ណារ៉េន​ និយាយថា​ ក្នុង​រយៈពេល​ ១០ ឆ្នាំ​កន្លង​មក​ ​អ្នកនាង​តែង​តែ​ទៅបរិច្ចាគ​ឈាម​ ២ ដង​ក្នុង ​១ ​ឆ្នាំ ​គឺ​នៅថ្ងៃ ១៤​ ខែ មិថុនា ​ដែលជា​ថ្ងៃ​ប្រារព្ធ​ទិវា​ពិភពលោក​ផ្ដល់​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ ម្ដង ​និង​នៅ​ក្នុង​ខែសីហា ​ដែល​ជា​ថ្ងៃ​ខួប​កំណើត​របស់​អ្នកនាង​ម្ដង។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ​អ្នកនាង​បានប្តូរ​ការផ្តល់​ឈាម​ពីថ្ងៃ​ខួប​កំណើត​​មក​ថ្ងៃ​ទី ១៤​ ខែកុម្ភៈ ​ដែលជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​វិញ។

អ្នកនាង ណារ៉េន ​ដែលមាន​គ្រាប់​​ឈាម​ប្រភេទ ​(B+) ​និយាយថា​៖ «ការផ្ដល់​ឈាម​មិនត្រឹមតែ​អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជួយ​ការពារ​សុខភាព​របស់​យើង​ផង​ដែរ។ ខ្ញុំ​គ្មាន​លុយ​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​ការ​ព្យាបាល​​អ្នក​ជំងឺ​ទេ ​ប៉ុន្តែ​ខ្ញុំ​អាចផ្ដល់​ឈាម​របស់​ខ្ញុំ​សម្រាប់​ជួយ​សង្គ្រោះ​ពួកគេ​ក្នុង​ជំហាន​បឋម​បាន»៕

អត្ថបទគួរចាប់អារម្មណ៍