The Phnom Penh Post Search

Search form

ពលរដ្ឋ​ដែល​មក​សុំ​អាំងប៉ាវ​ពី​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​បណ្ដេញ

Content image - Phnom Penh Post
ក្រុម​សន្តិសុខ​ក្នុង​ពេល​កំពុង​ដេញ​ពលរដ្ឋ​ដែល​មក​សុំ​អាំងប៉ាវ​ពី​ម្សិលមិញ​។ ហេង ជីវ័ន

ពលរដ្ឋ​ដែល​មក​សុំ​អាំងប៉ាវ​ពី​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​បណ្ដេញ

ភ្នំពេញៈ កងសន្តិសុខ​ខណ្ឌ​ដូនពេញ​កាលពី​ម្សិលមិញ​បាន​ដេញ​បំបែក​ហ្វូង​មនុស្ស​ក្មេង-ចាស់​ប្រុស-ស្រី​ប្រមាណ​ ៥០ ​នាក់​មកពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា ខណៈ​ដែល​ពួកគេ​មក​ជុំ​គ្នា​នៅ​សួនច្បារ​ជិត​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ចាំ​ទទួល​អាំង​ប៉ាវ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ពី​គ្រួសារ​លោក​តាមរយៈ​ការ​ឮ​តៗ​គ្នា​។

ក្រោយ​ពី​ការ​បណ្ដេញ​ដេញ​ដោយ​ក្រុម​សន្តិសុខ​ឲ្យ​ចេញ​ឆ្ងាយ​ពី​សួនច្បារ​ជិត​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ពួកគេ​បាន​មក​ប្រមូលផ្តុំ​គ្នា​ក្បែរ​ភោជនីយដ្ឋាន​ ១ ​ឈ្មោះ​ ង៉ន ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិគ្រឹះ​នោះ​។

ស្ត្រី​ម្នាក់​ឈ្មោះ សម ចាន់ ​អាយុ​ ៤៥ ​ឆ្នាំ​ដែល​អះអាង​ថា គាត់​ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ច្បារអំពៅ​ទី​ ១ ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​មក​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​គឺ​ក្នុង​បំណង​មក​ទទួល​យក​អាំងប៉ាវ​ពី​លោក ព្រោះ​អ្នកស្រី​ត្រូវ​បាន​មនុស្ស​ប្រុស​ម្នាក់​នៅ​ក្បែរ​ភូមិ​អ្នកស្រី​ប្រាប់​អ្នកភូមិ​ថា ជា​រៀងរាល់​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម គាត់​តែងតែ​មក​ទទួល​យក​អាំង​ប៉ាវ​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​។

អ្នកស្ត្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ហើយ​លក់ដូរ​នំ​ចំណី​បន្តិចបន្តួច​ឆ្នាំ​នេះ​រក​អ្វី​មិន​បាន​ទេ ហើយ​រាល់​ឆ្នាំ​ក៏​ខ្ញុំ​មិន​ធ្លាប់​មក​ទី​នេះ​ដែរ តែ​ឆ្នាំ​នេះ​ទើប​ខ្ញុំ​នឹកឃើញ​ថា​គេ​បាន​លុយ​ទើប​ពួក​ខ្ញុំ​មក​នឹង​គេ​ទៅ​។ ​គេ​ប្រាប់​ថា​លោកតា ហ៊ុន សែន បើក​អំណោយ​នៅ​ថ្ងៃ​សែន​ចិន​ហ្នឹង​ទើប​ពួក​ខ្ញុំ​មក​បង​អើយ​។ ខ្ញុំ​មក​នេះ​ព្រោះ​ឮ​សូរ​គេ​ប្រាប់​ថា គេ​ធ្លាប់​បាន​ម្នាក់​ ៥ ​ម៉ឺន​រៀល​។ គេ​ថា​ឆ្នាំ​មុន​ម្នាក់ៗ​បាន​សុទ្ធ​តែ​ក្រដាស​ ៥ ​ម៉ឺន​រៀល​តែ​ម្តង​»​។

អ្នកស្រី សំ ចាន់ បន្ត​ថា​ពួកគាត់​បាន​នាំ​គ្នា​ជួល​រ៉ឺម៉ក​កង់​បី​ដែល​មាន​គ្នា​ ១០ ​នាក់​ជិះ​មក​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំងពី​ព្រឹក​ដោយ​ចំណាយ​ក្នុង​ម្នាក់​ ២ ​ពាន់​រៀល ប៉ុន្តែ​ពេល​មក​ដល់​មិន​ទាន់​ទាំង​បាន​ឈរ​ស្រួលបួល​ផង​ក៏​ត្រូវ​កម្លាំង​សន្តិសុខ​ដេញ​តែ​ម្តង​។

ស្ត្រី​ម្នាក់​ទៀត​ដែល​មិន​ប្រាប់​ឈ្មោះ និង​អះអាង​ថា​មកពី​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ដែរ​នោះ​បាន​ប្រាប់​ថា​៖ «​ពួកខ្ញុំ​មាន​បញ្ហា​ជីវភាព​ក្រីក្រ ដូច្នេះ​ពេលឮ​គេ​ប្រាប់​ក៏​មក​ក្រែង​បាន​លុយ ប៉ុន្តែ​ត្រូវ​កងសន្តិសុខ​ដេញ​មិន​ឲ្យ​ឈរ​ប្រមូល​ម្តុំ​គ្នា​ហើយ​គេ​ថា បើ​មិន​ស្តាប់​គេ​នឹង​ចាប់​ដាក់​ឡាន​»​។

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​ ពៅ ហួត ​ចៅសង្កាត់​ច្បារ​អំពៅ​ទី​ ១ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ករណី​នេះ​គឺ​មាន​មែន តែ​មិនមែន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​របស់​លោក​ទេ តែ​ជា​អ្នក​រស់នៅ​សង្កាត់​ច្បារអំពៅ​ទី​ ២ ហើយ​ពួកគាត់​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​បាន​សួរ​ពួកគាត់ ហើយ​ប្រាប់​ខ្ញុំ​ថា​នៅ​ថ្ងៃ​ទី​ ១៥ កុម្ភៈ ពួកគាត់​ទៅ​ផ្ទះ​សម្តេច​ ហ៊ុន សែន បាន​អំណោយ ព្រោះ​សម្តេច​ចែក​ជូន​អ្នកក្រ​។ ​តែ​ដល់​ពេល​ពួកគាត់​ទៅ​ដល់​វា​អត់​មាន​គោលការណ៍​ហ្នឹង​។ ​ក្រោយមក​លោក​អភិបាលខណ្ឌ​ដឹង​ក៏​ឲ្យ​មន្ត្រី​យក​ពួកគាត់​មក​សាលាខណ្ឌ​វិញ​»​។

លោក សំ ផុន ចៅសង្កាត់​ច្បារអំពៅ​ទី​ ២ ​ប្រាប់​ថា បញ្ហា​នេះ​ដំបូង​លោក​មិន​បាន​ដឹង​ទេ ប៉ុន្តែ​ក្រោយ​មក​បាន​ដឹង​ថា​ខាង​សាលាខណ្ឌ​ច្បារអំពៅ យក​មនុស្ស​ពីរ​បី​នាក់​មក​ដាក់​នៅ​សាលា​ខណ្ឌ បន្ទាប់មក​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន អ្នក​ណា​នៅ​សង្កាត់​ណា ទៅ​សង្កាត់​នោះ​វិញ​ទៅ​។

លោក​ថា​៖ «​ខ្ញុំ​ដឹង​បាន​តែ​ប៉ុណ្ណឹង​ព្រោះ​ខ្ញុំ​រវល់​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ហើយ​ពួកគាត់​ដើរ​សេរី​ជា​សិទ្ធិ​របស់​ពួកគាត់​»​។

ជុំវិញ​បញ្ហា​នេះ​លោក ហួត ហ៊ុយ ​នាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារ​អំពៅ​ប្រាប់​ថា​៖ «​ខ្ញុំ​ឮ​តែ​តាម​ព័ត៌មាន​គេ​ប្រាប់​ខ្ញុំ​អ៊ីចឹង​ដែរ ប៉ុន្តែ​បន្ទាប់​មក​ពួកគាត់​បាន​ទៅ​សាលា​ខណ្ឌ​ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​។ ពួកគាត់​នៅ​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​ ២ ​មែន តែ​ពួកគាត់​រស់នៅ​មិន​រៀបរយ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍